ដោយ វុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យនៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា អ្នកជំនាញរបស់ក្រសួង រួមជាមួយក្រុមហ៊ុនសាសង់ស្ពានរបស់ចិនបានសិក្សា៣ ទីតាំងសម្រាប់ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង់នៅខេត្តក្រចេះ មុននឹងសម្រេចជ្រើសរើសជម្រើសណាមួយ។
លោក វ៉ា ស៊ិមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ នេះ ថា សម្រាប់ជម្រើសទីតាំងទី១គ្រោងសាងសង់នៅក្នុងទីរួមខេត្តក្រចេះ នៅលើផ្លូវជាតិលេខ៧ ; ដែលតួស្ពានមានប្រវែងវែងជាងគេ។ ទីតាំងទី២ នៅខាងក្រោមក្រុងក្រចេះបន្តិច និងទីតាំងទី៣ នៅក្បែភូមិរបស់ប្រជាពលរដ្ឋដែលឆ្ងាយពីក្រុងប្រហែល៦ ទៅ៧គីឡូម៉ែត្រ។
លោកបន្ថែមថា ទីតាំងទាំង៣នេះ ត្រូវបានខាងក្រុមហ៊ុនសាងសង់យកមកបង្ហាញ ដល់ថ្នាក់ដឹកនាំក្រសួងដើម្បីសុំយោបលបន្ថែម ប៉ុន្តែជាការគិតគូរដំបូង ទាំងថ្នាក់ដឹកនាំក្រសួង និងខាងក្រុមហ៊ុនបានជ្រើសរើសយកជម្រើសទី៣ ដែលនៅក្បែរភូមិរបស់ប្រជាពលរដ្ឋ ព្រោះតំបន់នេះជាទីតាំងស្ថិតនៅចំណុចកែងនៃទន្លេ និងទីតាំងល្អហើយមានផលប៉ះពាល់តិចតួច។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីដឹកនាំក្រុមការងារចុះពិនិត្យ រកទីតាំងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះថា កម្ពុជានឹងស្នើប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន នៅពេលខាងមុខនេះ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀត នៅខេត្តក្រចេះ ដែលមានប្រវែងសរុប១៧៦១ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា នឹងរៀបចំគម្រោងសំណើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលចិននៅឆ្នាំ២០២០ ហើយការសាង់សង់អាចនឹងធ្វើឡើងនៅឆ្នាំ២០២១”។ លោកអះអាងថា “ស្ពាននេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលដ្ឋ ក្នុងការធ្វើដំណើរពីស្ទឹងត្រែង ទៅកាន់ខេត្តកំពង់ធំ ដែលចំណេញពេលវេលា និងថវិកាច្រើនជាងមុន”៕






