ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសារគន្លឹះ ក្នុងសិក្ខាសាលាស្តីពីការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី “រួមគ្នាបង្កើត” សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិនិងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ១៥០នាក់ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុននិងដៃគូសហការ រវាងប្រទេសជប៉ុននិងកម្ពុជា ជាពិសេសពាក់ព័ន្ធ ទៅនឹងវិស័យលំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅ ក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថានធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងវិស័យលំហអាកាសជាតិនិងអន្តរជាតិ។
លោកជា វ៉ានដេតបានបន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)បាននិងកំពុងរៀបចំគោលនយោបាយជាតិ ស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងវិស័យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញសេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មីៗ។
បន្ថែមពីនេះ ក.ប.ទ. ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជាចំនួន៤៨នាក់ ទៅសិក្សានៅក្រៅប្រទេសលើជំនាញលំហអាកាសផងដែរ៕






