ក្រុមហ៊ុន​កូរ៉េ​ធំ​មួយ​គ្រោង​ស្វែង​រក​កិច្ចសហការ​ជាមួយ​ស្ថាប័នរដ្ឋ ​និង​ឯកជន​កម្ពុជា​លើ​ការ​វិនិយោគ​លើ​ផលិត​ផល​ថ្ម​សម្រាប់​ដ្រូន​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ ថ្នាក់ដឹកនាំនៃ​​ក្រុមហ៊ុន NEO Battery materials Ltd. បានបង្ហើបឱ្យ​ដឹងថា ​ខ្លួន​កំពុង​មាន​​បំណង​​ធ្វើ​ទស្សនកិច្ច​នៅប្រទេសកម្ពុជា ​ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនកម្ពុជា​លើ​ការ​​វិនិយោគ​លើ​ផលិតផល​ថ្ម​សម្រាប់​ដ្រូន។

​លោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. ក្នុង​ពេល​ជួប​ពិភាក្សាការងារ​ជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៦។​

ក្នុង​ជំនួប​នេះ លោក Park Janghwan បានលើកឡើង​ថា រូប​លោកផ្ទាល់​ គឺ​ជាអ្នកបង្កើតផែនការសាកល្បង លើប្រតិបត្តិការដ្រូនដំបូង​គេបង្អស់នៅប្រទេសកូរ៉េ។ បច្ចុប្បន្ន​រូប​លោក​ផ្ទាល់​​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ក្នុង​ការ​ដឹកនាំគណៈប្រតិភូ​របស់​ខ្លួន​ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។

ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិត​ថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ។

ជាការ​ឆ្លើយតប លោក ឃួន ផុនរតនៈ បាន​បង្ហាញ​​ការ​ស្វាគមន៍​ចំពោះបំណងរបស់​ថ្នាក់​ដឹកនាំក្រុមហ៊ុន NEO Battery materials Ltd. ដែល​ចង់មក​មើល​ដោយ​ផ្ទាល់​ពី​សក្តានុពល​ទីផ្សារ និង​តម្រូវ​ការ​ប្រើ​ប្រាស់​ដ្រូន​នៅ​កម្ពុជា។ បន្ថែម​ពី​លើ​នេះ លោក​ក៏​ក្តីរីករាយ​ក្នុង​ការ​បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុនNEO ផងដែរ។

លោក​ថ្លែង​ថា “ខ្ញុំ​សូម​ស្វាគមន៍ចំពោះបំណង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO ជាមួយ​នឹង​ស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាបច្ចុប្បន្ន​នេះ​កម្ពុជា កំពុងត្រូវការដ្រូនសម្រាប់ប្រើប្រាស់លើវិស័យជាច្រើន”។

យោងតាមទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែមករា ដល់ខែ​សីហា ឆ្នាំ២០២៦ ការ​ផ្លាស់ប្តូរទំនិញ​រវាង​កម្ពុជា-កូរ៉េ មាន​ទឹក​ប្រាក់​សរុប ៨៥៨,៩៧ លាន​ដុល្លារ កើនឡើង៤៥,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥ ក្នុង​នោះ​ការនាំ​ទំនិញ​ពី​កម្ពុជា ​ទៅ​ប្រទេស​កូរ៉េ​ មាន​ទឹកប្រាក់ ២៩៣,៣៩​លាន​ដុល្លារ កើនឡើង​៤១,១% និង​ទំនិញ​កូរ៉េ​នាំមក​វិញ ៥៦៥,៥៧​លាន​ដុល្លារ កើនឡើង៤៨,២%​។

បច្ចុប្បន្ន​ក្រៅ​ពី​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀង​RCEP ដែល​រដ្ឋាភិបាល​នៃ​ប្រទេសទាំង ២ បាន​ចុះហត្ថលេខា និង​ចូល​ជាធរមាន​នា​ពេល​កន្លង​មក វិស័យឯកជន​នៃ​ប្រទេស​ទាំង២ ក៏​បាន​​ចុះអនុស្សរណៈនៃការយោគយល់គ្នា​ កាល​ពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦៕


ចែករំលែក