រដ្ឋាភិបាល​ព្រាង​អនុក្រិត​ចំនួន២​ទាក់ទង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងអនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម។

កិច្ចប្រជុំនេះមានការចូលរួមពី លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម លោកហែម វ៉ាន់ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មជាដើម។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួនពីរ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងទីមួយគឺ  “អនុក្រឹត្យ ស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម” ដែលកំណត់បែបបទ និងនីតិវិធីនៃការគ្រប់គ្រងរដ្ឋបាលជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ចាប់ពីការចាប់ផ្តើម ការធ្វើប្រតិបត្តិការ រហូតដល់ការបិទជីវកម្ម។ សេចក្តីព្រាងទីពីរគឺ “អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម” ដែលមានគោលដៅផ្តល់ការគាំទ្រ និងជំរុញវិស័យនេះ។

អនុក្រឹត្យទាំងពីរនេះមានគោលដៅរួម ដើម្បីផ្តល់ស្ថិរភាពផ្លូវច្បាប់ និងសម្រួលដល់ការធ្វើអាជីវកម្មឱ្យបានជាអតិបរមា សំដៅចូលរួមជំរុញការអភិវឌ្ឍ ស.ត.ម. ឱ្យក្លាយជាមូលដ្ឋានគ្រឹះរឹងមាំនៃសេដ្ឋកិច្ចជាតិ។

ការអនុម័តអនុក្រឹត្យទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសធុរកិច្ចអំណោយផល បង្កើនសមត្ថភាពប្រកួតប្រជែង និងធានានូវនិរន្តរភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះជាជំហានដ៏សំខាន់មួយ ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕


ចែករំលែក