ដោយ វុត្ថា
សឹង្ហបុរីៈ ក្រុមហ៊ុន CapitaLand របស់ប្រទេសសឹង្ហបូរី បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅតំបន់អាស៊ី ក្នុងពាក់កណ្តាលឆ្នាំ២០១៩នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានបញ្ចប់ចុះកិច្ចព្រមព្រៀងទិញ យកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Temasek ក្នុងតម្លៃ១១ពាន់លានដុល្លារ (លុយសិង្ហបុរី)។

-->
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CapitaLand បានឱ្យដឹងកន្លងមកនេះថាក្រុមហ៊ុននឹងមានទ្រព្យសរុបចំនួន ១១៦ពាន់លានដុល្លារសឹង្ហបុរី នៅពេលដែលកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Ascendas-Singbridge (ASB)បន្ថែមទៀត។ គិតមកទល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនេះ មានអចលនទ្រព្យពាសពេញ៣០ប្រទេសដែលមានលក្ខណៈចម្រុះ។
បច្ចុប្បន្ននេះក្រុមហ៊ុន CapitaLand មានក្រុមហ៊ុនភស្ដុភារភ័ស្តុភារ ឧទ្យានឧស្សាហកម្ម អគារពាណិជ្ជកម្ម លក់រាយ និងអចលនទ្រព្យលំនៅដ្ឋាននៅទូទាំងអាស៊ី ដូចជានៅប្រទេសឥណ្ឌា ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងចិនជាដើម។
ក្រុមហ៊ុនរំពឹងថានៅពេលបញ្ចប់កិច្ចព្រមព្រៀងនានា ក្រុមហ៊ុននឹងមានទ្រព្យសម្បត្តិក្រោមការគ្រប់គ្រងរបស់ខ្លួន រហូតដល់ចំនួន១០០ពាន់លានដុល្លារសិង្ហបុរី នៅឆ្នាំ ២០២០ខាងមុខ។ ទំហំនេះពិតជាធំធេង ព្រោះមិនត្រឹមតែក្រុមហ៊ុនCapitaLand ក្លាយជាក្រុមហ៊ុនអចលទ្រព្យធំជាងគេនៅអាស៊ីប៉ុណ្ណោះទេ វានឹងស្ថិតក្នុងចំណោមក្រុមហ៊ុនយក្សទាំង១០នៅលើពិភពលោក។
លោក Lee Chee Koon ប្រធាននាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Capital Land បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងវត្តមានក្រុមហ៊ុន CapitaLand នៅក្នុងទីផ្សារអចលនទ្រព្យសំខាន់ៗ នៅប្រទេសសឹង្ហបូរី ចិន ឥណ្ឌា អាមេរិក និងអឺរ៉ុប។

លោកបន្ថែមថា “កិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែផ្តល់តម្លៃដល់ផលប័ត្រទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន CapitaLand ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រាក់ចំណូលបានច្រើនទៀតផងដែរ។
លោកបានបន្តទៀតថា “អាជីវកម្មគ្រប់គ្រងមូលនិធិរបស់យើង នឹងត្រូវបានពង្រឹងតាមរយៈទម្រង់ផ្សេង។ ខ្ញុំជឿជាក់ថា នេះនឹងអនុញ្ញាតឱ្យក្រុមនេះបង្កើតក្រុមហ៊ុនចម្រុះ និងធំមួយ ដែលអាចផ្តល់ប្រាក់ចំណេញ ប្រកបដោយនិរន្តរភាពលើសពីថ្លៃដើមទុនរបស់យើងក្នុងរយៈពេលវែង”។

ក្រុមហ៊ុន Capitalland នឹងបើកផ្សារទំនើបធំមួយនៅក្នុងគម្រោង The PeAk ដែលមានទីតាំងក្បែរកោះពេជ្រ ដែលជាសង្កាត់ពាណិជ្ជកម្មដ៏រសរវើកមួយនាក្រុងភ្នំពេញនាពេលខាងមុខនេះផងដែរ៕