អ្នកជំនាញ​ថា​ការ​វិនិយោគ​ដីធ្លី​ និង​លំនៅ​ដ្ឋាន​នៅតែ​មាន​ឱកាស​ចំណេញ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា​ និន្នាការ​នៃ​ការទិញ​អចលនទ្រព្យ​ទុក​មាន​ទាំង​លំនៅឋាន​ និង​ដីធ្លី​ នា​ពេល​បច្ចុប្បន្ន​នេះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ធន​ធាន​សម្រាក់​លក់​បន្ត​នៅតែ​មាន​ឳកាស​ចំណេញ​ និង​ជួយ​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ កាន់​តែរ​មានសន្ទុះ​រីក​ចំរើន​បន្ថែម​ទៀត​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៦​ ខែ​កក្កដា​ ឆ្នាំ​ ២០១៩នេះ​ថា​ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​មាន​ភាពរឹងមាំ​ និង​បន្ត​មាន​ភាព​រឹង​បន្ថែម​ទៀត​។ ដូច្នេះ​ដែល​ថា​និន្នាការ​ និង​សកម្មភាព​នៃ​ការទិញ​អចលនទ្រព្យ​មាន​ទាំង​ទាំង​ដីធ្លី​ និង​លំនៅឋាន​ទុក​សម្រាប់​វិនិយោគ​បន្ត​ គឺ​ពុំ​មានផល​ប៉ះ​ពាល់​ដល​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែមទៀត​។

លោក​បន្ត​ថា​ “កាលណា​អត់មាន​ការទិញ​ទុក​លក់​ឬវិនិយោគ​បន្ត​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ចរន្ត​ទីផ្សារ​ហ្នឹង​វា​អត់​ដំណើរការ​។ ចឹង​មាន​អ្នកទិញ​ទុក​ខ្លះ​ មាន​ទិញ​ប្រើប្រាស់​ខ្លះ​ ចឹង​ទៅ​ វា​នឹង​បង្កើន​នូ​ឪកាស​សម្រាប់​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗ”។ លោក​បន្ត​ថា​ “ម្យ៉ាង​ដោយមាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនា​គារ​ផ្សេង​ៗ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀតផង​ដែរ​”។

បន្ថែម​ពីនេះ​ កំណើន​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​កាន់តែ​ច្រើន​ ក៏​ធ្វើ​ឱ្យ​វិស័យ​នេះ​ មានការ​រីកចម្រើន​ គួបផ្សំ​ជាមួយ​អ្នក​វិយោគ​ក្នុង​ស្រុក​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ថែម​ទៀត​ថា​ “ការ​និ​យោគ​លើ​វិស័យ​អចលនទ្រព្យ​ មិន​ត្រូវ​បាន​គេ​រំពឹង​ពី​ការ​ចំណេញ​ភ្លាម​នោះ​ទេ​ ពោល​គឺ​ទុក​កាន់តែ​យូរ​បានផល​ចំណេញ​កាន់តែ​ច្រើន​”។

លោក​វ៉ា​ វិរៈ​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Century​ 21​ Fortuna​ Investment​ បានឱ្យ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​និន្នាការ​របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​សម្រុក​ទិញ​ដីធ្លី​ និង​ផ្ទះ​ សម្រាប់​ទុក​វិនិយោគ​បន្ត​យក​ផល​ចំណេញ​។ តែ​អ្នក​ដែល​មានផ្ទះ​រួចហើយ​ គឺ​ពួកគាត់​ទិញ​ដី​បន្ត​យកចំណេញ​ភាគច្រើន​។

លោក​បន្ថែម​ថា​ “តម្លៃ​ដីធ្លី​ឡើងថ្លៃ​លឿន​ជាង​តម្លៃ​លំនៅឋាន​ ខណៈ​តំម្លៃ​លំនៅឋាន​មួយចំនួន​នៅ​ទ្រឹង​ និង​មានការ​ឡើង​តិចតួច​ តែ​ក៏​មាន​ហា​នី​ភ័យ​ចំពោះ​ការទិញ​ដី​រួចហើយ​មិនបាន​យក​ទៅ​អភិវឌ្ឍន៍​បន្ត​ និង​មិន​មានការ​បង់ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​ ស្រប​ពេល​ការអនុវត្ត​ច្បាប់​បង់ពន្ធ​នៅ​កម្ពុជា​នៅ​មាន​កំរិត​”។

លោក​បន្ត​ថា​ “ការទិញ​ដី​ទុក​យូរ​ដែល​មិន​ប្រើប្រាស់​ យើង​ត្រូវការ​បង់ពន្ធ​ច្រើន​ ​ហើយ​មិន​ទទួល​បានផល​ចំណេញ​ច្រើន​នោះ​ទេ​ ​តែបើ​ទិញ​ហើយ​យក​មក​អភិវឌ្ឍន៍​ភ្លាម​ នឹង​ទទួល​បានផល​ចំណេញ​ខ្ពស់​”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ស្ថានភាព​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​ទិញ​អល​ចន​ទ្រព្យ​សម្រាប់​ ទុក​វិនិយោគ​បន្ត​ គឺជា​យុទ្ធសាស្ត្រ​ល្អ​ ដោយ​អ្នក​វិនិយោគ​ត្រូវ​ផ្អែកលើ​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​មាន​ពីរ​ធំៗ​រួមមាន​ ទី១​ ការទិញ​លក់​ភ្លាម​ៗ និង​ទី២​ ការទិញ​ទុក​សម្រាប់​វិនិយោគ​បន្ត​។

លោក​បន្ថែម​ទៀត​ថា​ ស្ថានភាព​អចលន​ទ្រព្យ​នៅ​ម្ពុ​ជា​កំពុង​មានតម្លៃ​ទាប​ ហើយ​នៅពេល​គេ​ប្រើ​យុទ្ធសាស្ត្រ​ នៃ​ការទិញ​អចលនទ្រព្យ​ទុក​សម្រាប់​វិនិយោគ​នេះ​ មាន​ភាព​ងាយស្រួល​ និង​ទទួល​បាល​ផល​ចំណេញ​ខ្ពស់​។ តែ​យ៉ាងណាក៏ដោយ​ ក៏​វា​មានផល​មិនល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ផង​ដែរ​ ព្រោះ​ការ​មិន​លក់​សម្រាប់​ឱ្យ​គេ​វិនិយោគ​បន្ត​ និង​ទទួល​បានផល​តិចតួច​នៅពេល​ខ្ចី​លុយ​ពី​ធនាគារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here