តើ​ការ​វិនិយោគ​លើ​លំនៅ​ដ្ឋាន​គួរ​ប្រើប្រាស់​ប្រាក់កម្ចី​ពី​ធនាគារ​ដែរ​ឬទេ​?

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ សកម្មភាព​នៃ​ការ​វិនិយោគ​អចល​ទ្រព្យ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​ មាន​សកម្មភាព​យ៉ាង​ខ្លាំង​ ជាពិសេស​ក្រោយពេល​មាន​កិច្ច​ជួយ​សម្រួល​ពី​សមាសភាព​ នៃ​បណ្តា​ធនាគារឯកជន​មួយចំនួន​ ទៅលើ​ការ​ផ្ដល់​ប្រាក់កម្ចី​ដើម្បី​ទិញ​លំនៅ​ដ្ឋាន​រហូតដល់ ៧០​-៨០ភាគរយ​។

អគ្គនាយក​ក្រុមហ៊ុន​ PREMIUM​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ ដែល​ជា​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ ផ្ទាល់​បាន​មាន ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នៅ​ក្នុង​តំណា​ក់​កាល​នា​ពេល​បច្ចុប្បន្ន​នេះ​ ការ​វិនិយោគ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​ដោយ​ពឹងផ្អែក​ទុន​ពី​ធនាគារ​ ឬជា​ទុក​ផ្ទាល់ខ្លួន​ទាំងស្រុង​ក៏ដោយ​ ប្រការ​ដែល​សំខាន់​ មុន​ពេល​សម្រេចចិត្ត​វិនិយោគ​ គម្បី​មានការ​គិត​ និង​សិក្សា​ពី​ឱកាស​ ដែល​អាច​មានលទ្ធភាព​ចំណេញ​ជាមុន​សិន​។

លោក​បាន​បន្ត​ទៀត​ថា​ “មិនថា​ទោះជា​ការ​វិនិយោគ​ទៅលើ​លំនៅ​ដ្ឋាន​ ប្រភេទ​ណា​ នៅ​តំបន់​ណា​នោះ​ទេ​ សំខាន់​ត្រូវ​សិក្សា​ទៅលើ​ឱកាស​ទទួល​បាន​ចំណេញ​ ជាប្រចាំ​ត្រឡប់មកវិញ​ ហើយ​ប្រាកដ​ថា​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​សមរម្យ​”។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​ពន្យល់​ថា​ ជាទូទៅ​អ្នក​វិនិយោគ​គេ​តែង​គិតទៅ​លើ​កម្រិត​នៃ​ឱកាស​ទទួល​ចំណូល​ត្រឡប់​មក​ (Returned​ ​on​ Investment​) មុន​ពេល​សម្រេចចិត្ត​វិនិយោគ​។ បើ​នៅក្នុង​ប្រទេស​កម្ពុជា​ ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​គឺ​ក្នុង​អត្រា​ចាប់ពី១០​-១៥​ ភាគរយ​ប្រចាំឆ្នាំ​ជា​ការ​វិនិយោគ​ល្អ​ ដោយសារតែ​គេ​គិតទៅ​លើ​កម្រិត​នៃ​អត្រា​ការប្រាក់​របស់​ធនាគារ​ ដែល​ផ្តល់​កម្ចី​សម្រាប់​លំនៅ​ដ្ឋាន​។

​មានន័យថា​ បើ​ក្នុង​មួយឆ្នាំ​ឱកាស​នៃ​ការ​ចំណេញ​ត្រឡប់មកវិញ​ ត្រឹម១០ភាគ​ឬតិច​ជាង​នេះ​គេ​មិន​វិនិយោគ​នោះ​ទេ​ ព្រោះ​អត្រា​ការប្រាក់​របស់​ធនាគារ​គឺ​ប្រហាក់​ប្រហែល​ចាប់ពី៧​,៥ ទៅ៨​ ភាគរយ​ឬលើស​ពីនេះ​ក៏មានដែរ​។

​លោក​បាន​ពន្យល់​ទៀត​ថា​ ប៉ុន្តែ​បើ​នៅ​តាម​ប្រទេស​ដទៃផ្សេង​ ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​ត្រឹមតែ៨ភាគរយ​ គឺ​គេស​ម្រេច​វិនិយោគ​ដោយ​រីករាយ​ ក្រោម​ហេតុផល​ថា​ អត្រា​ការប្រាក់​ធនាគារ​ ដែល​ផ្តល់​កម្ចី​នៅ​ប្រទេស​គេ​មានកម្រិត​ត្រឹម​ប្រមាណ៤ទៅ ៤​,៥ ភាគរយ​តែប៉ុណ្ណោះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ មិនថា​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ដោយ​ការខ្ចី​កម្ចី​ពី​ធនាគារ​ ឬដោយ​ថវិកា​ផ្ទាល់ខ្លួន​សុទ្ធ​ ដើម្បី​ទុក​លក់​យកចំណេញ​បន្ត​ឬជួល​ គឺ​សុទ្ធតែ​ជា​ជម្រើស​ល្អ​ សំខាន់​បុគ្គល​ដែល​វិនិយោគ​ត្រូវ​ចេះ​រៀបចំ​ និង​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ពាក្យ​ថា​ការ​វិនិយោគ​សុទ្ធតែ​ស្ថិត​ក្នុង​គោលបំណង​ទទួលយក​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ការ​ចេះ​សិក្សា​ និង​ការ​ចេះ​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”។

​លោក​នួន​ រិទ្ឋី​បាន​បន្ត​ថា​ ហេតុនេះ​ការសង្កេត​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ជុំ​ និង​ក្នុង​តំបន់​ដែល​ចង់​វិនិយោគ​ វិភាគ​ទៅលើ​កត្តា​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ ដើម្បី​ជៀសវាង​ការទិញ​ផ្ទះ​ ហើយ​ទុកចោល​គ្មាន​តម្រូវការ​។លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ ការទិញ​លំនៅ​ដ្ឋាន​ដោយ​កម្ចី​ពី​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ជា​ជម្រើស​ដ៏​ល្អ​ ដែល​អាច​ជួល​សម្រួល​ដល់​អ្នក​ដែល​មាន​ចំណូល​មធ្យម​ អាច​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​ស្នាក់នៅ​ផ្ទាល់ខ្លួន​បាន​ ដោយ​បង់​ត្រឡប់ទៅ​ធនាគារ​វិញ​ក្នុងរយៈពេល​រហូតដល់២០ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here