ដោយគង់ សូរិយា
ភ្នំពេញៈ អនុប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមដើម្បីរៀបចំក្រមសីលធម៌វិជ្ជាជីវៈ សំរាប់ប្រើប្រាស់ក្នុងក្របខ័ណ្ឌសមាគម ក៏ដូចជាប្រើប្រាស់ទូទៅក្នុងវិស័យនេះ។
ក្រមសីលធម៌វិជ្ជាជីវៈមានសារៈសំខាន់ណាស់ សំរាប់វិស័យសំណង់ និងអចលនទ្រព្យ និងគ្រប់វិស័យ ដោយសារការធ្វើការដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ នឹងធ្វើឲ្យការងាររបស់់ក្រុមហ៊ុន ឬសមាគមណាមួយនោះមានគុណតម្លៃ និងទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព។
លោកយិន លាងគង់បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ សីហា នៅទីស្នាក់ការសមាគមអ្នកជំនាញអចលនទ្រព្យថា ដោយយល់ឃើញថាក្រមសីលធម៌វិជ្ជាជីវៈ មានសារៈសំខាន់ ក្នុងការធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិមានទំនុកចិត្ត ហេតុនេះទើបសមាគមបាន និងកំពុងផ្តោតការងារសំខាន់ លើការរៀបចំបទដ្ឋានក្រមសីលធម៌វិជ្ជាជីវៈនេះឡើង ដែលមិនត្រឹមតែអាចប្រើប្រាស់ ក្នុងក្របខ័ណ្ឌសមាគមនោះទេ ប៉ុន្តែក៏អាចប្រើប្រាស់បានទូទៅសំរាប់អ្នកពាក់ព័ន្ឋក្នុងវិស័យនេះផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការណែនាំស្តីពី ក្រមសីលធម៌វិជ្ជាផងដែរ ប៉ុន្តែមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយ។
លោកបន្តថា “អ្នកដើរតួនាទីជាភ្នាក់ងារអចលនទ្រព្យក្តី អ្នកវិនិយោគក្តី ការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រឹមធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនទទួលបានអតិថិជនកាន់តែច្រើននោះទេ ប៉ុន្តែក៏ជាការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
លោកបន្តថា “សមាគមអ្នកជំនាញអចលនទ្រព្យបាន និងកំពុងគោរពតាមក្រមសីលធម៌របស់ក្រសួង ប៉ុន្តែសមាគមបាននិងកំពុងពង្រឹងលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកសមាគមគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យកាន់តែរីកចម្រើនលឿនថែមទៀត។
ជាមួយនឹងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងចូលរួមជួយរដ្ឋាភិបាលក្នុងការអូសទាញការវិនិយោគ ថ្នាក់ដឹកនាំសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក៏បានផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សផងដែរ ដោយសារធនធានមនុស្សក្នុងវិស័យនេះនៅមានការខ្វះខាតនៅឡើយ។ ហេតុនេះទើបនៅពេលថ្មីៗនេះ ថ្នាក់ដឹកនាំសមាគមបានដឹកនាំថ្នាក់ដឹកនាំ និងសមាជិកសមាគមជាច្រើន ទៅទទួលការបណ្តុះបណ្តាលជំនាញអចលនទ្រព្យអន្តរជាតិនៅប្រទេសសឹង្ហបុរី និងប្រទេសថៃជាដើម៕