រូបតំណាង
ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃការទិញដីឡូតិ៍នាពេលពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងរដូវកាលមានភ្លៀងធ្លាក់ ប៉ុន្តែសកម្មភាពនៃការទិញ លក់នៅតែមាន ខណៈដែលអ្នកទិញភាគច្រើនយល់ថា ការទិញដីឡូតិ៍អាចទទួលបានភាគលាភច្រើន ក្រោយពីការវិនិយោគ។
នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Gold Land Property លោក សុខ ប៊ុនធឿន ដែលកំពុងទទួលគម្រោងលក់ដីឡូត៍ នៅក្រោយផ្សារអង្គស្នួលផ្លូវជាតិលេខ៤បានមានប្រសាសន៍ថា ការពុះដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ ពិតជាមានសកម្មភាពខ្លាំងឡើងៗប្រាកដមែន ខណៈដែលរដ្ឋាភិបាលទទួលបានជំនួយ ១១០លានដុល្លារ ពីធនាគារពិភពលោក ដើម្បីស្ថាបនាផ្លូវជាតិលេខ៤ឡើងវិញ ហើយមន្ត្រីជំនាញក៏បាននិងកំពុងធ្វើសកម្មភាពពង្រីក ក៏ដូចជា កំពុងស្ថាបនាផ្លូវអ៊ុតកៅស៊ូជាបណ្តើរៗ និងបានកំពុងដាក់ភ្លើងបំភ្លឺផ្លូវពេលយប់ចាប់ពីចំណុចរង្វង់មូលចោមចៅ រហូតសាលាយោធាកំបូល និងកំពុងស្ថាបនាឆ្ពោះទៅមុខជាបន្តបន្ទាប់ទៀតនោះ។
-->
លោកបានបន្តថា “ខណៈសកម្មភាពពុះដីឡូត៍ កំពុងមានសកម្មភាពកាន់តែគគ្រឹកគគ្រេងនោះ គេឃើញពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាន និងកំពុងសម្រុកទិញដីឡូត៍កាន់តែច្រើនឡើងៗដែរ។ លោកបនន្តថា “ទន្ទឹមគ្នានោះ អ្នកដែលមានចំណូលទាប និងមធ្យម និងកម្មករកម្មការិនីរោងចក្រភាគច្រើន ក៏បាននាំគ្នាទិញទុកសម្រាប់សង់លំនៅឋានរស់នៅផ្ទាល់ជាជាងជួលផ្ទះគេនៅផងដែរ។
សម្រាប់កម្មករ-កម្មការិនីភាគច្រើន មិនមានប្រាក់គ្រប់ចំនួនដើម្បីទិញដីនោះទេ ប៉ុន្តែពួកគាត់អាចមានលទ្ធភាពមកបង់ត្រឹម៣០ភាគរយ ហើយសល់៧០ភាគរយទៀតអាចបង់រំលស់បន្តជាមួយក្រុមហ៊ុនរយៈពេល២-៣ឆ្នាំ។
ជាមួយគ្នានេះ លោកស្រ៊ុយ ថារិទ្ធិ ប្រធានផ្នែកលក់ដីឡូត៍មួយកន្លែងនៅជិតផ្សារព្រៃទទឹង ក្បែរផ្លូវរថភ្លើងកាត់តាមផ្លូវជាតិលេខ៣ ក៏មានប្រសាសន៍ស្រដៀងគ្នាដែរថា សកម្មភាពសាងសង់សំណង់ផ្ទះល្វែងលក់ និងសកម្មភាពពុះដីឡូត៍លក់ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅរហូតដល់គីឡូម៉ែត្រទី១៣ ឬហួសពីហ្នឹងទៅមុខ៥គីឡូម៉ែត្រ កំពុងតែមានសកម្មភាពសស្រាកសស្រាំខ្លាំងឡើងៗ ដំណាលគ្នានឹងសកម្មភាពជីកកាយដីខូចចេញ ចាក់ដីល្អចូលជំនួសដើម្បីស្ថាបនាផ្លូវជាតិលេខ៣នេះ។
អ្វីដែលធ្វើឱ្យតម្លៃដីនៅតាមផ្លូវជាតិលេខ៣ រឹតតែមានតម្លៃថ្លៃដូច្នេះ ទី១ ដោយសាររដ្ឋាភិបាលកំពុងស្ថាបនាផ្លូវជាតិពីរង្វង់មូលចោមចៅ ឆ្ពោះទៅកំពង់ផែទឹកជ្រៅខេត្តកំពត ហើយរោងចក្រឧស្សាហកម្មនានា ក៏កំពុងរំកឹលខ្លួនចេញពីភូមិសាស្ត្ររាជធានីភ្នំពេញចេញទៅតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤នេះដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានទទួលស្គាល់ថា ការពុះដីឡូត៍លក់នៅតំបន់ជាយក្រុង ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ឱកាសឱ្យអ្នកមានចំណូលទាប និងមធ្យមមានអចលនទ្រព្យ នៅក្នុងដៃដែលអំណោយផលដល់ពួកគាត់ ដើម្បីសាងសង់ផ្ទះរស់នៅផ្ទាល់ខ្លួន សម្រាប់បំពេញការងារផ្សេងៗ មិនលំបាកជួលរស់នៅគេតទៅទៀត ធ្វើឱ្យគ្រួសារមានលំនឹងមានក្តីសង្ឃឹមទៅលើអនាគតរបស់ខ្លួន ដូចពាក្យដែលគេតែងលើកឡើងថា មានដី មានសង្ឃឹម។
លោកបន្តថា “សម្រាប់អ្នកមានចំណូលទាប និងមធ្យម អ្នកធ្វើការក្រុមហ៊ុន សហគ្រាស ឬនៅតាមរោងចក្រនានា ក៏អាចមានឱកាសទិញដីឡូត៍សាងសង់ផ្ទះ នៅដោយខ្លួនឯងបានដែរ។លោកបន្តទៀតថា “បើយើងមានលុយមិនគ្រប់សង់ផ្ទះឱ្យតែមានលុយទិញដី ទិញរួចអាចយកប្លង់ដីទៅដាក់ធនាគារ យកលុយសង់ផ្ទះរស់នៅខ្លួនឯងបាន ទោះជាអស់ការប្រាក់បន្តិចក្ដី ប៉ុន្តែប្រសើរជាងជួលផ្ទះគេនៅដែរ និងដោយសារបច្ចុប្បន្នការផ្តល់កម្ចីទិញដី ឬសង់ផ្ទះមានភាពងាយស្រួលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
លោកវ៉ា វីរៈបានបន្ថែមទៀតថា ចំណែកអ្នកមានលុយតិចក៏អាចទិញបានដែរ គ្រាន់តែមានប្រាក់ ៣០ភាគរយ អាចយកប្លង់ដីទៅដាក់ធនាគារបាន ហើយកុំខ្លាចអស់ការប្រាក់ ព្រោះថា ការប្រាក់ធនាគារមិនច្រើនទេ និងឡើងមិនទាន់ថ្លៃដីទេ។ ជួនកាលទិញហើយ ២-៣ ខែគេអាចរកប្រាក់ចំណេញបាន៣ទៅ៤ពាន់ដុល្លារក៏មាន៕