ដោយៈ រ៉ាណេត
ភ្នំពេញៈ មានការលើកឡើងថា នៅក្នុងវិស័យអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគភាគច្រើនសុទ្ធតែបានបង្ហាញ ពីចំណាប់អារម្មណ៍ទៅលើការធ្វើជំនួញលើវិស័យដីធ្លីច្រើនជាងវិស័យសំណង់ ដោយសារតែការវិនិយោគដី អាចធ្វើបានចាប់ពីទំហំតូចឡើងទៅរហូតដល់ទ្រង់ទ្រាយធំ និងងាយទទួលបានចំណេញ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Land Station លោក កាង សុធី បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យដីធ្លីត្រូវបានបែងចែកជាច្រើនរូបភាព និងច្រើនសណ្ឋាន សម្រាប់អ្នកដែលចង់ចូលប្រឡូកនៅក្នុងវិស័យមួយនេះ សុទ្ធតែមានឱកាសទាំងអស់ ហើយក៏អាចរីកលូតលាស់ក្នុងពេលដ៏ខ្លីផងដែរ។
លោកបានបន្តទៀតថា “សម្រាប់អ្នកដែលដាក់ចិត្តរកស៊ីនៅក្នុងវិស័យនេះ ទាមទារឱ្យមានការចេះសង្កេតបរិយាកាសជុំខ្លួន និងមានភាពឆ្លាតវៃក្នុងការសម្រេចិត្ត។
អ្នកជំនាញដែលកំពុងតែឡូកយ៉ាងជ្រៅ នៅក្នុងវិស័យដីធ្លីរូបនេះបានបន្តទៀតថា “ការទិញដីទុកលក់យកចំណេញ ត្រូវតែធ្វើឡើងដោយភាពរីករាយ និងមានសេរីភាពក្នុងការសម្រេចចិត្ត។ លោកបានថា “មានមនុស្សមួយចំនួនបានបាត់បង់ឱកាស ដោយសារតែមហិច្ឆតាខ្ពស់ ចង់បានចំណេញច្រើនហួសប្រមាណ។
លោកកាង សុធីបានលើជាឧទាហរណ៍ថា “ អ្នកខ្លះ ដីទើបតែនឹងទិញបានប្រហែលជា២ខែ ហើយមានគេសាកសួរដោយផ្តល់ប្រាក់ចំណេញ ប្រមាណ ៣០ភាគរយនៃតម្លៃដើម ប៉ុន្តែពួកគេមិនលក់នោះទេ ដោយសារតែគិតថា ភាពលោកលន់ចង់ចំណេញច្រើន ក៏បង្អង់ចិត្តទុកលក់ពេលក្រោយ។ ការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យអតិថិជនងាកទៅសម្លឹងមើលតំបន់ដែលនៅជិតគ្នាជំនួសវិញ។
លោកបានបន្តថា “ដីដែលមានទីផ្សារខ្ពស់ មានហាងឆេងល្អ មិនពិបាកលក់ គួរតែជាប្រភេទដីដែលមានតម្លៃក្រោម ៣០ម៉ឺនដុល្លារ”។
លោកកាង សុធី បានមានប្រសាសន៍ទៀតថា បង្កើនការលក់ក្នុងរយៈពេលដ៏ខ្លី ទោះចំណេញតិចក៏ដោយ ឱ្យតែមានឱកាសច្រើនដង គួរកុំអូសបន្លាយពេល ត្រូវតែលក់ចេញ ហើយរកទិញជំនួសបន្ថែមវិញ។ លោកបន្តថា យើងគួរប្រកាន់គោលការណ៍ថា ស៊ូចំណេញតិចតែលក់ឱ្យបានច្រើនដង នោះចំណូលនៃប្រាក់ចំណេញក៏នឹងកើនឡើង ដែល ប្រសើរជាងការទន្ទឹងរង់ចាំទ្រព្យចំណេញច្រើនក្នុងក្ដីស្រមៃ៕






