ដោយៈ ចំណាន
ភ្នំពេញៈ ការតភ្ជាប់ស្ពានពីកោះដាក់ មកកាន់ផ្លូវ៦អា ហើយភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ ជាក្តីស្រម៉ៃមួយរបស់ប្រជាពលរដ្ឋនៅសង្កាត់កោះដាច់ កោះឧកញ៉ាតីជាដើម។
ប៉ុន្តែគម្រោងនេះស្ថិតនៅក្នុងផែនការនៅឡើយ ទោះបីជាក្រុមហ៊ុនសំណង់សៀងហៃ បានបង្ហាញពីគំរោងសាងសង់ស្ពានសំខាន់ៗចំនួន៣ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ប៉ែកខាងកើត ឲ្យបានគ្រប់រង្វង់ជុំកាលពីប៉ុន្មានឆ្នាំមុនរួចក៏ដោយ។
យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន សំណង់សៀងហៃបានឲ្យដឹងថា គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣។
ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។
បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីលោកលឹម ស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។
គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូនអ្នកជំនាញ បច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម។

អ្នកវិភាគអចលនទ្រព្យឯករាជ្យ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាមួយលឿន ឬយឺត អាស្រ័យលើកញ្ចប់ថវិការបស់ដៃគូអភិវឌ្ឍន៍ ហើយក៏វាស្ថិតនៅក្នុងផែនការអាទិភាពឬមិនទាន់អាទិភាពរបស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា “ផ្លូវក្រវ៉ាត់ក្រុងទី៣ប៉ែកខាងកើត ពិតជាមានសារៈសំខាន់ ក្នុងការសម្រួលចរាចរណ៍ផង ផ្សារភ្ជាប់ជាមួយភាពប្រទាក់ក្រឡាជាមួយបណ្តាញផ្លូវដទៃផង និងលើកកំពស់សេដ្ឋកិច្ចតំបន់ផងដែរ”។
លោកយិន លាងគង់បានបន្តថា ប្រសិនជាត្រូវសាងសង់ ផ្លូវនេះនឹងផ្តល់ផលចំណេញច្រើនដល់អ្នកអភិវឌ្ឈន៍អចលនទ្រព្យនៅប៉ែកខាងកើតរាជធានី ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ល្វាឯម សង្កាត់មួយចំនួនដូចជាសង្កាត់កោះដាច់ កោះឧកញ៉ាតី ទីក្រុងអរិយក្សត្រ និងតំបន់ជុំវិញកាន់តែមានសកម្មភាពរសរវើកថែមទៀត៕







