កត្តាសំខាន់ៗដែល​ជំរុញ​ឲ្យ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​កំណើន​នៃ​ការមកដល់​របស់​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​មើលឃើញថា កត្តាសំខាន់ៗចំនួន​បួន​បានធ្វើ​ឲ្យ​ចិន​មក​វិនិយោគ​ច្រើន​នៅ​កម្ពុជា។

ប្រធានស្តីទី​សមាគម​អ្នក​សាងសង់​កម្ពុជា លោក​ឆា​រស៍ វ៉ាន់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា មូល​ហេតុដែល​អ្នកវិនិយោគ​ចិន មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន ដោយសារ​កត្តាសំខាន់ៗមួយចំនួន​ដួច​ជា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋា ភិ​បាល​ប្រទេស​ទាំងពីរ កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេចបាន​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ការបញ្ចេញ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ចិន វិនិយោគ​នៅ​ខាងក្រៅ​ប្រទេស ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​របស់ខ្លួន និង​កត្តា​ផ្លូវច្បាប់ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ។

លោក​បន្តថា កំនើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​កម្ពុជា​ជាទី​ផ្សារ​មាន​ភាព​ទាក់ទាញ ហើយ​អ្នកវិនិយោគ​ចិន​បាន​ផ្តោត​ទីផ្សារ​របស់​ពួកគេ​ភាគច្រើន​នៅ​ប្រទេស​ចិន និង​អតិថិជន​ចម្រុះ​ដែល​ជាវ​អចលន ទ្រព្យ​របស់​ពួកគេ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំ ណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល៧ខែ​ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជាង៥ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកនាង Carrie Sun ប្រធាន​ផ្នែក​អចលនទ្រព្យ​ភាសា​ចិន​នៃ​គេហទំព័រ Realestate.com.kh បាន​ថ្លែងថា ចិន​វិនិយោគ​នៅ​កម្ពុ​ជាច្រើន ដោយសារ​ទីផ្សារ​នេះ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ឳ​កាស​ចំណេញ​ច្រើន​ដល់​អ្នកវិនិយោគ។ គំរោង​វិនិយោគ​របស់​ចិន និង​ក្រុមហ៊ុន​វិនិយោគ និង​សាងសង់​សំណង់​នៅ​កម្ពុ​ជាមាន​ជាង២០០ក្រុមហ៊ុន ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា។

អ្នកនាង​បន្តថា ទីផ្សារ​កម្ពុជា​ជាទី​ផ្សារ​មាន​សក្តានុពល និង​កំពុងមាន​ភាព ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​នានា។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​រកឃើញថា កម្ពុជា​ទទួល​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី អន្តរជាតិ​ចំនួន​ជាង២,៦ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន និង​រំពឹង​កើនឡើង​ច្រើនជាង២,៦ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ ២០១៧នេះ។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា ការបង្ហាញ​វត្តមាន​របស់​អ្នកវិនិយោគ​ចិន​ជា​រឿង​អបអរសាទរ ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ហើយ​ការ​មក​វិនិយោគ​កាន់តែច្រើន​កាន់តែ​ល្អ។ លោក​បន្តថា ការវិនិយោគ​របស់​ចិន​កាន់តែច្រើន​កាន់តែ​ល្អ បើ​លើ​វិស័យ​ខុន​ដូ​វិញ ពួកគេ​សាងសង់៥០ទៅ១០០អាគារ​ទៀត​ក៏បាន ព្រោះ​ពួកគេ​សាងសង់​នៅលើ​ដី​ខ្មែរ ពួកគេ​មិន​លើក​ទៅណា​ទេ គឺ​អាគារ​នៅ​លើដី​ខ្មែរ ដី​ចិន​ទិញ​ក៏​នៅ​លើដី​ខ្មែរ ពួកគេ​មិនអាច​លើក​ទៅណា​បាន​នោះទេ។

លោក​បន្តថា “យើង​ស្វាគមន៍​ការវិនិយោគ ព្រោះ​ការវិនិយោគ​កាន់តែច្រើន នឹង​ជួយ​បង្កើន​នូវ​កំនើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​លោក​អ៊ិន ចាន់នី​បាន​ថ្លែងថា អ្នកវិនិយោគ​អន្តរជាតិ​មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​សម្លឹងមើល​កត្តាសំខាន់ៗមួយចំនួន​ដូចជា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​រយៈពេល​វែង កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​ប្រទេស​ណាមួយ​នោះ និង​ប្រ​ព័​ន្ឋ​ច្បាប់​របស់​ប្រទេស​នោះ​ថា​មានការ​លើកទឹកចិត្ត និង​មានការ​ការពារ​ដល់​អ្ន​ក​វិនិយោគ​ឬ​អត់។

លោក​បន្តថា “កម្ពុ​ជាមាន​កត្តាសំខាន់ៗខាងលើនេះ ទើប​ធ្វើ​ឲ្យ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​កើនឡើង ហើយ​កម្ពុជា​បានក្លាយ​ជា​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here