សន្ទុះ​នៃ​តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​ កើនឡើង​ ៥ដង​នៃ​តម្លៃ​ទីផ្សារ​

0

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ នៅក្នុង​បរិបថ​នៃ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​របស់​ខេត្ត​ព្រះសីហនុ​ ជាពិសេស​នៅ​ទីប្រជុំ​កណ្តាល​ក្រុង​តែម្ដង​ ដែល​ធ្វើ​ឱ្យ​កត្តា​ប្រជាសាស្ត្រ​ និង​បណ្តា​អ្នក​វិនិយោគ​ជាតិ​-អន្តរជាតិ​ ជាពិសេស​ ជនជាតិ​ចិន​សម្រុក​ពូន​ផ្តុំ​ចូល​ទៅ​ប្រកប​ជំនួញ​យ៉ាងច្រើន​ រហូត​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ផ្នែក​វិស័យ​អចលនទ្រព្យ​មិន​គ្រប់​តម្រូវការ​ និង​មាន​លម្លៃ​ជួល​ខ្ពស់​ហួសការ​ស្មាន​។


ក្រុង​ព្រះសីហនុ​នៅពេល​បច្ចុប្បន្ន​នេះ​បាន​អភិវឌ្ឍ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស​យ៉ាង​ពេញលេញ​ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ ក្រោម​ការ​ចូល​បណ្តាក់​ទុន​វិនិយោគ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​សំណង់​ និង​អចលនទ្រព្យ​តែម្ដង​។

ជាមូ​យនឹង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នេះ​ កំណើន​ប្រជាសាស្ត្រ​ចូល​ទៅកាន់​ខេត្ត​មួយ​នេះ​ក៏​មាន​យ៉ាង​គំហុក​ផង​ដែរ​រហូត​ការ​ផ្គត់ផ្គង់​ផ្នែក​អចលនទ្រព្យ​មិន​គ្រប់​តាម​តម្រូវការ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ជាពិសេស​នៅក្នុង​ក្រុង​គឺ​កំពុងតែ​ជួប​ភាព​កង្វះ​ក្នុង​ការ​ផ្គត់ផ្គង់​ផ្នែក​អចលនទ្រព្យ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ទីផ្សារ​ជួល​អចលនទ្រព្យ​នៅក្នុង​ក្រុង​ព្រះសីហនុ​គឺ​មានការ​កើនឡើង​ខ្លាំង​យ៉ាង​គំហុក​ត្រឹម​រយៈ​ប្រមាណ​ជិត២ឆ្នាំ​ចុងក្រោយ​នេះ​ រហូត​ធ្វើ​ឱ្យ​តម្លៃ​ជួល​នៅ​ទីតាំង​ខ្លះ​កើនឡើង​ខ្លាំង​ស្ទើរតែ​ ៣-៥ដង​ បើ​ធៀប​ជាមួយ​តម្លៃ​នៅក្នុង​រាជធានី​ភ្នំពេញ​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ទីតាំង​ជួល​នៅក្នុង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​មានតម្លៃ​ក្នុងរង្វង់៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ ខណៈ​ដែល​តម្លៃ​ដី​ជួល​ទំនេរ​សម្រាប់​អភិវឌ្ឍ​អគារ​ផ្សេង​ៗមានតម្លៃ​ក្នុងរង្វង់​ ២៥​-៣០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ “សម្រាប់​ផ្ទះល្វែង​ដែល​ស្ថិតនៅ​ផ្លូវ​ធំ​ និង​បណ្តុំ​ទីប្រជុំ​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗស្ថិតនៅ​ក្នុងរង្វង់​ ៥០០០ដុល្លារ​ក្នុង​មួយ​ខែ​ ស្រប​ពេល​ដែល​តម្លៃ​ជួលផ្ទះ​ប្រភេទ​នេះ​នៅ​លើ​ទីផ្សារ​ស្ថិតនៅ​ក្នុងរង្វង់​ប្រមាណ​ ១៥០០​-២០០០​ ដុល្លារ​តែប៉ុណ្ណោះ​”។

ជាមួយនឹង​តម្រូវការ​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​តម្លៃ​នៃ​ការជួល​មាន​កំណើន​ខ្លាំង​ទាំងអស់​នេះ​ ត្រូវ​បាន​លោកស្រី​ធ្វើការ​ព្យាករណ៍​ថា​ នឹង​ស្រក​ចុះ​វិញ​នៅ​ត្រឹម​រយៈពេល​ប្រមាណ​ជា៥ឆ្នាំខាងមុខ​នេះ​ នៅពេល​ដែល​កំណើន​នៃ​ការ​ផ្គត់ផ្គង់​មានការ​កើនឡើង​។

លោក​ ប៊ុ​ន មករា​ នាយក​ទីផ្សារ​ ភ្នាក់ងារ​អចលនទ្រព្យ​ ព្រះសីហនុ​ បាន​ទទួលស្គាល់​នូវ​ការ​លើកឡើង​ខាងលើ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​នៃ​ការជួល​ ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅតាម​ទីតាំង​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ សម្រាប់​តម្លៃ​ទីផ្សារ​នៃ​ការជួល​ដី​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ភាគច្រើន​ជា​តម្រូវការ​របស់​ជនជាតិ​ចិន​គឺ​មាន​ច្រើន​”។

លោក​បាន​បន្ត​ថា​ “ គ្រាន់តែ​ដី​ទំនេរ​ដែល​មាន​ទំហំ​ត្រឹម​ ១៥​ X ២៥​ ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ ៥០០០ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ដី​ដែល​មាន​ទំហំ​តូច​ ១០​ X ២៥​ ម៉ែត្រ​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ ៣៥០០​ ដុល្លារ​ក្នុង​មួយ​ខែ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ដី​ដែល​អាច​សាងសង់​ជា​កាស៊ីណូ​ ឬជា​ភោជនីយដ្ឋាន​ មាន​ទំហំ​ ២០X​ ៣០​ ម៉ែត្រ​ ដែល​នៅ​លើ​ផ្លូវ​ធំ​គឺ​ជួល​ក្នុង​តម្លៃ​ ២០,០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ដោយមាន​កុងត្រា​រហូត១៥ឆ្នាំ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ចំពោះ​ផ្ទះល្វែង​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ ត្រូវ​បាន​ដាក់​ជួល​ក្នុង​តម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ២៥០០​-៣០០០​ ដុល្លារ​ក្នុង​មួយ​ខែ​ (មិន​ស្ថិតនៅ​ផ្លូវ​ធំ​) ឬផ្ទះ៣ល្វែង​ជាប់គ្នា​មាន​កម្ពស់២ជាន់​ (Eo​ . E1​) តម្លៃ​ជួល​ចាប់ពី​ ១២០០០ដុល្លារ​ក្នុង​មួយ​ខែ​”។

យ៉ាងណាក៏ដោយ​ លោក​ក៏បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ នៅ​ត្រឹម​មួយរយៈពេល​ខ្លី​កន្លងទៅ​នេះ​ សកម្មភាព​នៃ​តម្រូវការ​ជួល​ហាក់​មិនសូវ​មាន​ភាព​ពុះកញ្ជ្រោល​ដូច​កាលពី​ចុងឆ្នាំ២០១៨​ និង​ដើមឆ្នាំ២០១៩នោះ​ទេ​ ពិសេស​ជា​នៅក្នុង​សង្កាត់​លេខ៤​ ដែល​ធ្លាប់​កើតមាន​ព្រឹត្តិ​ការណ៍​រលំ​បាក់​អគារ​កម្ពស់៧ជាន់​តែម្ដង​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here