មន្រ្តី​ជំនាញ​បង្ហាញ​ពី​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារកម្ម​កម្ពុជា ​និង​យុទ្ធសាស្ត្រ​ប្រើ​ប្រាស់​ពាណិជ្ជកម្ម​ឆ្លង​ដែន​

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពីការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មកម្ពុជា និងយុទ្ធសាស្ត្រប្រើប្រា​ស់ពាណិជ្ជកម្មឆ្លងដែន។

កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ដោយមានការអញ្ជើញចូលរួម ពីតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងតំណាងក្រុមហ៊ុន ព្រមទាំងធុរកិច្ចជនកូរ៉េជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹងជាក់ស្តែងអំពីប្រព័ន្ធភស្តុភារកម្ម និងយន្តការសម្រួលពាណិជ្ជកម្មនៅកម្ពុជា ជូនដល់ក្រុមហ៊ុនកូរ៉េ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ជាលទ្ធផល សិក្ខាសាលានេះ ទទួលបានការចូលរួមផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបទពិសោធន៍ល្អៗរវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកឱកាសពង្រឹងការតភ្ជាប់ ភស្តុភារកម្មក្នុងតំបន់ និងជំរុញការប្រើប្រាស់សក្តានុពលពាណិជ្ជកម្មឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕


ចែករំលែក