រដ្ឋាភិបាល​កំពុង​ជ្រើសរើស​តំបន់​ចំនួន​ពីរ​ដើម្បី​ធ្វើជា​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​

0

ដោយ​ វុត្ថា

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​និង​កំពុង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ (Ecotourism​ Hubs​) សម្រាប់​ គម្រោង​“និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​” នៅក្នុង​តំបន់​ជួរភ្នំ​ក្រវាញ​ និង​តំបន់​ទេសភាព​ទន្លេសាប​។

កិច្ចប្រជុំ​ស្តី​ពី​ការ​ជ្រើសរើស​ មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ (Ecotourism​ Hubs​) នេះ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដឹកនាំ​ដោយ​ លោក​ទិន​ ពន្លក​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​បង្ហាញ​អំពី​របក​គហើ​ញនៃ​ការសិក្សា​ស្រាវជ្រាវ​ និង​ពិភាក្សា​លើ​ការកំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​សម្រាប់​ “គម្រោង​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​” ជាមួយ​កម្មវត្ថុ​ចំនួន៣​ ទី១​ បង្ហាញ​ពី​ដំណើរការ​ លទ្ធផល​ និង​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ ទី២​ ពិភាក្សា​កំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​ និង​ទី៣​ ផ្តល់​ និង​ពិភាក្សា​អំពី​ធាតុ​ចូល​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវលំ​ សម្រាប់​គាំទ្រ​ដល់​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​។

អង្គប្រជុំ​ផ្តោត​សំខាន់​ទៅលើ​ការពិភាក្សា​ កំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​ ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន១០​ គឺ​ ៖ (១)តំបន់​ដែល​អាច​ទៅដល់​ Accessibility​ (២)តំបន់​ដែល​មានការ​ទាក់ទាញ​ Attractiveness​ (៣)ការប្រើ​ប្រាស់​ដីធ្លី​ Land​ use​ / Tenure​ (៤)តំបន់​ដែល​ងាយ​រង​ផល​ប៉ះពាល់​ Sensitivity​ of​ Location​ (៥)តំបន់​ដែល​អាច​ទទួល​បាន​សេវា​ Access​ to​ services​ (៦)តំបន់​ទេសចរណ៍​ដែល​មានស្រាប់​ Existing​ Ecotourism​ / CBT​ / CBET​ sites​ (៧) សង្គម​-សេដ្ឋកិច្ច​ Socio​-economic​ (៨) តំបន់​ដែល​មាន​តម្រូវការ​ទីផ្សារ​ Market​ demand​ (៩)តំបន់ជីវៈ​ចម្រុះ​ និង​(១០​)តំបន់​ដែល​ផ្តល់​នូវ​នានាភាព​នៃ​អេកូ​ទេសចរណ៍​ Diversity​ of​ ecotourism​ offering​ ។ យោង​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង១០នេះ​ អង្គប្រជុំ​បាន​ពិភាក្សា​និង​ផ្តល់​យោបល់​ កែ​លម្អ​ទៅលើ​លទ្ធផល​សិក្សា​ រួម​ទាំង​ការ​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ សម្រាប់​គម្រោង​។

ក្រសួងបរិស្ថាន​បានសម្រេច​ដាក់​តំបន់​ជួរភ្នំ​ក្រវាញ​ និង​តំបន់​ជុំវិញ​បឹងទន្លេសាប​ជា​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​ ដើម្បី​ពង្រឹង​ការ​ការពារ​ធនធាន​ធម្មជាតិ​ និង​ជំរុញ​ដល់​កំណើន​ទេសចរ​ ដែល​មាន​ខេត្ត​គោលដៅ​ចំនួន៧រួមមាន​ ខេត្ត​កំពង់ស្ពឺ​ កោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ធំ​ និង​ខេត្តសៀមរាប​ ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​គម្រោង​«និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ក្រោម​កិច្ច​គាំទ្រ​ផ្តល់​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ ក្នុងទឹក​ប្រាក់​ប្រមាណ៥៥លាន​ដុល្លារ​អាមេរិក​ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ដែល​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ និង​សង្វាក់​តម្លៃ​នៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទាំងនេះ​។

គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆមាស​ទី២ឆ្នាំ២០១៩នេះ​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ធ្វើ​ផែនការ​ និង​គ្រប់គ្រង​តំបន់​ទេសភាព​និង​ការពារ​ធម្មជាតិ​ ពង្រឹង​ឱកាស​ទេសចរណ៍​ធម្មជាតិ​ និង​សង្វាក់​អនុផល​ព្រៃឈើ​ បង្កើន​លទ្ធភាព​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ការពិនិត្យ​តាមដាន​និង​វាយតម្លៃ​ ការ​ឆ្លើយតប​គ្រោះអាសន្ន​ជាដើម​នេះ​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។

គម្រោង​នេះ​ នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ ដើម្បី​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​ឯកសារ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ ផែនការ​ និង​ការអនុវត្ត​គម្រោង​ ដែល​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ និង​ប្រសិទ្ធ​ផល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here