ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៧ ដោយគ្រោងចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំខាងមុខនេះ ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា ពិសេសដោះស្រាយបញ្ហាប្រឈមលើវិស័យដឹកជញ្ជូន។
គេហទំព័រ propertyarea.asia ដែលជាគេហទំព័រព័ត៌មានអចលនទ្រព្យឈានមុខគេនៅកម្ពុជា នឹងយកគម្រោងទាំងអស់នេះមកចុះផ្សាយ ដែលប្រកាសដោយរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនេះ រួមមាន៖
-->
១) ស្ពានឆ្លងកាត់ទន្លេមេគងខេត្តក្រចេះ
ស្ពាននេះត្រូវបានអ្នកជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាសង់ស្ពានរបស់ចិនបានសិក្សា៣ ទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង់នៅខេត្តក្រចេះរួចហើយ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២១ ខាងមុនេះ។ស្ពាននេះមានប្រវែងសរុប១៧៦១ម៉ែត្រ ដែលទទួលប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន។
២) គម្រោងសាងសង់ផ្លូវជាតិលេខ១០
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នឹងត្រូវសម្ពោធបើករដ្ឋានដោយសម្តេចតេជោហ៊ុន សែននាពេលឆាប់ៗខាងមុខនេះ។ គំរោងសាងសង់ផ្លូវជាតិដ៏សំខាន់នេះ គ្រោងចំណាយថវិកាប្រមាណ១៨៣លានដុល្លារអាមេរិក សម្រាប់សាងសង់ផ្លូវជាតិលេខ១០ឡើងវិញ និងមានប្រវែងប្រមាណ ១៩៣គីឡូម៉ែត្រតភ្ជាប់ពីសំឡូត ស្រុកវាលវែង ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុងនាពេលខាងមុខនេះ។
៣) គម្រោងសាងសង់ផ្លូវហាយវ៉េភ្នំពេញ-បាវិត
រដ្ឋាភិបាលបានប្រកាសថា នឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នាពេលខាងមុខនេះ ខណៈផ្លូវមួយនេះ បាននឹងកំពុងសិក្សា។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឲ្យដឹងកន្លងមកថា គំរោងសាងសង់ផ្លូវល្បឿនលឿននេះ សិក្សាដោយអ្នកជំនាញអង្គការ JICA រួចហើយ ដោយចំណាយថវិកាសរុប ៣៨០០លានដុល្លារ ដែលជាការចំណាយដ៏ធំធេងមួយ។
អ្នកនាំពាក្យក្រសួងសាធារណៈការរូបនេះបានបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលសិក្សាចំណាយអស់ច្រើនកន្លងមក ដោយសារផ្លូវនេះត្រូវធ្វើស្ពានប្រវែងជា១០គីឡូម៉ែត្រ នៅតំបន់ស្រុកល្វាឯម ដោយសារផ្លូវនេះគ្រោងធ្វើនៅផ្នែកខាងឆ្វេងទន្លេមេគង្គ”។
លោកបន្តថា “ផ្លូវនេះនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែងមុនតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង”។
៤) គម្រោងសាងសង់ស្ពានស្វាយជ្រុំ-អរិយក្សត្រ
គម្រោងសាងសង់ស្ពានថ្មី ឆ្លងទន្លេមេគង្គ តភ្ជាប់ទៅស្វាយជ្រុំ-អរិយក្សត្រ ទទួលបានភ្លើងខៀវ ពីភាគីកូរ៉េ ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជាំ។
បច្ចុប្បន្ន គម្រោងស្ពាននេះកំពុងស្ថិតក្រោមការសិក្សា និងកំពុងរកប្រភពថវិកា ហើយរដ្ឋាភិបាល នឹងធ្វើជូនប្រជាពលរដ្ឋជាដាច់ខាត។
៥) គម្រោងសាងសង់ផ្លូវជាតិលេខ២
គម្រោងការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ទៅកាន់ផ្សារអង្គតាសោម ប្រវែងសរុប៧២,១៧គីឡូម៉ែត្រ សាងសង់ដោយក្រុម Hanshin Engineering and Construction Co., Ltd ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd, និងក្រុមហ៊ុន Seoyoung Engineering Co., Ltd ដោយប្រើប្រាស់ថវិកាជាង ៤៥លានដុល្លារអាមេរិក ក្រោមគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ ចំណាយរយៈពេល ៣០ខែ និងគ្រោងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៩នេះ។
៦) គម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿនពីភ្នំពេញសៀមរាប
រដ្ឋាភិបាលបានដាក់ផែនការការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន ការពង្រីកផ្លូវថ្នល់ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលធំជាងមុន ដើម្បីតភ្ជាប់ខេត្តសៀមរាបជាមួយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់នានា។
៧) គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសដោយស្វ័យប្រវត្តិ (AGT) នៅភ្នំពេញ
រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននឹងកំពុងពន្លឿនការសិក្សាគម្រោងផ្លូវរថភ្លើងរត់លើអាកាស និងក្រោមដីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវរថភ្លើង លើអាកាសដោយស្វ័យប្រវត្តិ (AGT) ចំនួន ៤ ខ្សែរត់ក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA ក៏សិក្សាផងដែរ។ ខ្សែរត់ភ្លើងទាំងនេះមានប្រវែងប្រហែល១៨ គីឡូម៉ែត្រ ដែលរត់លើផ្លូវមួយចំនួនដូចជា មហាវិថីហ្សាលឌឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២១៧ ផ្លូវវេងស្រេងឆ្ពោះទៅព្រលានយន្តហោះ និងមួយខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងកប់ស្រូវ។
ជាមួយគ្នានេះក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានផ្តល់ឱ្យក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ធ្វើការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញផងដែរ៕