ដោយ ម៉ាណេត
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែមានភាពវិជ្ជមាន ដោយទំហំកម្ចីទិញអចលនទ្រព្យ (Mortgage) គិតមកដល់ត្រីមាសទី២ឆ្នាំ២០១៩នេះ មានទំហំទឹកប្រាក់ជិត ៣,៥ ពាន់លានដុល្លារ កើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា។
របាយការណ៍ដដែលបានឲ្យដឹងថា កម្ចីអចលនទ្រព្យក្នុងត្រីមាស២ឆ្នាំនេះ មាន ៤៧,៧៩ភាគរយ នៃសមតុល្យឥណទានជាលក្ខណៈបុគ្គលសរុប ដែលមានទំហំទឹកប្រាក់៧.១៦ប៊ីលានដុលា្លរអាមេរិចដោយកើនឡើង៦,៨០ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ២០១៩នេះ។
-->
ការស្នើសុំឥណទានលក្ខណៈបុគ្គល បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា “នៅក្នុងត្រីមាសនេះ មិនខុសពីឆ្នាំមុនៗនោះទេ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលធ្លាក់ចុះនៅត្រីមាសទី២។ ទោះបីយ៉ាងណា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលសរុបបានកើនឡើង ៩,០៣ភាគរយ ខណៈដែលទំហំទឹកប្រាក់នៃការស្នើសុំឥណទាន កើនឡើងជិតទ្វេដង”។
លោកបន្តថា ចំនួនគណនីឥណទានលក្ខណៈបុគ្គល បានកើនឡើងជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៨ ក្នុងចន្លោះពី៥ភាគរយ ទៅ៧ភាគរយក្នុងត្រីមាសនីមួយៗ។ ខណៈ សមតុល្យឥណទានលក្ខណៈបុគ្គលសរុបកើនឡើង ចន្លោះពី៦ភាគរយ ទៅ៨ ភាគរយ។ ជារួមអនុបាតនៃឥណទាន មិនដំណើរការលើសពី៣០ថ្ងៃ របស់ផលិតផលឥណទានទាំងបី នៅតែមានលក្ខណៈល្អប្រសើរ និងនៅតែបន្តស្ថិតនៅក្នុងកម្រិតទាប ១.១៩ ភាគរយ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទោះជាមានការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនបន្តិចបន្តួចក្តី ប៉ុន្តែកម្ពុជាមិនរងផលប៉ះពាល់នោះទេ ព្រោះមានអ្នកវិនិយោគជាច្រើនបានចូលមកដូចជាអ្នកវិនិយោគកូរ៉េ អ្នកវិនិយោគជប៉ុនកំពុងចូលមកកាន់កម្ពុជាកាន់តែច្រើន។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនល្អប្រសើរ ហើយនយោបាយនៅតែមានស្ថេរភាព ហេតុនេះការវិនិយោគនៅតែបន្តកើនឡើង ជាក់ស្តែងយើងឃើញកម្រិតឥណទានកល្នុងវិស័យនេះនៅតែបន្តកើនឡើង”៕