ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនយក្ស Google គ្រោងបណ្តាក់ទុនវិនិយោគចំនួន ១៥ ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៨ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (data centres) ថាមពលស្អាត ការពង្រឹងសន្តិសុខទឹក និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិក។
ក្រុមហ៊ុន Google មានគម្រោងសាងសង់ទីតាំងប្រតិបត្តិការថ្មីៗនៅក្នុងរដ្ឋ Selangor និងរដ្ឋ Negeri Sembilan បន្ថែមពីលើទីតាំងដំបូងរបស់ខ្លួននៅតំបន់ Elmina Business Park ក្នុងរដ្ឋ Selangor ដែលកំពុងដំណើរការរួចហើយនោះ។
លោកស្រី Ruth Porat ប្រធាន និងជានាយកផ្នែកវិនិយោគនៃក្រុមហ៊ុន Alphabet និង Google បានមានប្រសាសន៍ថា៖ «ការវិនិយោគនេះស្របទៅនឹងអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវសមត្ថភាពកុំព្យូទ័រជាមូលដ្ឋានគ្រឹះ ដើម្បីនាំមកនូវអត្ថប្រយោជន៍ពីនវានុវត្តន៍ថ្មីៗនៅទូទាំងប្រទេស»។
ក្រុមហ៊ុន Google បានឱ្យដឹងថា ដំណាក់កាលសាងសង់ទីតាំងទាំងនេះត្រូវបានរំពឹងថានឹងរួមចំណែកចាក់បញ្ចូលទឹកប្រាក់ជាមធ្យម ១,១ ពាន់លានដុល្លារក្នុងមួយឆ្នាំដល់ផលទុនជាតិសរុប (GDP) របស់ប្រទេសម៉ាឡេស៊ី និងជួយបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុកជាង ៣៧.០០០ កន្លែងក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Google ក៏មានគម្រោងបន្ថែមសមត្ថភាពថាមពលស្អាតជាង ១ ជីហ្គាវ៉ាត់ (gigawatt) ទៅក្នុងបណ្តាញអគ្គិសនីជាតិរបស់ប្រទេសម៉ាឡេស៊ីផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ថា៖ «Google នឹងចំណាយលើថ្លៃអគ្គិសនី ១០០% ដែលប្រើប្រាស់ដោយមជ្ឈមណ្ឌលទិន្នន័យ (data centre) របស់ខ្លួន ព្រមទាំងចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ដែលចាំបាច់សម្រាប់ការតភ្ជាប់មជ្ឈមណ្ឌលទាំងនោះទៅនឹងបណ្តាញអគ្គិសនី ដោយអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុកទាំងអស់ដែលពាក់ព័ន្ធ»៕







