ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីព្រឹកថ្ងៃទី១២ ខែសីហា ព្រឹកមិញនេះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្ននេះអគារខ្ពស់ៗនៅកម្ពុជាមួយចំនួន នៅមិនទាន់មានច្រកសុវត្ថិភាព សម្រាប់រត់ចេញនៅពេលមានគ្រោះអគ្គីភ័យនៅឡើយ ដែលនេះជាបញ្ហាប្រឈមយ៉ាងសំខាន់ដែលត្រូវតែមានការរឹតបន្តឹង។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១២ សីហានេះថា មន្ដ្រីជំនាញរបស់ក្រសួងមហាផ្ទៃ បានរកឃើញអគារ និងផ្ទះជួលមួយចំនួននៅកម្ពុជា មិនទាន់ដាក់សញ្ញាសង្គ្រោះ ពេលមានអគ្គីភ័យកើតឡើងនៅឡើយ ដូច្នេះ ម្ចាស់អគារ និងផ្ទះជួលទាំងអស់ត្រូវដាក់សញ្ញាសង្គ្រោះ និងមានច្រករត់ចេញជាបន្ទាន់ ហើយក៏ត្រូវមានការធានារ៉ាប់រងអគ្គីភ័យផងដែរ។
-->
លោកបន្តថា “មកទល់ម៉ោងនេះអគារខ្លះ មិនទាន់បានធ្វើច្រកសង្គ្រោះទេ អាសញ្ញាសង្គ្រោះក៏មិនបំពាក់ សម្លេងសារ៉ែនក៏អត់បានដាក់ ចឹងដល់ពេលឆេះ អ្នកនៅក្នុងអគារអត់បានដឹង។ លោកបន្ដថា “បន្ទាប់ពីការស្រាវជ្រាវ និងសិក្សាដោយមន្ដ្រីជំនាញផ្នែកបង្ការ និងពន្លត់អគ្គីភ័យកាលពីពេលថ្មីៗនេះ បានរកឃើញថា អគារខ្ពស់ៗមួយចំនួន ដែលកំពុងសាងសង់ និងដំណើរការនៅកម្ពុជា មិនមានច្រកសុវត្ថិភាពសម្រាប់គេចខ្លួន នៅពេលមានគ្រោះអគ្គីភ័យកើតឡើងឡើយ។
ជាមួយគ្នានេះលោកបានទទួលស្គាល់ថា ភាពរីកចម្រើន និងការអភិវឌ្ឍតែងតែមានផលប៉ះពាល់។
លោកអ៊ុក គឹមលេខបានបន្តថា នៅកម្ពុជាសព្វថ្ងៃនេះ មានអគារធ្វើរហូតដល់៦០ជាន់ ប៉ុន្ដែឡានទឹកបាញ់បានត្រឹមតែ ៣-៤ជាន់ ដូច្នេះនេះជាបញ្ហា។ ម្ចាស់អ្នកផ្ទះ និងអ្នករស់នៅប្រើប្រាស់អគារខ្ពស់ៗ មួយចំនួនពួកគាត់មិនទាន់យល់ដឹងថា តើអ្វីទៅដែលបណ្ដាលឱ្យមានអគ្គីភ័យ? ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានា ដែលបណ្តាលឱ្យមានគ្រោះអគ្គីភ័យកើតឡើង ក្រសួងមហាផ្ទៃ បានជំរុញឱ្យអ្នកជំនាញ ឯកទេសស្ថាបត្យករសំណង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ នៅពេលចេញគម្រោងប្លង់របស់ខ្លួន។
លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា ច្រកសុវត្ថិភាពពេលមានគ្រោះអគ្គីភ័យ ក្រៅពីសំដៅលើប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ដែលត្រូវបានបំពាក់នៅក្នុងតួអគារ ស្ថាបត្យករត្រូវបានគេយកចិត្តទុកដាក់២ប្រភេទ គឺច្រកជណ្ដើរថ្មើរជើង និងច្រកជណ្ដើរយន្តសុវត្ថិភាព។
លោកបានបញ្ជាក់ថា “សម្រាប់ច្រកជណ្ដើរយន្តសុវត្ថិភាព គេធ្វើឡើងជាមួយប្រព័ន្ធអគ្គិសនីពិសេស (ប្រភពថាមពលអគ្គិសនីទី២) ដើម្បីជំនួសប្រព័ន្ធអគ្គិសនីក្នុងតួអគារដែលត្រូវបានកាត់ផ្ដាច់ដោយស្វ័យប្រវត្តិ។
លោកបន្តទៀតថា “ធម្មតានៅពេលដែលមានបញ្ហាអគ្គីភ័យកើតឡើង ប្រព័ន្ធបញ្ជាអគ្គិសនី ក្នុងតួអគារទាំងមូលនឹងត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តិភ្លាមៗ ហើយជំនួសដោយបណ្តាញអគ្គិសនីបម្រុងពិសេស ដែលស្ថិតនៅក្រៅតួអគារ ដើម្បីបន្តសកម្មភាពរបស់ជណ្ដើរយន្តសុវត្ថិភាពឱ្យដំណើរការ។
លោកទួស សាភឿនបានបន្តទៀតថា ភាគច្រើនប្រព័ន្ធបញ្ជាអគ្គិសនីជំនួសបែបនេះ ហាក់មិនត្រូវបានប្រើនៅតាមអគារនានា ក្នុងប្រទេសកម្ពុជានោះទេ ដោយហេតុថា ប្រភពនៃបណ្តាញអគ្គិសនីហាក់នៅឆ្ងាយពីគ្នា ហើយផ្តល់ភាពស្មុគស្មាញច្រើនដល់អ្នកសាងសង់គម្រោង ប៉ុន្តែបើនៅតាមបណ្តាប្រទេសជិតខាង គឺគេមានប្រើគ្រប់គ្រាន់។
យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃអនាគតខាងមុខនេះ គ្រប់វត្តមាននៃសំណង់អគារខ្ពស់ៗទាំងអស់នៅកម្ពុជា នឹងមានប្រើប្រាស់បច្ចេកទេសទាំងនេះ នៅពេលដែលថាមពលអគ្គិសនីកម្ពុជា មានការផ្គត់ផ្គង់គ្រប់គ្រាន់ ហើយការកំណត់ពីគុណភាពស្ដង់ដាសំណង់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ គ្រោះអគ្គីភ័យបានកើតឡើងចំនួន៤២៩ លើក សម្លាប់មនុស្សចំនួន១០នាក់ របួសធ្ងន់ស្រាល់ចំនួន៤៦នាក់ និងឆេះផ្ទះចំនួន៤១៨ខ្នង៕