ចំនួន​ក្រុមហ៊ុនអាកាសចរណ៍ជាតិ ​អន្តរជាតិ​កើន​ឡើង​ដល់​ចំនួន៣៤​ដែល​កំពុង​តភ្ជាប់​​ផ្លូវ​អាកាស​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” “ផ្នែកទេស​ចរណ៍” តំណាងផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រោមអធិបតីភាព លោ​កហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” តំណាងផ្នែករដ្ឋាភិបាល។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមការងារ “ខ” ផ្នែកឯកជន, តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល តំណាងក្រុមហ៊ុនអាកាសចរណ៍ឯកជន  តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា តំណាងគ្រឹះស្ថាន សមាគមឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សាគ្នាលើសំណូ​មពរពាក់ព័ន្ធ នឹងការស្នើសុំបង្កើតក្រុមការងារពិសេសថ្នាក់ជាតិ ស្តារ អាកាសចរណ៍ និងទេសចរណ៍កម្រិតខ្ពស់ ដែលសំណូមពរនេះត្រូវបានស្នើសុំតាមរយៈកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” កា​ល​ពីពេលកន្លងទៅថ្មិៗនេះ និងសំណូមពរមួយចំនួនទៀតរបស់វិស័យឯកជន។

ការស្នើសុំរបស់ក្រុមការងារផ្នែកឯកជន ក្នុងការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិនេះ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ពង្រឹងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងកសាងអនាគតទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន៣៤ ក្រុមហ៊ុនដែលកំពង់ធ្វើប្រតិបត្តិការហោះហើរនៅកម្ពុជា។

នៅក្នុងចន្លោះឆ្នាំ២០២៤ -២០២៥ ចំនួនអ្នកហោះហើរមានការកើនឡើងចំនួន១២​% ខណៈជើងហោះហើរក៏មានការកើនឡើងចំនួន ១១% និងការដឹកជញ្ជូនតាមផ្លូវអាកាស មានការកើនឡើងចំនួន ២១%៕


ចែករំលែក