ជប៉ុន​គ្រោង​ជួយ​បច្ចេកទេស​លើ​ការសាងសង់​ផ្លូវ​ឡើងភ្នំ​គូលែន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

0

ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមការងារ​ជំនាញ​បច្ចេកទេស​ជប៉ុន​ Jica​ និង​អាជ្ញាធរ​ពាក់​ព័ន្ឋចុះ​ពិនិត្យ​បច្ចេកទេស​ការសាងសង់​ផ្លូវ​ឡើងភ្នំ​គូលែន​ (ប៉ែក​ខាងកើត​) ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់​ចរ​ចរណ៍​ជាយថាហេតុ​។

យោង​តាម​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ជប៉ុន​ Jica​ និង​ កម្ពុជា​ដែល​បាន​ចុះ​ពិនិត្យ​បច្ចេកទេស​កាលពី​ថ្ងៃទី​ ២៤​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បាន​លើកឡើង​ថា​ ការសាងសង់​ផ្លូវ​ ដើម្បី​ជៀសវាង​គ្រោះ​ ចរាចរណ៍​ដោយ​យថាហេតុ​ ក្រុមការងារ​បាន​ស្នើ​អោយ​ក្រុមហ៊ុន​ម៉ៅការ​ សាងសង់​ផ្លូវ​នេះ​ត្រូវ​ ៖

១. ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​សំគាល់​នៅត្រង់​ចំណុះ​ដូចជា​ កន្លែង​ប្រាប់​ទិស​ បត់​កែង​ ចំណោត​ខ្លាំង​ ជាដើម​ ។

២.ទីតាំង​ចុះ​ ឡើង​ត្រូវ​ដាក់កុង​ត្រូល​ និង​មាន​អ្នកយាម​ផ្លូវ​ ជាប្រចាំ​ ។

៣. ក្រុមហ៊ុន​ ត្រូវ​ដាក់​ប្លង់​បង្ហាញ​ជា​ស្តង់ដារ​ នៃ​ការសាងសង់​។

៤. នៅពេល​ចាក់​បេតុង​ ក្រុមហ៊ុន​ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​សាធារណ:ការ​ និង​ដឹកជញ្ជូន​ខេត្ត​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ លើ​បច្ចេកទេស​ ។

៥.ចំពោះ​អាជ្ញាធរ​ត្រូវ​ដាក់​កំលាំង​ ប្រចាំ​នៅ​ចំណុច​ឡើង​ ចុះ​ និង​បិត​បណ្តោះអាសន្ន​មិន​អោយ​រថយន្ត​គ្រប់​ប្រភេទ​ ធ្វើ​ចរាចរណ៍​ឡើយ​ ចុះ​ លើក​លេង​តែ​ម៉ូតូ​ រហូតដល់​ផ្លូវត្រូវ​បាន​សាងសង់​រួចរាល់​ ទើប​អនុញ្ញាត្ត​អោយ​រថយន្ត​ធ្វើ​ចរាចរណ៍​បាន​។

យោង​តាម​ការ​ចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ផ្លូវ​ឡើងភ្នំ​គូលែន​ស្ថិតនៅ​ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយលើ​ ខេត្តសៀមរាប​ នៅ​ទិសខាងកើត​ ដែល​ សព្វថ្ងៃ​ ផ្លូវ​ឡើងភ្នំ​គូលែន​ចាស់​មាន​ប្រវែង​ ១២​ គីឡូម៉ែត្រ​ និង​ទទឹង​ ៦ម៉ែត្រ​។

នៅ​លើ​ភ្នំ​គូលែន​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជាង​ ៥០០គ្រួសារ​។លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​របស់​ភ្នំ​គូលែន​ សម្បូរទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ​ មាន​ប្រាង្គ​ប្រាសាទ​ ចម្លាក់​សិលា​ និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន​ មាន​ស្ទឹង​ប្រវត្តិសាស្ត្រ​ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ​ ទេសភាព​នៅ​លើ​គិរីបុព្វតា​ដ៏​ស្រស់​ត្រកាល​ លក្ខណៈ​អំណោយផល​នេះ​ ក្រសួងទេសចរណ៍​នឹង​ជំរុញ​រៀបចំ​តំបន់​ភ្នំ​គូលែន​ ខេត្តសៀមរាប​ ទៅជា​ «តំបន់​ទេសចរណ៍​វប្បធម៌​ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​» និង​ «ទេសចរណ៍​បែប​ផ្សងព្រេង​» ផង​ដែរ​។

លោក​រដ្ឋមន្រ្តី​ឱ្យ​ដឹង​បន្ត​ថា​ ក្រសួង​ចង់​បន្ថែម​ការ​ច្នៃប្រឌិត​ភ្នំ​គូ​លែងឱ្យ​មាន​ប្រភេទ​ទេសចរណ៍​ផ្សេងទៀត​ជា​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​ ដូច​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​ សហគមន៍​ទេសចរណ៍​អារ៉ែង​ ឬភ្នំបូកគោ​ជាដើម​។

លោក​បន្ត​ថា​ នេះ​ជា​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here