អ្នក​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋានធំៗកំពុង​បាញ់​ឆ្ពោះទៅកាន់​តំបន់​ផ្លូវជាតិ​លេខ៣

0
​ផ្លូវជាតិ​លេខ៣

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ស្រប​ពេលដែល​គម្រោង​នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ៣ និង​ពង្រីក​រហូតដល់៤គន្លង ដែល​កំពុងតែ​សម្រុក​ដើម្បី​បញ្ចប់​ទៅតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពេលនេះ​មាន​ក្រុមហ៊ុនធំៗដែលជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម បាននិងកំពុង​ចាប់អារម្មណ៍​បាញ់​ឆ្ពោះទៅកាន់​តំបន់​នេះ។

ក្រៅពី​គម្រោង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ធំ​របស់​ក្រុមហ៊ុន​ក្នុងស្រុក ដូចជា​គម្រោង​បុរី​ពិភពថ្មី គម្រោង​បុរី លឹម ឈាង​ហាក់ គម្រោង​បុរី ឡេង ណា​វ៉ា​ត់​ត្រា ដែលមាន​តម្លៃ​វិនិយោគ​រាប់សិប​លាន​ដុល្លារ​នោះ ក៏មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍ​ជា​មណ្ឌល​ទេសចរណ៍ និង​លំនៅដ្ឋាន​ពី​សំណាក់​ក្រុមហ៊ុន​ថៃ​ផងដែរ បន្ទាប់ពី​មើលឃើញថា នៅតាម​តំបន់​ផ្លូវជាតិ​លេខ៣មាន​សក្ដានុពល​ខ្លាំង និង​អាច​មានឱកាស​ទទួលបាន​ប្រាក់ចំណេញ​ច្រើន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​ពី​ភាព​ទាក់ទាញ​នៃ​តំបន់​ផ្លូវជាតិ​លេខ៣តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ​ថា ការចូល​ខ្លួន​ទៅ​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ផ្លូវជាតិ​លេខ៣នាពេលនេះ​គឺមាន​ឱកាសល្អ​ច្រើន។ លោក​បាន​បន្តទៀតថា “ជាធម្មតា ទាល់តែ​គេ​សម្លឹង​ឃើញ​ពី​ឱកាស​ទទួលបាន​ប្រយោជន៍ និង​ចំណេញ ទើប​គេ​បណ្តាក់ទុន​វិនិយោគ។

លោក​បាន​បន្តទៀតថា “ផ្លូវជាតិ​លេខ៣ពេលនេះ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​ពេលមុន ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​បាន​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន។

លោក​បាន​បន្តទៀតថា “តំបន់​ដែលមាន​ចម្ងាយ​ប្រមាណ២០-៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​នៅតែមាន​ភាពល្អប្រសើរ​លើ​ការវិនិយោគ​ទាំងអស់ ”។ លោក​បាន​បញ្ជាក់ទៀតថា “ហេតុផល​ដែល​អ្នកវិនិយោគ​សម្រុក​ទៅធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​ខាងលើនេះ ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ល្អ វិសាលភាព​ដី​នៅ​ទូលាយ​ច្រើន ហើយ​តម្លៃ​ដី​នៅមានកម្រិត​ទាប ដែល​អំណោយផល​ដល់​គម្រោង​អភិវឌ្ឍ​របស់​ពួកគេ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “តំបន់​ផ្លូវជាតិ​លេខ៣ ដែល​ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ មាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍន៍ ព្រោះ​តំបន់​នេះ​ភាគច្រើន​មាន​សណ្ឋាន​ដី​ល្អ​អំណោយផល​ដល់​ការអភិវឌ្ឍ។

លោក​ឧកញ៉ា​បន្តទៀតថា  “ក្រៅពីនេះ វា​ក៏មាន​ទីតាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន​នៃ​រាជធានី​ភ្នំពេញ ដែលមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ចេញចូល​ក្រុង​តាមរយៈ​បណ្តាញផ្លូវធំៗជាច្រើន​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នេះ។

លោក​ឧកញ៉ា​បន្តទៀតថា “អ្វីដែល​សំខាន់ និង​ជម្រុញ​ឱ្យ​អ្នក​អភិវឌ្ឍ​ជាច្រើន​ចាប់អារម្មណ៍​ចូលទៅ​កាន់​តំបន់​នេះ មូលហេតុ​ចម្បង​បំផុត គឺ​តម្លៃ​ដី​ទាប ស័ក្ដិសម​ទៅនឹង​គម្រោង​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម ដែល​កំពុង​តែមាន​ទីផ្សា​រ​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here