ក្រសួងទេសចរណ៍​រំពឹង​ថា​កម្ពុជា​ទទួល​បាន​ចំណូល​ ៥ពាន់​លាន​ដុល្លារ​ពី​វិស័យ​នេះ​នៅ​ឆ្នាំ២០២០​

0

ដោយៈ​ រ៉ា​ណេត​

ខេត្តក្រចេះ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​លើកឡើង​ថា​ ថ្វីត្បិត​លទ្ធផល​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅក្នុង​ឆ្នាំ២០១៩​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​ក្ដី​ ប៉ុន្តែ​ផ្អែក​តាម​ការ​ដាក់ចេញ​ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​ និង​យុទ្ធ​សា​ស្ត្រថ្មីៗ​របស់ក្រ​សួង​កាលពី​ពេល​កន្លងទៅ​នេះ​ សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ យើង​រំពឹង​ថា​កម្ពុជា​អាច​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ប្រមាណ ៧លាន​នាក់​ និង​អាច​ទាញ​បាន​ចំណូល​ប្រមាណ៥ពាន់​លាន​ដុល្លារ​។

អនុរដ្ឋ​លេខាធិការ​ ក្រសួងទេសចរណ៍​ លោក​ហោ​ សា​រុន​ បាន​មានប្រសាសន៍​នៅក្នុង​អង្គ​សិក្ខាសាលា​ស្ដីពី​ «ការ​ពង្រឹង​សន្តិសុខ​ និង​សុវត្ថិភាព​ទេសចរ​» កាលពី​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ នៅ​ដំណាច់ឆ្នាំ២០២០​ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង៧លាន​នាក់​ និង​អាច​ស្រូប​ចំណូល​បាន​ប្រមាណ៥ពាន់​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​បាន​ជិត១លាន​នាក់​ ​ហើយ​រហូតដល់​ឆ្នាំ២០៣០​ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥លាន​នាក់​ នាំមក​នូវ​ចំណូល​ប្រមាណ១០ពាន់​លាន​ដុល្លារ​ បង្កើត​ឱកាស​ការងារ​ប្រមាណ២លាន​នាក់​។

លោក​បន្ត​ទៀត​ថា​ “វិស័យ​ទេសចរណ៍​ ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​មាស​បៃតង​ ក៏បាន​បោះជំហាន​រីកចម្រើន​ ទៅមុខ​ជាលំដាប់​ ដោយ​រក្សា​បាន​កំណើន​វិជ្ជមាន​ជា​រៀងរាល់​ឆ្នាំ​ និង​បាន​រួមចំណែក​ប្រមាណ១២.៧ភាគរយ​នៃ​ផលទុន​សរុប​ក្នុង​ស្រុក​”។ លោក​បាន​បន្ត​ទៀត​ថា​ “កាលពី​ឆ្នាំ២០១៨កន្លងទៅ​ យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ប្រមាណ១១ភាគរយ​ ជាមួយនឹង​ការ​មកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦.២លាន​នាក់​ និង​នាំ​ប្រាក់ចំណូល​ប្រមាណ ៤៣៥៦​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​”។

លោក​ ហោ​ សា​រុន​ បាន​បញ្ជាក់​ថា​ ដើម្បី​ត្រៀម​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ជា​យុទ្ធសាស្ត្រ​ គឺ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ ទាក់ទាញ​ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ តាមរយៈ​ការបង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ប្រកបដោយ​ភាព​វ័យ​ឆ្លាត​ ស្អាត​ បៃតង​ និង​រក្សាសុខ​សុវត្ថិភាព​ទេសចរ​ឱ្យ​បាន​ល្អ​ប្រសើរ​។

ផលប្រយោជន៍​ដែល​បាន​មក​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​ កាត់បន្ថយ​ភាព​ក្រីក្រ​ បង្កើត​ការងារ​ដល់​កម្លាំង​ពលកម្ម​កម្ពុជា​។ លើស​ពីនេះ​ទៀត​ ក៏​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន​ធម្មជាតិ​ វប្បធម៌​ប្រពៃណី​ជាតិ​ និង​លើកតម្កើង​កិត្តិនាម​កម្ពុជា​ នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​។ ការ​រួមចំណែក​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ ពិតជា​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ដល់​ការ​រីកចម្រើន​វិស័យ​ទេសចរណ៍​ ជំរុញ​កំណើន​ទេសចរណ៍​ ស្របតាម​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ តាមរយៈ​ការ​លើកកម្ពស់​ និង​ពង្រឹង​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​ទេសចរ​ នៅ​ទូទាំង​ប្រទេស​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២១​ ខែសីហា​ នេះ​ថា​ ការ​រំពឹង​កើនឡើង​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ គ្រាន់តែ​ការ​ទស្សន៍ទាយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​លទ្ធផលជាក់​ស្ដែង​គឺ​អាស្រ័យ​លើក​កិច្ចសហការ​រវាង​វិស័យ​ឯកជន​ និង​ក្រសួងទេសចរណ៍​។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​ធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​កាលពី​ពេល​កន្លង​ទីនេះ​ បញ្ហា​មួយចំនួន​ ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ ដូចជា​ការប្រកួត​ប្រជែង​ផ្តល់​សេវាកម្ម​មិន​មាន​តម្លាភាព​ ជាពិសេស​ការ​លក់​ជា​កញ្ចប់​ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​ក្រោម​រូបភាព​មិន​ស្មោះត្រង់​”។ លោក​ថា​ “កន្លងមក​យើង​ឃើញ​មាន​ករណី​មួយចំនួន​ ដែល​ផ្តើម​ចេញពី​វិស័យ​ឯកជន​មួយចំនួន​ ដូចជា​ការ​លក់​ទិញ​មួយ​ដោយ​យក​តម្លៃ​ទាប​ជាង​ទីផ្សារ​ ហើយ​បូកបន្ថែម​លើ​មុខទំនិញ​ផ្សេង​មានតម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ជាក់ស្ដែង​ ដែល​រូបភាព​វា​ជា​ការ​ជះ​ឥទ្ធិ​ពើ​អាក្រក់​បំផុត​”។

លោ​កហូ​ វណ្ឌី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ នៅពេល​ដែល​មានការ​ចូលរួម​អនុវត្ត​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ក្រ​សួង​ ពីសំណាក់​វិស័យ​ឯកជន​ ដោយ​ប្រកាន់យក​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ការ​ពង្រឹងគុណភាព​សេវាកម្ម​ គួបផ្សំ​ជាមួយនឹង​កិច្ចប្រឹងប្រែង​ពីសំណាក់​រាជរដ្ឋាភិបាល​ ជាពិសេស​ការបង្កើត​មហា​ព្រឹត្តិ​កា​រណ៍​ធំៗ​លំដាប់​ពិភពលោក​ដែល​កំពុងតែ​រៀបចំ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​ជឿ​ថា​កំណើន​ភ្ញៀវ​ទេសចរ​ពិតជា​អាច​ធ្វើស​ម្រេច​ទៅ​បាន​យ៉ាង​ប្រាកដ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here