ដោយ វុត្ថា
ភ្នំពេញៈ ទីផ្សារអលចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះរីកចំរើនយ៉ាងខ្លាំង និងបន្តមានការរីកចំរើនបន្ថែមទៀតក្នុង ស្របតាមកំណើនសេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ មានក្រុមហ៊ុនតូចធំ និងអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យនេះ កើតឡើងច្រើនផងដែរ ដែលធ្វើឱ្យមានការប្រកួតប្រជែង កាន់តែមានទំហំធំធេងក្នុងវិស័យនេះ ដែលអ្នកខ្លះក៏ទទួលបានជោគជ័យ និងផលចំណេញ ប៉ុន្តែមួយចំនួនទៀត ក៏មិនទទួលបានជោគជ័យ តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារ ជំនាញ និងឯកទេសរបស់ខ្លួនមិនបានត្រឹមត្រូវ។
-->
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គឹម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ស្របពេលដែលទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការប្រកួតប្រជែងកាន់តែខ្ពស់ ក្រុមហ៊ុនតូចៗ និងអ្នករកស៊ីដែលកំពុងក្នុងវិស័យនេះ គួរតែផ្តោតលើឯកទេសរបស់ខ្លួន ដែលលោកឱ្យឧទារហរណ៍ “រុញទូកបណ្តោយទឹក” ឬជ្រកក្រោមស្លាកក្រុមហ៊ុន Master Franchise ណាមួយ។
លោកបណ្ឌិតគីម ហ៊ាងបានបញ្ជាក់ថា “បើក្រុមហ៊ុនណារកស៊ីក្នុងវិស័យពុះដីឡូតិ៍លក់ គួរតែបន្តធ្វើ ព្រោះទីផ្សារបាននឹងកំពុងដើរស្រាប់ ព្រោះថាក្រុមហ៊ុននីមួយត្រូវមានឯកទេសរៀងៗខ្លួន ដោយមិនអាចធ្វើនេះផង ធ្វើនោះបានទេ”។
លោកថា “បើក្រុមហ៊ុនហ្នឹងវាយតម្លៃ គួរតែផ្តោតលើការវាយតម្លៃ ក្រុមហ៊ុនណារកស៊ីពុះដីឡូតិ៍លក់ គួរតែបន្តធ្វើ ក្រុមហ៊ុនណាសាងសង់បុរី គួរធ្វើតែបុរី កុំអោយមានការធ្វើខុសពីហ្នឹង ត្រូវតែផ្តោតជាសំខាន់លើឯកទេសរបស់ខ្លួន នេះសម្រាប់ក្រុមហ៊ុនតូចៗ”។
លោកគីម ហ៊ាងបានន្តថា “តែសម្រាប់ក្រុមហ៊ុនធំៗនាពេលបច្ចុប្បន្ននេះវិញ គឺជាពេលវេលាមួយក្នុងការពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការពង្រីកសាខាឱ្យបានច្រើន និងជ្រើសរើសបុគ្គលិកឱ្យបានច្រើន បើមិនដូច្នោះទេវានិងត្រូវបានគេលេបយកបាត់”។
លោកពន្យល់ថា សម្រាប់ក្រុមហ៊ុនតូចៗ ត្រូវតែបណ្តែតខ្លួនទៅតាមទឹក បើអាចត្រូវជ្រើសរើសក្រុមហ៊ុន Franchise ណាមួយសម្រាប់ជ្រកជាម្លប់ ព្រោះក្រុមហ៊ុនតូចមានបុគ្គលិកតិច មិនអាចទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនធំ ដែលមានបុគ្គលិករាប់រយនាក់បាននោះទេ។ តែយ៉ាងណាក៏ដោយ ក៏ត្រូវគិតពីមនុស្សដែលកាន់ក្រុមហ៊ុន franchise ដែលមានសមត្ថភាពគ្រប់គ្រងដែរឬទេ? នៅកម្ពុជាមានក្រុមហ៊ុន franchise ច្រើន។
លោកបញ្ជាក់ថា “សូមកុំជ្រើសរើសក្រុមហ៊ុន ត្រូវជ្រើសរើសអ្នកគ្រប់គ្រងក្រុមហ៊ុន Branchise ដែលមានសមត្ថភាពគ្រប់គ្រង”។
លោកបណ្ឌិតគីម ហ៊ាបបានបន្ថែមថា ម្យ៉ាងទៀតនេះ គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនតូចៗ ក្នុងការជ្រើសរើសក្រុមហ៊ុន Master franchise សម្រាប់ជ្រកហើយ បើទៅមុខទៀត នឹងលែងមានឱកាស។ ការដែលជ្រើសរើសរើសក្រុមហ៊ុន Franchise នេះ ព្រោះគេមើលឃើញឱកាសវិនិយោគវែងឆ្ងាយទៅមុខទៀត៕