ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីការសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះខ្ពស់កប់ពពក Thai Boon Roong ដែលមានកម្ពស់ជិត ៦០០ម៉ែត្រនោះ មានសាធារណៈជនជាច្រើនបានបង្ហាញពីការចង់ដឹង និងតាមដានពីសកម្មភាពនៃការសាងសង់យ៉ាងអន្ទះសារជាទីបំផុត។
ជាដំណាក់កាលដំបូងនៃការសាងសង់សំណង់អគារភ្លោះ ដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងពិភពលោក Thai Boon Roong ដែលមានទីតាំងស្ថិតប្របមាត់ទន្លេ ទល់មុខមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល ពេលនេះក្រុមហ៊ុននិងក្រុមវិស្វកម្ម បាននិងកំពុងធ្វើយ៉ាងលឿន ដើម្បីបញ្ចប់ការសាងសង់តាមផែនការ មុនពេលការដ្ឋានសាងសង់អាគារខ្ពស់នេះចាប់ផ្តើមនាពេលឆាប់ៗនេះ។
-->
ការសាងជញ្ជាំងទប់ដី Diaphragm Wall ដ៏មហិមានេះ មានការលើកដាក់ Steel Cage ជាច្រើនផ្ទាំង ហើយក្នុងមួយផ្ទាំងៗមានទម្ងន់រហូតដល់៥០តោន។
ស្ថាបត្យករអាស៊ាន លោកសាស្ត្រាចារ្យ ទួស សាភឿន ប្រធានក្រុមការងារស្ថាបត្យកម្ម និងសំណង់ប្រចាំក្រុមហ៊ុនថៃប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណស្ថាបត្យករជាតិកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩កន្លងមកថា បច្ចុប្បន្ននេះ សកម្មភាពសាងសង់ជញ្ជាំងទប់ដី ដែលកំពុងធ្វើដោយក្រុមអ្នកជំនាញជាច្រើននាក់ គឺមានភាពមមាញឹក ដែលសូម្បីតែពេលយប់ក៏ធ្វើការដែរ។
លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា “តាមគម្រោង និងកុងត្រាជាមួយក្រុមហ៊ុនទទួលសាងសង់ជញ្ជាំងទប់ដីនេះ គឺត្រូវចំណាយពេល៦ខែ ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានពន្យាពេលដោយសារតែកត្តាមួយចំនួនជាឧបសគ្គ”។ លោកបន្តទៀតថា “ឧបសគ្គចម្បង គឺការខ្វះខាត និងពិបាកក្នុងការជួលឧបករណ៍ ដែលសុទ្ធតែយកមកពីបរទេសទាំងអស់ ដោយបច្ចេកទេសត្រូវបានយកមកពីប្រទេសចិន និងប្រទេសវៀតណាម ប៉ុន្តែមកទល់ពេលនេះ ដំណាក់កាលសាងសង់ជញ្ជាំងទប់ដីនេះ ជិតបានបញ្ចប់ហើយ”។
ជាដំណាក់បន្ទាប់ លោកសាស្ត្រាចារ្យទួស សាភឿន បានបញ្ជាក់ប្រាប់ថា ការសាងសង់ជញ្ជាំងទប់ដីនេះ មានសារៈសំខាន់បំផុតក្នុងការការពារបាក់ដី ឬស្រុត នៅពេលដែលយើងកាយដីក្នុងជម្រៅជ្រៅ ដើម្បីចាប់ផ្តើមដំណើរការសាងសង់បន្ទាប់ ដូចជាការខួងដីដើម្បីបុកគ្រឹះជាដើម។ លោកបានបន្តថា បើទោះជាត្រូវពន្យាពេល ក៏យើងស្របតាម មិនបង្ខំនោះទេ ព្រោះយើងចង់បានគុណភាពសំណង់ជាអាទិភាព ហើយម៉្យាងអគារនេះមិនមែនជាប្រភេទអគារធម្មតា ឬតូចនោះទេ។
លោកបញ្ជាក់ថា “ពេលនេះក្រុមអ្នកជំនាញបច្ចេកទេស បាននិងកំពុងពន្លឿនសកម្មភាពដើម្បីឱ្យបានសម្រេច និងលេចចេញលទ្ធផលទៅតាមដំណាក់កាល ដែលបានគ្រោងទុក”។
អគារភ្លោះនេះមានកម្ពស់៥៦៨ម៉ែត្រ ដែលជាកម្ពស់ខ្ពស់ជាងគេលើពិភពលោកមានចំនួន១៣៣ជាន់ ដោយសម្ភារៈដែកដែលត្រូវយកមកសាងសង់ ត្រូវបានបញ្ជាទិញផ្ទាល់ពីរោងចក្រជំនាញ រួមជាមួយការកំណត់ប្រវែងផងដែរ។ ទាំងអស់នេះគឺជារូបភាព នៃសកម្មភាពសាងសង់យ៉ាងសកម្មរបស់ក្រុមអ្នកជំនាញ៕





