ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

0
ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ Commerz Real ជា​សាខា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់ German Commerzbank បានប្រកាស​លក់​អគារ​ការិយាល័យ 71 Robinson Road របស់ខ្លួន​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ក្នុង​តំលៃ ៦៥៥លាន​ដុល្លារ​សឹង្ហ​បុរី ស្មើនឹង​តម្លៃ ៤៧៥,៧លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ក្រុមហ៊ុន​ SV Robinson ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ Sun Venture Group។

សារព័ត៌មាន​ APAC Real Estate បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៥ ម្សិលមិញ​នេះ ថា អគារ​ការិយាល័យ​នេះ ត្រូវបាន​ដំណើរការ​នៃ​ការដាក់​ជួល​ក្នុង​តំលៃ ១០ដុល្លារ ក្នុង​មួយ​ហ្វី​ត​ការ៉េ ដោយមាន​ក្រុមហ៊ុន​ជាច្រើន​បាន​ជួល​ការិយាល័យ​ធ្វើការ​ក្នុង​អាគារ​នេះ រួមមាន​ក្រុមហ៊ុន​ CommerzBank  ក្រុមហ៊ុន ​Visa ក្រុ​ហ៊ុន Ogilvy និង​ក្រុមហ៊ុន WeWork ។ ក្រុមហ៊ុន​ WeWork បាន​ជួល​ 3ជាន់​ចាប់តាំងពី​ឆ្នា២០១៧កន្លងមកនេះ។

ក្រុមហ៊ុន​ Commerz Real Estate បាន​ទិញ​អគារ​ការិយាល័យ​នេះ តាំងពី​ឆ្នាំ ២០០៨ ដោយ​អគារ​នេះ​មាន​កំពស់១៣ជាន់ ដែលមាន​ផ្ទៃក្រឡា​ការិយាល័យ​ទំហំ២២,០០០ ម៉ែត្រការ៉េ មាន​ទាំង​មាន​ចំណតរថយន្ត​ពីរ​ជាន់។

លោក ​Henning Koch ប្រធាន​គ្រប់​គ្រង់​ប្រតិបត្តិការ​សកល​របស់​ក្រុមហ៊ុន Commerz Real បានឱ្យដឹងថា អាស៊ី​រក្សាបាន​នូវ​ទីផ្សារ​ដ៏​ទាក់ទាញ សម្រាប់​ការវិនិយោគ​លើ​អគារ​ការិយាល័យ ដោយសារតែ​កំណើន​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់។

លោក Chris Fossick អគ្គនាយក​ក្រុមហ៊ុន ​JLL ប្រចាំ​នៅ​សឹង្ហ​បុរី និង​អាស៊ីអាគ្នេយ៍ បានឱ្យដឹង​ដែរ​ថា ប្រតិបត្តិការ​ការិយាល័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី សម្រេចបាន​កំណើន​តម្លៃ​ហូត​ដល់៤.៦ពាន់​លាន​ដុល្លារ និង​បន្ត​កើនឡើង​ថែមទៀត​នៅ​ចុងឆ្នាំ២០១៩នេះ។

លោក​បន្តថា តម្រូវការ​ការិយាល័យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី ត្រូវបាន​រុញច្រាន​ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ រួមមាន​បច្ចេកវិទ្យា សេវាកម្ម និង​ឧស្សាហកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​កំពុងមាន​ការរីក​ចំរើន។

ក្រុមហ៊ុន​អាល្លឺម៉ង់​លក់​អគារ​ការិយាល័យ​របស់​ខ្លួ​នៅ​សឹង្ហ​បុរី​តម្លៃ​ជិត ៤៧៦លាន​ដុល្លារ

យោងតាម​របាយការណ៍​ពី​ក្រុមហ៊ុន JLL បាន​ឲ្យ​ដឹងថា ការជួល​ការិយាល័យ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង៣៣ភាគរយ នៅ​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២២ ដែលជា​អត្រា​ខ្ពស់បំផុត​នៅ​ទូទាំង​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here