ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វិស័យលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថាកំពុងតែមានសន្ទុះក្នុងការអភិវឌ្ឍយ៉ាងខ្លាំង មិនថាតែនៅក្នុងតំបន់ក្រុង និងតំបន់ជាយក្រុងនោះទេ។ ប៉ុន្តែអ្វីដែលអ្នកជំនាញក្នុងវិស័យនេះមើលឃើញ និងមានក្ដីបារម្ភនោះ គឺសំណង់លំនៅដ្ឋានបែបប្រណីតកម្រិតខ្ពស់ ដែលហាក់មានសភាពទ្រឹង ខណៈដែលអតិថិជនមានការពិចារណាច្រើនមុនពេលសម្រេចចិត្តទិញ។

-->
ផ្អែកតាមរបាយការណ៍ដែលបានឡើងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅនេះបានបង្ហាញថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ ២០១៩ កន្លងទៅនេះ វិស័យសំណង់នៅកម្ពុជាមានការកើនឡើងរហូតដល់ ២០៤៧ គម្រោង ដែលក្នុងនោះ បណ្តុំសាងសង់សំណង់បែបបុរី និងលំនៅដ្ឋានបែបផ្ទះល្វែងមានចំនួន ២៥៨ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។
ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ប្រាប់តាមរយៈទូរស័ព្ទថា ការកើនឡើងនូវចំនួនគម្រោងសាងសង់សំណង់អគារខាងលើនេះ ក៏ព្រោះតែការបរិយាកាសនៃការអភិវឌ្ឍវិស័ងសំណង់នៅកម្ពុជាកំពុងបន្តភាពល្អប្រសើរ និងបន្តទៅថ្ងៃអនាគត។
លោកបានបន្តទៀតថា “ខ្ញុំអបអរសាទរនូវកំណើននៃចំនួនសំណង់ទាំងអស់ខាងលើនេះ ជាពិសេសកំណើននៃសំណង់លំនៅដ្ឋានតែម្ដងដែលវាជាការរួមចំណែកក្នុងការផ្គត់ផ្គង់ទីផ្សារដែលកំពុងមាននាពេលបច្ចុប្បន្ននេះ”។
លោកបានបន្តទៀតថា “ការកើនឡើង និងសកម្មភាពសាងសង់សំណង់លំនៅដ្ឋានទាំងអស់នេះវាបានបង្ហាញពីភាពវិជ្ជមាន ប៉ុន្តែក្នុងនោះយើងក៏បារម្ភផងដែរ ពាក់ព័ន្ធទៅនឹងលំនៅដ្ឋានកម្រិតខ្ពស់មួយចំនួនដែលមានតម្លៃថ្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ”។ លោកថា “អ្នកណាក៏ចង់រស់នៅក្នុងក្រុងដែរ ប៉ុន្តែបើតម្លៃផ្ទះថ្លៃលើសពីលទ្ធភាពក៏វាមិនអាចធ្វើទៅរួចនោះដែរ”។
លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា អ្នកវិនិយោគ អ្នកអភិវឌ្ឍគួរតែមានការកាត់ចំណែកទីផ្សារឱ្យបានត្រឹមត្រូវមុនពេលសាងសង់ ថាអតិថិជនប្រភេទណាមួយដែលជាទីផ្សារគោលដៅ។ គេសង់ផ្ទះដើម្បីលក់ឱ្យមនុស្សដែលចង់ទិញ ហើយមានលុយទិញ។
លោកបានលើកឡើងពីប្រភេទអតិថិជនថា អតិថិជនមាន៤ប្រភេទ ទីមួយអ្នកដែលមានលុយគ្រប់គ្រាន់តែមិនចង់ទិញ (គេមានលំនៅដ្ឋានរួចហើយ)។ ទី២ អតិថិជនដែលចង់ទិញ ប៉ុន្តែអត់មានលុយ។ ទី៣ អតិថិជនដែលមានលុយ ហើយចង់ទិញ ហើយទី៤ គឺអតិថិជនដែលមិនចង់ទិញ ហើយក៏គ្មានលុយដែរ។
លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ជាទូទៅលំនៅដ្ឋានដែលត្រូវបានទីផ្សារទទួលយក គឺជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលស័ក្ដិសមទៅនឹងកម្រិតជីវភាព និងលទ្ធភាពរស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ទៀតថា “លំនៅដ្ឋានដែលស្ថិតតាមតំបន់ជាយក្រុង គឺទទួលបានលទ្ធផលច្រើន ដោយសារតែតម្លៃទាប ហើយអតិថិជនដែលមានចំណូលមធ្យមចាប់ពី ៥០០-៨០០ ក្នុងមួយខែអាចមានលទ្ធភាពទិញដោយបង់រំលស់ ខណៈដែលតម្លៃផ្ទះអាចស្ថិតក្នុងចន្លោះចាប់ពីជាង ៣-៥ ម៉ឺនដុល្លារ”។
លំនៅដ្ឋានកម្រិតខ្ពស់ភាគច្រើនដែលកំពុងតែមានសកម្មភាពសាងសង់យ៉ាងសកម្មនៅក្នុងតំបន់ក្រុងរួមមានដូចជា បុរី ប៉េងហួត, បុរី ជីពម៉ុង , បុរី ពិភពថ្មី, និងបុរីមួយចំនួនទៀត ដោយស្ទើរតែគ្រប់ប្រភេទលំនៅដ្ឋាននៅក្នុងគម្រោងសុទ្ធតែត្រូវបានសាងសង់ និងរចនាឡើងតាមបែបទាន់សម័យបែបទំនើប និងដាក់លក់នៅលើទីផ្សារក្នុងតម្លៃមួយខ្ពស់។
លោក ឈាង រ័ត្ន នាយកគ្រប់គ្រង់ផ្នែកទីផ្សារ និងការលក់គម្រោងលំនៅដ្ឋានស្ដងដារ ហេង ហួត ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលស្គាល់ទៅនឹងការលើកឡើងខាងលើនេះ ដោយលោកបានបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់ទៅនឹងតម្រូវការលំនៅដ្ឋានស្នាក់នាពេលបច្ចុប្បន្ននេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។
លោកបានបន្តទៀតថា “តម្រូវការលំនៅដ្ឋាននៅមានច្រើនទៀត ប៉ុន្តែឧបសគ្គគឺកម្រិតជីវភាព និងលទ្ធភាពរបស់អតិថិជន”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ បើទោះបីជាលំនៅដ្ឋានមានតម្លៃត្រឹមតែជាង ៥ ម៉ឺនដុល្លារ ក៏ពិបាកនឹងរកអតិថិជនដែរ រហូតអ្នកអភិវឌ្ឍបង្កើតកម្មវិធីជាច្រើន ដើម្បីជួយជាសម្រើសសម្រាលដល់ការទិញរបស់អតិថិជន ដូចជាការទិញដោយបង់រំលស់ជាដើម”។
លោកបានបញ្ជាក់ថា “តម្លៃលំនៅដ្ឋានត្រឹមជាង៥ម៉ឺន ស្ថិតនៅក្នុងក្រុង គឺមិនអាចមាននោះទេ ហើយនៅថ្ងៃខាងមុខនេះ តម្លៃខាងលើនេះក៏ស្ទើរតែលែងមានទៀតដែរនៅតំបន់ជាយក្រុង ព្រោះតម្រូវការនៃការពង្រីកវិសាលភាពតំបន់ក្រុងនៅតែមាន ដែលជម្រុញឱ្យតម្លៃឡើងថ្លៃ” ។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា ការសាងសង់លំនៅដ្ឋានតម្លៃខ្ពស់ ឬទាប ក៏ដូចជាការលក់ចេញទទួលបានជោគជ័យ ឬបរាជ័យ គឺវាអាស្រ័យទៅលើទីតាំង។
ប្រសិនបើការសាងសង់លំនៅដ្ឋានកម្រិតខ្ពស់ដែលមានតម្លៃថ្លៃស្ថិតនៅតំបន់ទីប្រជុំជន ប្រមូលផ្តុំទៅដោយពាណិជ្ជកម្មចម្រុះ នោះការលក់មិនជាបញ្ហាចោទនោះទេ ហើយអ្នកអភិវឌ្ឍក្នុងទ្រង់ទ្រាយបែបនេះក៏មិនទៅធ្វើនៅតំបន់ឆ្ងាយពីក្រុងនោះដែរ។

ទោះជាយ៉ាងណា លោកឧកញ៉ាបានទទួលស្គាល់ថា ទីផ្សារលំនៅដ្ឋានបែបប្រណីត និងមានតម្លៃថ្លៃពិតជាមានឧបសគ្គក្នុងការទទួលបានទីផ្សារដោយសារតែក្រុមមនុស្សដែលមានលុយច្រើននៅមានចំនួនកំណត់នៅឡើយ ខណៈដែលក្រុមមនុស្សដែលមានចំណូលតិច និងមធ្យម ដែលកំពុងមានតម្រូវការស្នាក់នៅមានចំនួនច្រើន៕