តំបន់​ក្រាំងធ្នង់​ក្នុង​ខ័​ណ្ឌ​សែន​សុខ​កំពុងមាន​សក្ដានុពល​កាន់តែខ្លាំង

0
ក្រាំងធ្នង់

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រាំងធ្នង់ ដែល​ធ្លាប់តែ​ជា​តំបន់​ដាច់ស្រយាល និង​លិច​ទឹក​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ពេលនេះ​ត្រូវបាន​បំពេញ​ទៅដោយ​សំណង់​លំនៅដ្ឋាន​ស្អេកស្កះ  រួមជាមួយ​នឹង​វត្តមាន​របស់​សំណង់​បុរី​ធំ​ជាច្រើន ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​តំបន់​មួយ​នេះ​ឡើងថ្លៃ​លើសពី​ការ​ស្មាន។

ងាក​ចេញពី​ទីប្រជុំជន​ស្ថិត​កណ្តាល​ក្រុង​បន្ដិច តំបន់​ក្រាំងធ្នង់ ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេលនេះ​បានបង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​យ៉ាង​អស្ចារ្យ ជាមួយនឹង​វត្តមាន​សំណង់​លំនៅដ្ឋាន និង​បុរីធំៗ រហូតដល់​លំនៅដ្ឋាន​កម្រិត​ខ្ពស់​ជាច្រើន មក​ជំនួស​តំបន់​ដែល​ធ្លាប់តែ​ជា​បឹង និង​ជា​ដី​លិច​ទឹក​ល្ហល្ហេវ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ​ថា បច្ចុប្បន្ននេះ​ក្រាំងធ្នង់ ត្រូវបាន​គេ​ប្រដូច​គ្នា​ទៅនឹង​តំបន់​ភ្នំពេញ​ថ្មី កាល​ប៉ុន្មាន​ឆ្នាំមុន​យ៉ាង​ដូច្នោះ។ ក្រាំងធ្នង់​ឥឡូវ បាន​ក្លាយជា​តំបន់​ជាយក្រុង​សេដ្ឋកិច្ច​លេខ១ បើ​ប្រៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត។

លោកស្រី​បន្តថា “មូលហេតុ​ដែល​ជំរុញ​ឱ្យ​តំបន់​នេះ មានការ​អភិវឌ្ឍ​លឿន ដោយសារ​តែមាន​ភាពអំណោយ​ផល​ពី​កត្តា​ភូមិសាស្ត្រ ដែល​ស្ថិតនៅ​គៀក​ក្រុង មាន​បណ្តាញ​ផ្លូវធំ​ច្រើន ងាយស្រួល​ធ្វើដំណើរ និង​មាន​តំបន់​ពិសេស​នៅ​ព័ទ្ធជុំវិញ​ច្រើន។ លោកស្រី​បន្ថែមថា “នៅពេល​ដែលមាន​ផ្លូវធំ មាន​បណ្តាញទឹក និង​អគ្គិសនី​គ្រប់គ្រាន់ ក្រុមហ៊ុន​អភិវឌ្ឍ​នឹង​ចូលខ្លួន​ទៅ​វិនិយោគ​យ៉ាង​ប្រាកដ ជាពិសេស​លើ​វិស័យ​លំនៅដ្ឋាន ដែល​ការវិនិយោគ និង​ការអភិវឌ្ឍ គឺ​សុទ្ធតែ​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​យ៉ាង​ប្រាកដ។

អគ្គនាយក​ក្រុមហ៊ុន PREMIUM Group លោក​ម៉ាន់ ច័ន្ទ​ឌី ដែលជា​អ្នកវិនិយោគ និង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ផងដែរ​នោះ បាន​មាន​ប្រសា​ស​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​ទទួលស្គាល់​ពី​ការរីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​លឿន​របស់​តំបន់​ជាយក្រុង​ក្រាំងធ្នង់។

លោក​បាន​បន្តទៀត “ក្រាំងធ្នង់​លែង​ជា​តំបន់​ជាយក្រុង​ទៀតហើយ ដែល​ពេលនេះ​ស្ទើរតែ​គ្មាន​ដី​ទំនេរ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ទៀត​ទេ។ លោក​បន្តទៀតថា “តំបន់​ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​ដូចជា​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី និង​ផ្លូវ​ហាណូយ គឺមាន​តម្លៃ​ខ្ពស់ ដែល​យ៉ាងហោចណាស់ ក៏​ក្នុង​ចន្លោះ​ជាង ១០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ ស័ក្ដិសម​នឹង​ការអភិវឌ្ឍ​ជា​អគារ​ពាណិជ្ជកម្មធំៗ ប៉ុន្តែ​មិន​ស័ក្ដិសម​ទៅនឹង​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​នោះទេ។

លោក​បាន​បន្តទៀតថា តំបន់​ដែល​ល្អ​ក្នុងការ​អភិវឌ្ឍ​លំនៅដ្ឋាន គឺមាន​តម្លៃ​ក្រោយ ២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មាន​វិសាលភាព​ទូលាយ ខណៈ​តំបន់​ក្រាំងធ្នង់​កាលពី៣ឆ្នាំមុន​គឺ​ផ្តល់​ឱកាសល្អ​សម្រាប់​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ឱកាសល្អៗទាំងនោះ​លែងមានទៀតហើយ ហើយ​វា​នឹង​បន្ត​ទ​ពង្រីក​តម្លៃ​លើង​ខ្ពស់ជាង​នេះ​បន្ថែមទៀត​នៅត្រឹម​ឆ្នាំក្រោយ។

ក្រាំងធ្នង់

លោក​បាន​បញ្ជាក់ថា ដី​មាន​ភាពខុសគ្នា​ខ្លាំង បើទោះជា​ស្ថិតនៅក្នុង​តំបន់​ក្រាំងធ្នង់​ដូចគ្នា​ក៏ដោយ ដូចជា​នៅ​តំបន់​ទំនេរ​មិនជា​ប់​ផ្លូវធំ អាចមាន​តម្លៃ​ក្នុង​ចន្លោះ ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយឡែក​បើ​នៅ​តំបន់​ទីប្រជុំជន និង​ជាប់​ផ្លូវធំ​អាចមាន​តម្លៃ​ខ្ពស់​រហូតដល់​ជាង ១០០០ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​ខ្ពស់ជាង​នេះ​ក៏មាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here