ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Mori Building Co,.Ltd បានប្រកាសចំណាយថវិកាប្រមាណ ៧,៥ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់អគារខ្ពស់កប់ពពក ដើម្បីបង្កើតទីក្រុងមួយនៅក្នុងទីក្រុងទីតូក្យូ ដែលមានអ្វីៗគ្រប់យ៉ាងចាប់ពីការិយាល័យ សណ្ឋាគារប្រណីតសាលារៀន និងសួនបន្លែជាដើម។

-->
ក្រុមហ៊ុនអភិវឌ្ឍន៍របស់ជប៉ុន “Hills” បានឱ្យដឹងនៅថ្ងៃទី២២ សីហាឆ្នាំ ២០១៩ នេះ ថា គម្រោងនេះនឹងត្រូវសាងសង់នៅក្នុងចុងខែនេះ លើគម្រោងអភិវឌ្ឍន៍ចាស់ Toranomon-Azabudai នៅជិតស្រុកRoppongi ដោយចំណាយថវិកាប្រមាណ៥៨០ ពាន់លានយ៉េន ស្មើ៧,៥ ពាន់លានដុល្លារ ហើយនឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣។
គម្រោងដែលមិនទាន់ត្រូវបានគេដាក់ឈ្មោះជាផ្លូវការនេះ នឹងរួមបញ្ចូលនៅអគារចំនួន៣ ដែលអាចទទួលបុគ្គលិកការិយាល័យប្រហែល២០.០០០នាក់ និងអ្នកស្នាក់នៅ ៣.៥០០នាក់។ អគាមួយក្នុងចំណោមនេះ នឹងមានកំពស់៦៤ជាន់ ស្មើនឹង៣៣០ម៉ែត្រ។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងរៀបចំឱ្យមានសាលាអង់គ្លេសនៅទីក្រុងតូក្យូ ដែលអាចទទួលនិស្សិតបានប្រមាណ៧០០នាក់ ដើម្បីទាក់ទាញក្រុមហ៊ុនមកពីភពលោក និងកម្មករនៅក្រៅប្រទេស។ ជាមួយគ្នានេះ នឹងមានសណ្ឋាគារទំនើប ផ្សារចំណីអាហារដ៏ធំ សារមន្ទីរ និងវិចិត្រសាល និងកន្លែងវេជ្ជសាស្ត្រដើម្បីលើកកម្ពស់សុខភាពផងដែរ។
គម្រោងនេះបង្ហាញពីភាពសុទិដ្ឋិនិយម របស់អ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុងតូក្យូហួសពីព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០។

ទិន្នន័យពីវិទ្យាស្ថានអចលនទ្រព្យជប៉ុនបានបង្ហាញថា តម្លៃដីធ្លីជាមធ្យមនៅក្នុងតំបន់ទីក្រុង មានតម្លៃខ្ពស់បំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដោយសារសេដ្ឋកិច្ចបានងើបឡើងវិញ ហើយគម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធប្រមូលផ្តុំគ្នានៅក្នុងទីក្រុងតូក្យូនៅឆ្នាំ២០២០៕