ដោយ ៖ រ៉ាណេត
កំពត ៖ ជាការជំរុញនូវល្បឿនសាងសង់ផ្លូវជាតិលេខ៣ឱ្យស្របទៅតាមផែនការ និងគម្រោងដែលបានគ្រោងទុក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងឱកាសពិធីបុណ្យសមុទ្រនៅពេលឆាប់ខាងមុខនេះ អភិបាលខេត្តកំពត បានកោះអញ្ជើញបណ្តាក្រុមហ៊ុនដែលទទួលវិនិយោគលើគម្រោងផ្លូវជាតិលេខ ៣ មកពិភាក្សាការងារ ដើម្បីពន្លឿនឱ្យបានតាមការកំណត់។
អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ បានធ្វើការដឹកនាំកិច្ចប្រជុំជាមួយ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដោយការអញ្ជើញក្រុមហ៊ុនដែលជាអ្នកវិនិយោគិនចិន ទទួលការសាងសង់ផ្លូវជាតិលេខ៣ ដើម្បីពន្លឿនការស្ថាបនាសាងសង់ផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ។
-->
នៅក្នុងកិច្ចប្រជុំ អ្នកវិនិយោគិនចិន បានឯកភាពសន្យាដាក់ស្លាកសញ្ញាចរាចរណ៍ ៤០km/h ទទួលខុសត្រូវលើការកៀរផ្លូវឱ្យស្មើ និងស្រោចទឹក ហើយក្រុមហ៊ុននឹងចាប់ផ្តើមដាក់គ្រឿងចក្រទាំងអស់មកធ្វើនៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
ជាមួយគ្នានេះ ភាគីខាងក្រុមហ៊ុនចិនក៏បានសន្យាថា នៅចន្លោះដើមខែតុលា បើមិនមានភ្លៀងទេ ក្រុមហ៊ុននឹងក្រាលថ្មមិច កម្រាស់ ៣ តឹក និងក្រាលកៅស៊ូកុំឱ្យហុយ ។ ដោយឡែកនៅដើមខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមហ៊ុននឹងអ៊ុតកៅស៊ូ ១ជាន់ កម្រាស់៤ហ៊ុន ជាជំហានទី១ ហើយបន្តសកម្មភាពធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ បានប្រសើរមុនគេ នៅក្នុងពេលដ៏ខ្លី ។
ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាទីតាំង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ក្រោមអធិបតីភាពសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីបុណ្យសមុទ្រលើកទី៨នេះ នឹងរៀបចំឡើងក្នុងរយ: ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ២១ និង២២ ខែធ្នូ ឆ្នាំ២០១៩។
កាន់តែពិសេសជាងនេះទៅទៀត សម្រាប់បុណ្យសមុទ្រឆ្នាំនេះ នៅក្នុងខេត្តកំពត និងយកធ្វើជាខេត្តគំរូក្នុងការរៀបចំឱ្យមានវិថីម្ហូបអាហារ ឬហៅថា Street Food ឱ្យបានលេចធ្លោជាងបណ្តាខេត្តនានាដែលធ្លាប់ប្រារព្វកាលពីពេលមុនៗផងដែរ៕