ចំនួន​ប្រជាជន​ជីវភាព​មធ្យម​កើនឡើង តើ​គួរ​វិនិយោគ​ខុន​ដូ​បែបណា​ដើម្បី​ឆ្លើយតបនឹង​និន្នាការ​ទីផ្សារ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ការ​ឌី​សាញ​ខុន​ដូ​ថ្មី​មួយ ដែលមាន​ទំហំ​បន្ទប់​តូច​ល្មម និង​តំលៃ​សមរម្យ​ដើម្បី​ឆ្លើយតប​ប្រជាជនមាន​ជីវភាព​មធ្យម ជា​អ្វីដែល​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​មួយចំនួន​កំពុង​ចាប់អារម្មណ៍។

អគ្គនាយក​ទទួលបន្ទុក​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​លំនៅដ្ឋាន L កម្ពុជា​ភ្នំពេញ​លោក​ទុយ ប៊ុន​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗនេះ​ថា ការវិនិយោគ​ខុន​ដូ​របស់​ក្រុមហ៊ុន​លោក​ដែល​ផ្តោតលើ​ប្រជាជន​ថ្នាក់កណ្តាល ដោយសារ​ហេតុផល​ចំនួន​ពីរ ទី១ ទីតាំង​របស់លោក​មិនអាច​ទាក់ទាញ​អ្នកមាន​ប្រាក់​ច្រើន និង​ទី២ ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម ដែល​ប្រជាជន​ក្នុង​ស្រទាប់​នេះ មាន​ចំនួន​ច្រើនជាង​ទីផ្សារ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ។

លោក​បន្តថា “ខុន​ដូ​របស់លោក​បាន​លក់​ចាប់ពី​តំលៃ៤ ដល់៨ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យ​លើ​ចំនួន​បន្ទប់ និង​ជាន់​និមួយ។ លោក​បន្តថា “មនុស្ស​អាច​រស់នៅ​ខុន​ដូ​ច្រើន​នាពេល​អនាគត ប៉ុន្តែ​វា​អាស្រ័យ​លើ​ទីកន្លែង​ការងារ​របស់​ពួកគេ​ផងដែរ ប្រសិនជា​ការងារ​ពួកគេ​ផ្លាស់ប្តូរ​ទៅ​ជាយក្រុង​ច្រើន ការ​ស្នាក់នៅ​ខុន​ដូ​ក៏​មិនមាន​ចំនួន​ច្រើន​ទេ” ។

ក្រុមហ៊ុន​លំនៅដ្ឋាន L កម្ពុជា​ភ្នំពេញ បានធ្វើការ​វិនិយោគ​សាងសង់​ខុន​ដូ​ចំនួន៥ទីតាំងខុសៗគ្នា ក្នុងនោះ​ពីរ​ទីតាំង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​រួចហើយ និង​អាគារ​ទី​បី គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ២០១៧ខាងមុខនេះ និង​ពីរ​ទីតាំង​ទៀត​ត្រៀម​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០១៨ ។ អាគារ​ទី១ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ មាន​អ្នក​ចូលទៅ​រស់នៅ​ប្រមាណ៨០ភាគរយ និង​អាគារ​ទី២មាន​អ្នក​ចូល​ស្នាក់នៅ​ប្រមាណ ១០ភាគរយ​ប៉ុណ្ណោះ ដោយសារ​ទើប​បើក​ឲ្យ​អតិថិជន​ចូលទៅ​រស់នៅ។ លោក​ទុយ ប៊ុន​បញ្ជាក់​ឲ្យ​ដឹង។

លោក​បន្តថា “ការវិនិយោគ​ខុន​ដូ​របស់​យើង​ធ្វើឡើង​សម្រាប់​គ្រួសារ​តូច ព្រោះ​បន្ទប់​មាន​ទំហំ​ចាប់ពី ៣០ម៉ែត្រ ទៅ៥០​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែលមាន​សមាជិក​ត្រឹម៣នាក់ ជាការ​សមស្រប​ក្នុងការ​រស់នៅ​ខុន​ដូ​បែបនេះ។

ជាក់ស្តែង​អត្រា​មានកូន​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែមាន​ទំហំ​តូច ដោយ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​ក្រសួងសុខាភិបាល​បាន​រកឃើញថា អត្រា​មានកូន​ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ជា​មធ្យម​បាន​ថយចុះ​ពី៣.0នាក់​កាលពី​ឆ្នាំ២០១០ មក​នៅត្រឹម២.៧នាក់។

លោកស្រី​វេជ្ជបណ្ឌិត​ទុង រដ្ឋា​វី​នាយិកា​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារ​កបាន​ថ្លែងថា សមាជិកគ្រួសារ​របស់​ប្រជាពល​រដ្ឋ​កាន់តែ​រួម​តូច ហើយ​អាយុ​មានកូន​របស់​ស្ត្រី​កម្ពុជា​បាន​កើន​ពី​អាយុ១៨ឆ្នាំ មកដល់២២ឆ្នាំ​សម្រាប់​ការ​មានកូន​ជា​លើក​តំបូង ដោយសារ​ពួកគេ​ជាប់រវល់​នឹង​ការសិក្សា ហើយ​ពួកគេ​រវល់​ធ្វើការ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ។

លោកស្រី​បន្តថា “ដោយសារ​ប្រទេសជាតិ​កាន់តែ​អភិវឌ្ឍន៍ ចំនួន​នៃ​ការយក​បុត្រ​កាន់តែ​តិច ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​សិក្សា​កាន់តែច្រើន ចំណាកស្រុក​កាន់តែច្រើន និង​រវល់​ការងារ​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនសូវ​យកបាន​បុត្រ​ច្រើន។

អ្នកនាង​អាន សុ​ធីតា ​នាយិកា​ក្រុមហ៊ុន​ CBRE Cambodia បាន​ថ្លែងថា ខុន​ដូ​ដែលមាន​ទំហំតូចៗ មិន​សមស្រប​សម្រាប់​រ​ស់​នៅ​រយៈពេល​វែង​នោះទេ តែ​សមស្រប​សម្រាប់​ការរស់នៅ​សម្រាប់​អ្នក​មកពី​ខេត្ត​មក​សិក្សា ហើយ​អាគារ​បន្ទប់​តូចៗបែបនេះ គេ​ហៅថា​អា​ផាត​ម៉ិ​ន មិនមែន​ខុន​ដូ​ទេ ព្រោះ​ខុន​ដូ​សំដៅ​អាគារ​មាន​លក្ខណៈ​ទំនើប និង​មានការ​បំពាក់​សម្ភា​រៈប​រិ​ក្ខា​ទំនើប។ អ្នកនាង​បន្តថា តំលៃ​ចាប់ពី​ជាង២ម៉ឺន​ដុល្លារ​ឡើង សមស្រប​សម្រាប់​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល ដែលជា​ទីផ្សារ​ធំ​សំរាប់​វិស័យនេះ។

អ្នកនាង​បន្តថា “ប្រជាជន​ថ្នាក់កណ្តាល​ជា​អតិថិជន​របស់​អ្នកវិនិយោគ​ខុន​ដូ ដែល​ផ្តោតលើ​ក្រុម​ប្រជាជន​លំដាប់​នេះ ដែល​មាន​ចំនួន​ច្រើន ហើយ​ពួកគេ​នឹង​រស់នៅ​ខុន​ដូ​ច្រើន។ អ្នកនាង​បន្ថែមថា “ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​វិវត្តន៍​ពី​រស់​នៅតាម​ផ្ទះល្វែង វីឡា​មក​រស់នៅ​ខុន​ដូ ដោយសារ​ដី​ក្នុង​ទីក្រុង​ចង្អៀត និង​កាន់តែ​ឡើងថ្លៃ និង​ចរាចរណ៍​កាន់តែ​ចង្អៀត។

អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate និង KW Cambodia លោក​បណ្ឌិត​គីម ហ៊ាង​ បាន​ថ្លែងថា ពេល​និយាយ​ពី​ខុន​ដូ ត្រូវមាន​ចំណតរថយន្ត មាន​សន្តិសុខ សុវត្ថិភាព មាន​កន្លែង​សាធារណៈ​ដែល​អាច​ប្រើប្រាស់​រួម មាន​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណផ្សេងៗ តែបើ​មិនមាន​សេវា​ទាំងនេះ ប្រៀប​បីដូច​ជា​យក​ស្រាស​ដាក់​ក្នុង​កំប៉ុង​ប៊ឺ​យ៉ែ​រ។

លោក​បន្តថា “បើ​សាងសង់​ខុន​ដូ​មិនមាន​សេវា​ទាំងអស់នេះ​ទេ ហើយ​បន្ទប់​មាន​ទំហំ​ត្រឹម១៦ម៉ែត្រការ៉េ គឺជា​បន្ទប់​សម្រាប់​លក់​មិនមែន​ខុន​ដូ​ទេ កុំ​យកពាក្យ​ខុន​ដូ​មក​ប្រើ នាំ​ឲ្យ​ខូច​កេ​រ្ត៍​ឈ្មោះ​ខុន​ដូ​របស់គេ។ លោក​បន្តថា “ខុន​ដូ​ដែលមាន​ទំហំ៣០​ម៉ែត្រការ៉េ​ទៅជា​ការ​សមរម្យ ហើយ​លក់​ក្នុង​តំលៃ​ចន្លោះ​ពី៤ទៅ៦ម៉ឺន​ដុល្លារ​អាច​ទទួលយកបាន​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here