អ្នកជំនាញ​បង្ហាញ​ពីអ​ចលនទ្រព្យ​ដែល​មាន​សក្ដានុពល​ខ្លាំង​ និង​ហានិភ័យ​ទាប​

0
សក្ដានុពល

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាទូទៅ​សម្រាប់​អចលនទ្រព្យ​ ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វធំៗ​នៅ​តំបន់​ទីប្រជុំជន​ ជាពិសេស​ក្នុង​តំបន់​ក្រុង​តែម្ដង​ សុទ្ធតែ​មាន​សក្ដានុពលខ្លាំង​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម​ផ្សេង​ៗរហូត​តំបន់​ខ្លះ​ក្លាយ​ជា​បណ្តុំ​ពាណិជ្ជកម្ម​ចំរុះ​ និង​មាន​តម្រូវការ​ខ្ពស់​។

​ដោយឡែក​ចំពោះ​អចលនទ្រព្យ​ស្ថិតនៅ​ផ្លូវ​ធំ​ តំបន់​ជាយក្រុង​ តើ​អាច​មាន​សក្ដានុពល​ដែរ​ឬទេ​?។

អ្នកវិភាគ​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​បាន​លើកឡើង​ថា​ “ខ្ញុំ​តែង​យល់ថា​ អ្នក​ដែល​មាន​អចលនទ្រព្យ​ ឬដី​នៅ​ផ្លូវ​ធំ​ (ទីតាំង​ពាណិជ្ជកម្ម​) កាន់កាប់​ឱកាស ៥០​% នៃ​គ្រប់​អាជីវកម្ម​ទាំងអស់​ ព្រោះ​គ្រប់​អាជីវកម្ម​ទាំងអស់​សុទ្ធតែ​ត្រូវការ​ទីតាំង​”។

លោក​បាន​សរសេរ​បន្ត​ទៀត​ថា​ ជាក់ស្តែង​យើង​អាច​វិភាគ​លើក​ត្តា​សំ​ខាន់​ៗមួយចំនួន​ដូចជា​ ទី១​ កាល៥ឆ្នាំមុន​ផ្ទះល្វែង​សំរាប់​ពាណិជ្ជកម្ម​ (shop​ house​) នៅ​ជាយក្រុង​មានតម្លៃ​ប្រមាណ ១០ម៉ឺន​ដុល្លា​អាមេរិក​ ឥឡូវ​មានតម្លៃ​ប្រមាណ ៣០ម៉ឺន​ដុល្លា​អាមេរិក​។ ទី២​ ស្ថាបនិក​របស់​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ដ៏​ធំ​បំផុត​របស់​អាមេរិក​ (អាម៉ាហ្សូន​) បាន​លើកឡើង​ថា​ អាម៉ាហ្សូន​ ជា​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ​ដ៏​តូច​មួយ​ ព្រោះ​ទីផ្សារ​លក់រាយ ៩០​% គឺជា​ទីផ្សារ​លក់​តាម​ហាង​ និង​តាម​ផ្ទះ​។

លោក​បាន​បន្ត​ថា​ “កម្ពុជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ការពង្រីក​វិសាលភាព​ទីក្រុង​ភ្នំពេញ​មានសន្ទុះ​ខ្លាំង​។ ដូច្នេះ​ការ​វិនិយោគ​រយៈពេល​វែង​ (ចន្លោះ​ពី​ ៥-១០​ ឆ្នាំ​) លើ​ដីធ្លី​បែប​ពាណិជ្ជកម្ម​ (ផ្លូ​វធំៗ​ ចាប់ពី​ទំហំ៣០ម៉ែត្រ​ឡើង​) នៅ​ជាយក្រុង​ឬជាប់​ក្រុង​ ដែល​មានតម្លៃ​ក្រោម ២០០ដុល្លា​ក្នុង១ម៉ែត្រការ៉េ​ ជា​ជម្រើស​វិនិយោគ​ដ៏​ល្អ​បំផុត​”។

ម្យ៉ាង​អចល​ទ្រព្យ​ប្រភេទ​នេះ​ មាន​ហានិភ័យ​ទាប​ ព្រោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​វា​បំរើ​ឱ្យ​មុខងារ​សេដ្ឋកិច្ច​តាមរយៈ​សកម្មភាព​ពាណិជ្ជកម្ម​នានា​”។

ជាមួយគ្នា​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ បើ​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ អចលនទ្រព្យ​គ្រប់​ប្រភេទ​សុទ្ធ​ តែ​មាន​តម្រូវការ​ខ្ពស់​ ប៉ុន្តែ​បើ​ជាយក្រុង​ ហើយ​កត្តា​ប្រជាសាស្ត្រ​មិន​អំណោយផល​ក៏អាច​ប្រឈម​ដែរ​។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “សម្រាប់​ក្នុង​ក្រុង​មិនថា​នៅ​ផ្លូវ​ធំ​ ឬតូច​នោះ​ទេ​ ភាគច្រើន​សុទ្ធតែ​អាចប​ង្កើត​អាជីវកម្ម​បាន​ទាំងអស់​ ប៉ុន្តែ​បើ​នៅ​ជាយក្រុង​ តំបន់​ខ្លះ​ហាក់​មិនទាន់​អាចប​ង្កើត​អាជីវកម្ម​បាន​នៅឡើយ​នោះ​ទេ​។

​លោក​បាន​បន្ត​ទៀត​ថា​ “ការដែល​អាច​ក្លាយជា​តំបន់​អាជីវកម្ម​ ឬមិន​អាច​អាស្រ័យ​លើក​ត្តា​ប្រជាសាស្ត្រ​ ឬដង់ស៊ីតេ​ក្នុង​តំបន់​បានន័យ​ថា​ កត្តា​ប្រជាជន​សំខាន់​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​រហូត​រយៈពេល១០ឆ្នាំខាងមុខ​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​ចម្ងាយ​ពី​ក្រុង៣០គីឡូម៉ែត្រ​ គឺ​នៅ​មានឱកាស​វិនិយោគ​ ហើយ​រហូតដល់​ឆ្នាំ២០៥០​ ក្រោយពេល​វិសាលភាព​ក្រុង​ត្រូវ​បាន​ពង្រីក​ វា​នឹង​បន្ត​រហូតដល់​ចម្ងាយ​ប្រមាណ៥០គីឡូម៉ែត្រ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here