ក្រសួង​សាធារណៈការ​នឹងសិក្សា​ស្ថានភាព​ផ្លូវជាតិ​លេខ៤ ឡើងវិញ​ក្រោយ​រង​ការខូចខាត​ដោយ​ទឹកជំនន់

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សា​សាងសង់​ផ្លូវថ្នល់ ធ្វើការ​សិក្សា​នូវ​ផ្លូវជាតិ​លេខ៤ឡើងវិញ​នូវ​កន្លែង​ខ្លះ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​កាលពីថ្មីៗនេះ។

ក្រសួង​សាធារណៈការ​

លោក វ៉ា ស៊ីម​សូ​រិ​យ៉ា អ្នកនាំពាក្យ​ក្រសួង​សាង​ធា​រណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ នេះ​ថា នៅ​ឆ្នាំ២០១៨ ផ្លូវជាតិ​លេខ ៤នេះ បាន​រងគ្រោះ​ដោយ​ទឹកជំនន់ បណ្តាលឱ្យមាន​ការខូចខាត​កន្លែង​ខ្លះ ហើយ​បានឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សា​សាងសង់​ផ្លូវថ្នល់​សិក្សា​លើកកម្ពស់​បន្ថែម តែ​សម្រាប់​នៅ​ឆ្នាំ២០១៩ នេះ ក៏មាន​កន្លែង​ខ្លះ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្រសួង​នឹង​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​សិក្សា​ឡើងវិញ​ដែរ។

លោក​បន្តថា “យើង​ឃើញ​ផ្លូវ​រងគ្រោះ​ដោយ​ទឹកជំនន់​ហើយ យើង​ឱ្យគេ​ទៅធ្វើ​ម្តេច​កើត។ ចឹ​ង​ទេ​ត្រូវតែ​សិក្សា​ឡើងវិញ​នៅ​កន្លែង​ដែល​ជន់​លិច​ហ្នឹង។

អ្នកនាំពាក្យ​នាំពាក្យ​រូបនេះ​បន្តថា ការសិក្សា​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ៤ឡើងវិញ​នេះ​នឹង​អាច​ប្រើពេល​ពី៥ ទៅ៦ខែ​បន្ថែមទៀត​ទើប​ចប់ ហើយ​អាច​នឹង​ចំណាយ​ថវិកា​ច្រើន​លើ​ពី​ផែនការ ដែល​បាន​ដាក់ចេញ​ចំនួន១១០លាន​ដុល្លារ កាលពី​ឆ្នាំ២០១៨ កន្លងមកនេះ ដែលជា​កម្ចី​ថវិកា​របស់​ធនាគារពិភពលោក។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ឆ្នាំ២០១៨បាន​លើកឡើងថា ថវិកា​ដែល​គ្រោង​ចំណាយ​ក្នុងការ​ជួសជុល និង​ប​ង្រី​ក​ផ្លូវជាតិ​លេខ៤នេះ ជា​ថវិកា​កម្ចី​ពី​ធនាគារពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១១០លាន​ដុល្លារ ដោយ​ពង្រីក​ទំហំ​ផ្លូវ​នេះ​ពី៧ម៉ែត្រ ដល់១១ម៉ែត្រ​ចេញ​សង់ខាង​ថែមទៀត ដោយ​ចាក់​កៅស៊ូ​ប្រភេទ​AC ។

ផ្លូវជាតិ​លេខ ៤ នេះ​គឺជា​ផ្លូវ​សេដ្ឋកិច្ច និង​ជា​សរសៃឈាម​ក្នុងការ​ដឹកជញ្ជូន ហើយ​ការកែលម្អ​ផ្លូវ​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​នោះទេ ដោយសារតែ​ផ្លូវ​ល្បឿន​លឿន ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន   ទៅលើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយទៀត។

ការកែលម្អ​ផ្លូវជាតិ​លេខ៤នេះ នឹងមិន​មានការ​ពង្រីក​បន្ថែម​ថ្មី​ទៀត​ទេ ប៉ុន្ដែ​អាច​ពង្រីក​អ៊ុត​កៅស៊ូ​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហមខ្លះៗដែរ ជាពិសេស​ការកសាង​ស្ពាន​បន្ថែម ឬ​បើក​មុខទឹក​ឱ្យបាន​ធំ​ជាង​មុន ខណៈពេលដែល​បច្ចុប្បន្ន​មានការ​លិច​ទឹក​ហូរ​កាត់​តាម​ដងផ្លូវ​នៅ​កន្លែង​មួយចំនួន និង​បានកើត​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុងពេល​កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here