ផ្លូវជាតិ​លេខ៥៥​ តម្លៃ​ជាង​ ១៣២លាន​ដុល្លារ​គ្រោង​ដាក់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆា់ៗ​ខាងមុខនេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ គ្រោង​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​នូវ​ផ្លូវជាតិ​លេខ៥៥​ ប្រវែង១៨០គម​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

ផ្លូវជាតិ​ដ៏​សំខាន់​ និង​មាន​ភាព​បត់បែន​ដូច​ពស់​ វា​ ត្រូវ​បាន​សាងសង់​ដោយសា​ជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​ បច្ចេកទេស​ពី​ក្រុមហ៊ុន​ Guangzhou​ Wanna​ Construction​ Supervision​ Co​., Ltd​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ចុះ​ត្រួតពិនិត្យ​ ស្ថានភាព​កំណាត់ផ្លូវ​ជាតិ​លេខ៥៥​ នៅ​ព្រឹក​ថ្ងៃទី​ ២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ ផ្លូវ​ប្រវែង​ជាក់ស្តែង​សរុប​ចំនួន១៨០គម​ និង​ទទឹង៩ម៉ែត្រ​ ស្ពាន​ចំនួន៤៥​ នេះ​ សាងសង់​ឡើង​ក្រោម​ហិរញ្ញ​ប្ប​ទាន​សម្ប​ ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ​ជាង​ ១៣២.៨០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ជា​ប្រភេទ​ផ្លូវ​ DBST​ គិត​ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវ​ ជាតិ​លេខ៥​ (១៩១​+១៥០​) រហូតដល់​ភ្នំក្រវាញ​-ទីរួមស្រុក​វាលវែង​-ថ្មដា​ ខេត្ត​ពោធិ​សាត់​ (ព្រំដែន​កម្ពុជា​-ថៃ​ ខេត្ត​ត្រា​ត)។

លោក​បន្ត​ថា​ គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០១៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ ហើយ​រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​បាន​បញ្ចប់​ការសាងសង់១០០ភាគរយ​ហើយ​ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់​រយៈពេល៤២ខែ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ការ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ៥៥នេះ​ មាន​គោលបំណង​ពិនិត្យមើល​ចំណុច​ខ្វះខាត​តិច​តូច​ ដែល​នៅ​សេសសល់​ដូចជា​ការ​ដាក់ភ្លើង​សញ្ញា​ប្រុងប្រយ័ត្ន​ជំនួស​ផ្លាក​សញ្ញា​នៅត្រង់​ចំណុច​កែង​ខ្លាំង​ ដើម្បី​ឱ្យ​បង​ប្អូប​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​នេះ​ងាយ​មើល​ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ការ​ធ្វើ​ជញ្ជាំង​លើ​ជម្រាលភ្នំ​ការពារ​ធ្លាក់​ដី​ និង​ដុំ​ថ្ម​ ការ​ប្រមូល​គ្រួស​អណ្ដែត​នៅ​លើ​ថ្នល់​ សំដៅ​ជៀស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​នានា​ដោយ​យថាហេតុ​ ព្រោះថា​ផ្លូវ​នេះ​សណ្ដូក​លើ​ដងភ្នំ​មានការ​បត់បែន​ខ្លាំង​ ក៏ដូចជា​ការពិនិត្យ​លើ​បញ្ហា​បច្ចេកទេស​មួយចំនួន​ ទាក់ទង​នឹង​ការសាងសង់​ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ធ្វើការ​កែសម្រួល​បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​សំដៅ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មានគុណ​ភាព​ រឹងមាំ​ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​ មុន​ពេល​ស្នើសុំ​គោលការណ៍​ ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​ដំណើរ​ ការ​ជា​ផ្លូវការ​។

ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ សមាហរណកម្ម​ផ្ទៃក្នុង​ ក៏ដូចជា​ការសម្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ និង​រួមចំណែក​ ដល់​ការ​ប្រែក្លាយ​តំបន់​សក្តា​នុ​ពល​ផ្នែក​កសិកម្ម​ ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ដែល​អាច​តភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​។ ជាពិសេស​ជាង​នេះ​ទៀត​ ផ្លូវ​នេះ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ ឡើង​ដល់​ការ​តភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង​ ជួយ​ដល់​ការសម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​ ការ​វិនិយោគ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ និង​កសិកម្ម​ផង​ដែរ​។

មានផ្លូវ​មាន​ក្តី​សង្ឃឹម​ ផ្លូវ​ល្អ​នាំមក​នូវ​ភ្ញៀវ​ទេសចរណ៍​ វិនិយោគិន​ និង​ការ​ដឹកជញ្ជូន​កើនឡើង​ ដែល​ជា​កត្តា​ ជំរុញ​ដល់​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​កាត់បន្ថយ​ភាព​ក្រីក្រ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here