ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាននិងកំពុងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ (Ecotourism Hubs) សម្រាប់ គម្រោង“និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ទេសភាពទន្លេសាប។

-->
កិច្ចប្រជុំស្តីពីការជ្រើសរើស មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ (Ecotourism Hubs) នេះដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ដឹកនាំដោយ លោកទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញអំពីរបកគហើញនៃការសិក្សាស្រាវជ្រាវ និងពិភាក្សាលើការកំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិសម្រាប់ “គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ជាមួយកម្មវត្ថុចំនួន៣ ទី១ បង្ហាញពីដំណើរការ លទ្ធផល និងរបកគំហើញនៃការសិក្សាស្រាវជ្រាវវាយតម្លៃ ទី២ ពិភាក្សាកំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង និងទី៣ ផ្តល់ និងពិភាក្សាអំពីធាតុចូលស្តីពីគម្រោងអភិវឌ្ឍន៍ផ្លូវលំ សម្រាប់គាំទ្រដល់មណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង។
អង្គប្រជុំផ្តោតសំខាន់ទៅលើការពិភាក្សា កំណត់ និងជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់គោលដៅគម្រោង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន១០ គឺ ៖ (១)តំបន់ដែលអាចទៅដល់ Accessibility (២)តំបន់ដែលមានការទាក់ទាញ Attractiveness (៣)ការប្រើប្រាស់ដីធ្លី Land use / Tenure (៤)តំបន់ដែលងាយរងផលប៉ះពាល់ Sensitivity of Location (៥)តំបន់ដែលអាចទទួលបានសេវា Access to services (៦)តំបន់ទេសចរណ៍ដែលមានស្រាប់ Existing Ecotourism / CBT / CBET sites (៧) សង្គម-សេដ្ឋកិច្ច Socio-economic (៨) តំបន់ដែលមានតម្រូវការទីផ្សារ Market demand (៩)តំបន់ជីវៈចម្រុះ និង(១០)តំបន់ដែលផ្តល់នូវនានាភាពនៃអេកូទេសចរណ៍ Diversity of ecotourism offering ។ យោងតាមលក្ខណៈវិនិច្ឆ័យទាំង១០នេះ អង្គប្រជុំបានពិភាក្សានិងផ្តល់យោបល់ កែលម្អទៅលើលទ្ធផលសិក្សា រួមទាំងការជ្រើសរើសមណ្ឌលផ្តុំទេសចរណ៍ធម្មជាតិ សម្រាប់គម្រោង។
ក្រសួងបរិស្ថានបានសម្រេចដាក់តំបន់ជួរភ្នំក្រវាញ និងតំបន់ជុំវិញបឹងទន្លេសាបជាតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ ដើម្បីពង្រឹងការការពារធនធានធម្មជាតិ និងជំរុញដល់កំណើនទេសចរ ដែលមានខេត្តគោលដៅចំនួន៧រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងខេត្តសៀមរាប ត្រូវបានដាក់ឲ្យអនុវត្តគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ក្រោមកិច្ចគាំទ្រផ្តល់កម្ចីឥណទានសម្បទានពីធនាគារពិភពលោក ក្នុងទឹកប្រាក់ប្រមាណ៥៥លានដុល្លារអាមេរិក ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ដែលជំរុញឲ្យវិស័យទេសចរណ៍ និងសង្វាក់តម្លៃនៃអនុផលព្រៃឈើនៅក្នុងតំបន់ទាំងនេះ។
គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅឆមាសទី២ឆ្នាំ២០១៩នេះ តាមរយៈការពង្រឹងសមត្ថភាពសម្រាប់ធ្វើផែនការ និងគ្រប់គ្រងតំបន់ទេសភាពនិងការពារធម្មជាតិ ពង្រឹងឱកាសទេសចរណ៍ធម្មជាតិ និងសង្វាក់អនុផលព្រៃឈើ បង្កើនលទ្ធភាពនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពិនិត្យតាមដាននិងវាយតម្លៃ ការឆ្លើយតបគ្រោះអាសន្នជាដើមនេះ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។

គម្រោងនេះ នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលរួមពីសហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងឯកសារលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផែនការ និងការអនុវត្តគម្រោង ដែលធានាបាននូវប្រសិទ្ធិភាព និងប្រសិទ្ធផល៕
