ដោយ វុត្ថា
ភ្នំពេញៈ ចរន្តនៃការទិញ លក់ដីធ្លីនៅក្នុងស្រុកទន្លេបាទី ខេត្តតាកែវកំពុងមានសន្ទុះកើនឡើងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែមានគម្រោងសាងសង់ព្រលានយន្តហោះខ្នាតយក្សរបស់កម្ពុជា នាពេលខាងមុខនេះនៅទីនោះ។
លោក ភួន ឈីម អភិបាលស្រុកទន្លេបាទីបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩នេះថា មានប្រជាពលរដ្ឋទំាងនៅក្នុងតំបន់ និងក្រៅតំបន់មកទិញ លក់ដីធ្លីច្រើន ហើយទទួលបានតម្លៃខ្ពស់ ក្នុងរយៈពេលកន្លងមកនេះ ដោយសារតែមានគម្រោងសាងសង់ ព្រលានយន្តហោះរបស់រដ្ឋាភិបាលកម្ពជា នៅក្នុងស្រុកនេះ។
-->
លោក អភិបាលស្រុករូបនេះ មិនបានបញ្ជាក់ពីតម្លៃដីធ្លីនាពេលបច្ចុប្បន្ននេះថាមានតម្លៃប៉ុន្មាននោះទេក្នុងមួយម៉ែត្រកូរ៉េ ដោយលោកថា លោកមិនមែនជាអ្នករកស៊ីក្នុងវិស័យដីធ្លី តែគ្រាន់តែឃើញមានប្រជាពលរដ្ឋទិញលក់ដីធ្លីច្រើន ហើយទទួលបានតម្លៃខ្ពស់។
លោកឌុល សុខឃឿន អ្នករកស៊ីដីធ្លីនៅក្នុងស្រុកទន្លេបាទីបានឱ្យដឹងថា ចូលដល់ខែកក្កដានេះ ចរន្តនៃការទិញលក់ដីធ្លី ហាក់ដូចជាមានការស្ងាត់សកម្មភាពទិញ-លក់អចលនទ្រព្យបន្តិច ដែលខុសប្លែកដូចកាលពីលើកមុន ដែលមានសកម្មភាពទិញ-លក់ច្រើន។
លោកបន្តថា កន្លងមកនេះមានក្រុមហ៊ុនធំៗ ដើរប្រមូលទិញដីប្រជាពលរដ្ឋអស់ស្ទើរតែគ្មានសល់ តែមិនដឹងជាគេយកទៅធ្វើអ្វីនោះទេ ហើយបើគេលក់វិញនឹងមានតម្លៃខ្ពស់។ លោកបន្តថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិមានតម្លៃចាប់ពី ១០០ ទៅ ២០០ជាងដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅតាមប្រភេទដី។ តែបើតម្លៃដីធ្លីចូលទៅក្នុងមានតម្លៃប្រមាណ៣០ ទៅ៦០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅតាមប្រភេទដីដូចគ្នា។
លោកបញ្ជាក់ថា “តម្លៃដីធ្លីនៅទីនេះ ទើបតែឡើងខ្លាំងបំផុងក្នុងរយៈពេល៧ខែកន្លងមកនេះ ដែលកាលពីមុនមានតម្លៃប្រមាណ២ ទៅ៣ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ”។
បើតាមលោក អភិបាលស្រុកបាទីបានបញ្ជាក់ថា ក្រៅតែមានគម្រោងសាងសង់ព្រលានយន្តហោះនៅព្រំប្រទល់កណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវដែលប្រកាសដោយរដ្ឋាភិបាល ក៏មានគម្រោងរោងចក្រ និងគម្រោងផ្សេងៗ ទៀត បាននឹងកំពុងមានវត្តមាននៅស្រុកទន្លេបាទីនេះផងដែរ៕