វិស័យ​អចលនទ្រព្យ​ខេត្តព្រៃវែង​ចាប់ផ្តើម​កំ​រើ​កបណ្តើរ​ៗហើយ​

0

ដោយៈ​ រ៉ា​ណេត​

ព្រៃ​វែងៈ​ សកម្មភាព​អភិវឌ្ឍ​វិស័យ​សំ​ណង់់​ និង​អចលនទ្រព្យ​នៅក្នុង​ទីរួមខេត្ត​ព្រៃវែង​ហាក់​នៅតែ​ស្ងប់ស្ងាត់​ ប៉ុន្តែ​ទើបតែ​មួយ​រយៈ​ចុងក្រោយ​នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​ ក្នុង​វិស័យ​អចលនទ្រព្យ​ហាក់​មាន​សភាព​កំរើក​បន្តិច​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។

ជា​ខេត្ត​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់នឹង​ខេត្តកណ្តាល​ ខេត្តស្វាយរៀង​ និង​ខេត្ត​កំពង់ចាម​ ដែល​សុទ្ធតែ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ និង​មាន​សកម្មភាព​លើ​មុខ​ជំនួញ​ពាណិជ្ជកម្ម​នោះ​ ខេត្តព្រៃវែង​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ខេត្ត​ខាងលើ​។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​ ហាក់​មាន​ភាព​កំរើក​បន្ដិច​ ខណៈ​ដែល​អជ្ញា​ធរ​បាន​ព្យាយាម​បង្កើន​ការ​អភិវឌ្ឍ​ និង​មាន​ក្រុមហ៊ុន​ឯកជន​ធំ​ចូល​ទៅកាន់​ខេត្ត​មួយ​នេះ​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ព្រៃវែង​ពេលនេះ​ មិន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ទេ​ ហើយ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ទីរួមខេត្ត​ក៏​ចាប់ផ្តើម​មាន​ជា​បណ្តើរ​ៗហើយ​។ លោកស្រី​បន្ត​ថា​ សម្រាប់​សក្ដានុពល​នៃ​ខេត្តព្រៃវែង​ ហាក់​មាន​សភាព​ទាប​ជាង​បណ្តា​ខេត្ត​មួយចំនួន​ដែល​ស្ថិតនៅ​ជុំវិញ​។

លោកស្រី​បន្ត​ទៀត​ថា​ “ប៉ុន្តែ​បើ​មើល​ពី​សភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅក្នុង​ទីរួមខេត្ត​ ឃើញ​មាន​សកម្មភាព​អភិវឌ្ឍ​ដោយ​អន្លើ​ៗដែរ​ ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​សំណង់​អគារ​មួយចំនួន​ផង​ដែរ​”។ លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅ​តាម​ផ្លូ​វធំៗ​មួយចំនួន​ឃើញ​មាន​សកម្ម​ភាព​ពិះ​ដី​ឡូ​តិ៍​លក់​ច្រើន​ ហើយ​តំបន់​ខ្លះ​ក៏​មានការ​សាងសង់​សំណង់​លំនៅ​ដ្ឋាន​លក់​ជា​បណ្តើរ​ៗដែរ​។

លោកស្រី​បាន​បញ្ជាក់​ថា​ ទោះជាយ៉ាងណា​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ​ នៅ​មានឱកាស​ច្រើន​ សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​ក្នុងរយៈពេល​វែង​ ខណៈ​ដែល​តម្លៃ​ដីធ្លី​នៅក្នុង​ខេត្ត​មួយ​នេះ​នៅ​មានកម្រិត​ទាប​នោះ​ឡើយ​។

នាយក​ក្រុមហ៊ុន​ អចលនទ្រព្យ​ព្រៃវែង​ លោក​ជា​ វិ​ច្ចិ​ត្រា​ បាន​មានប្រសាសន៍​ថា​ ថ្វីត្បិត​ខេត្តព្រៃវែង​ ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​បណ្តា​ខេត្ត​នានា​ ដែល​ស្ថិតនៅ​ជាប់គ្នា​ពិតមែន​ ប៉ុន្តែ​ចំពោះ​វិស័យ​អចលនទ្រព្យ​នៃ​ការទិញ​-លក់​ គឺ​នៅតែ​មាន​។ លោក​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ការ​វិនិយោគ​ និង​អភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​ធំៗ​ វា​នៅ​មិនទាន់​មាន​នោះ​ទេ​ ប៉ុន្តែ​មាន​អ្នកជំនួញ​ក្នុង​តំបន់​មួយចំនួន​ នៅតែ​បន្តសកម្មភាព​ទិញ​ លក់​ដើម្បី​យកចំណេញ​”។

លោក​បាន​បញ្ជាក់​ថា​ “ជាទូទៅ​ការទិញ​ លក់​ដីធ្លី​នៅក្នុង​ខេត្តព្រៃវែង​ មិន​ត្រូវ​បាន​គេ​គណនា​ជា​ម៉ែត្រការ៉េ​នោះ​ទេ​ ពោល​គឺ​គេ​គិតជា​ម៉ែត្រ​ដើរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ដី​ដែល​ស្ថិតនៅ​ទីប្រជុំជន​នៃ​ទីរួមខេត្ត​ អាច​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី១៥០០០​-២០០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ដើរ​ ប៉​ន្តែ​បើ​ដី​ដែល​ស្ដិ​តនៅ​ជាយ​ទីរួមខេត្ត​ អាច​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី១៥០០​-៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ដែល​វា​អាស្រ័យ​ទៅតាម​ទំហំ​ និង​ស្ថានភាព​ដី​”។

​ជាមួយគ្នា​នេះ​លោក​បាន​បង្ហាញ​ពី​ជំនឿ​ថា​ ចាប់ពី​ពេលនេះ​ទៅ​ថ្ងៃខាងមុខ​ តម្លៃ​ដី​នៅក្នុង​ខេត្តព្រៃវែង​ នឹង​ចាប់ផ្តើម​កើន ឡើង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​របស់​អជ្ញា​ធរ​ចាប់ផ្តើម​មាន​ ហើយ​វត្តមាន​របស់​ក្រុមហ៊ុន​ និង​ធនា​គារ​ធំៗ​មួយចំនួន​ក៏​ចាប់ផ្តើម​លេច​រូបរាង​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here