ដោយ វុត្ថា
មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងចម្រុះ ចុះដកបង្គោលរបងថ្មអនាធិបតេយ្យរាប់រយបង្គោល ដែលជនខិលខូចបោះព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ ដែលមានទីតាំងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

-->
នៅក្នុងប្រតិបត្តិការនេះត្រូវបានធ្វើឡើងតកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា សកម្មភាពដែលអាជ្ញាធរបានចុះធ្វើនេះ គឺដើម្បីការពារដីបម្រុងទុករបស់រដ្ឋសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនាពេលខាងមុខ។
អភិបាលខេត្ត បន្តថា ដោយមើលឃើញមានសកម្មភាពបោះបង្គោលកំណត់ព្រំដីយកជាកម្មសិទ្ឋផ្ទាល់ខ្លួន លើដីព្រលានទើបលោកសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និងអាវុធហត្ថ ចុះដកបង្គោលរបងថ្មទាំងនោះ យកទៅរក្សាទុកប៉ុណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រលានហោះនេះទេ ដែលអាជ្ញាធរចុះអនុវត្តន៍ការពារដីទុកជាសម្បត្តិសាធារណៈ សូម្បីដីចំការស្រល់ ដែលកំពុងរងការទន្ទ្រានពីជនមួយក្តាប់តូច ក៏លោកដាក់បញ្ជាឲ្យមន្ត្រីជំនាញ នឹងពាក់ព័ន្ឋទាំងអស់ចុះត្រួតពិនិត្យ និងរឹបអូសទុកជាសម្បិត្តរដ្ឋវិញ។
លោក អភិបាលខេត្តមណ្ឌលគិរីរូបនេះបានថ្លែងថា «គម្រោងសាងសង់ប្រលានយន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិលសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំទីតាំងដីទុកសម្រាប់កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។
ក្នុងគោលដៅពង្រីកសក្តានុពលសេដ្ឋកិច្ច ទៅកាន់ភូមិភាគឦសាន្ត សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកាលពីកន្លងទៅថ្មីៗនេះ បានប្រកាសពីគម្រោងសាងសង់ព្រលានយន្តហោះនៅទិសឦសានប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងវិនិយោគរបស់ប្រទេសកម្ពុជា។
សម្តេចបន្តថា “ការសាងសងព្រលានយន្តហោះនៅទិសឦសាននេះ គឺដើម្បីឆ្លើយតបទៅហ្នឹងកំណើនប្រាក់ចំណូល របស់ពលរដ្ឋកម្ពុជាមានកំណើនខ្ពស់ មានលទ្ធភាពធ្វើដំណើរតាមយន្តហោះ”។

បើតាមសម្តេចតេជោបានបង្ហើបឱ្យដឹងថា ព្រលានយន្តហោះនឹងត្រូវសាងសង់នៅ ចន្លោះខេត្តរតនគីរី និងមណ្ឌលគិរី ហើយធ្វើឱ្យតំបន់ជាប៉ូលសេដ្ឋកិច្ចនៅប៉ែទិសឦសាននៃប្រទេសកម្ពុជា មានទាំងកសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកដទៃទៀតនៅទិសនោះ ដើម្បីជំរុញប្រទេសកម្ពុជា ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០៕
