ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំជំនួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពីគម្រោងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពផ្លូវដែកនៅកម្ពុជា។
ជំនួបពិភាក្សានេះមានគោលបំណងពិភាក្សា និងពិនិត្យលើលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដល់ផែនការអាទិភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសុវត្ថិភាពផ្លូវដែក ព្រមទាំងកំណត់វិសាលភាព និងចំណុចអាទិភាពសម្រាប់ការរៀបចំ និងអនុវត្តគម្រោងមួយនេះប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះ លោកជំទាវប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។
ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការរៀបចំគម្រោងជំនួយបច្ចេកទេសនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុវត្ថិភាពផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕







