ដោយៈ រ៉ាណេត
ព្រះសីហនុៈ តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានយល់ព្រមចូលរួមបង្កើតកម្មវិធីគ្រប់គ្រងបច្ចេកទេស និងគុណភាពសំណង់ ដោយយកក្រុងព្រះសីហនុចាប់អនុវត្តអាទិភាព។

ដោយៈ រ៉ាណេត
ព្រះសីហនុៈ តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានយល់ព្រមចូលរួមបង្កើតកម្មវិធីគ្រប់គ្រងបច្ចេកទេស និងគុណភាពសំណង់ ដោយយកក្រុងព្រះសីហនុចាប់អនុវត្តអាទិភាព។

នៅក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រីអេនជីឡា ខូខូរាន អគ្គរដ្ឋទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា មានប្រសាសន៍ប្រាប់ឱ្យដឹងថា ដំណើរទស្សនៈកិច្ចនាពេលនេះជាលើកទី៣ហើយ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគឺភាពរីកចម្រើន និងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសំណង់កើតមាននៅក្នុងខេត្តមួយនេះយ៉ាងស្អេកស្កះ។
លោកស្រីបានសម្ដែងការសាទរជាមួយសមិទ្ធផល ដែលខេត្តព្រះសីហនុទទួលបាននាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ប្រាប់ឱ្យដឹងថា ដោយមើល ឃើញពីការរីកចម្រើនលើវិស័យសំណង់ ពិសេសស្តង់ដារគុណភាពសំណង់នៅកម្ពុជានាពេលកន្លងទៅនេះ លោកស្រីបានជួបលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិភាក្សាពីកាពង្រឹងគុណភាពសំណង់ ដោយយល់ព្រមបង្កើតកម្មវិធីរួម ជួយផ្នែកបច្ចេកទេសដល់ក្រសួងដែនដី និងអាជ្ញាធរខេត្ត ដោយដំណើរការសាកល្បងមុនគេនៅខេត្តព្រះសីហនុ។
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានលើកឡើងផងដែរថា ភាពរីកចម្រើន និងការអភិវឌ្ឍយ៉ាងគំហុកនៅខេត្តព្រះសីហនុ បានគៀងគរអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាច្រើនច្រើនចូលមកកាន់ខេត្តមួយនេះកាន់តែច្រើន។ លោកបានបន្តទៀតថា ការកើនឡើងនូវចំនួនមនុស្ស បានបង្កឱ្យមានបញ្ហាមួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ ខូចហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ប្រពន្ធបង្ហូរទឹក និងអនាម័យជាដើម។ ទោះជាយ៉ាងណាលោកក៏បានរៀបចំ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ នៅតែរក្សាបានភាពល្អប្រសើរ។
នៅក្នុងឱកាសនេះផងដែរ លោកក៏បានសម្ដែងនូវការអរគុណ ចំពោះសន្តានចិត្តរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ហើយស្វាគមន៍ និងរីករាយធ្វើកិច្ចសហការនូវរាល់កម្មវិធី និងគម្រោងផ្សេងៗ ដែលបង្កើតឡើងដោយថ្នាក់ដឹកនាំប្រទេសទាំង២ឱ្យបានល្អប្រសើរ។

ប្រទេសទេសអូស្ត្រាលី និងកម្ពុជាមានទំនាក់ទំនង ៦៥ឆ្នាំ លើកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍ ផ្នែកសន្តិសុខក្នុងតំបន់ វិស័យការពារជាតិ វិស័យពាណិជ្ជកម្ម ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ដោះមីន ដែលកម្មវិធីទាំងនេះមានក្នុងខេត្តព្រះសីហនុ៕