ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមទិដ្ឋភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ គេឃើញមានបណ្តុំសំណង់លំនៅដ្ឋានមួយចំនួន បានបង្ហាញពីសភាពទ្រឹងរបស់ខ្លួន ហាក់មិនសូវមានទីផ្សារលើការលក់ដូចកាលពី២ ទៅ៣ឆ្នាំមុននោះឡើយ។ រួបភាពទាំងនេះ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងថា គឺបណ្តាលមកពីការផ្គត់ផ្គង់សម្រុករួមគ្នាក្នុងពេលតែមួយ ខណៈដែលតម្រូវការហាក់មិនទាន់មានលទ្ធភាពគ្របគ្រាន់សម្រាប់ទទួលយក។

-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Dream Property លោក គាម សៀកឡុង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែសីហា នេះថា ផ្អែកតាមការមើលជាក់ស្ដែងរបស់លោក សម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងឆ្នាំ២០១៩នេះ ពិតជាមានការធ្លាក់ចុះបន្តិចមែន ប៉ុន្តែវាមិនមែនជាវិបត្តិនៃវិស័យមួយនេះនោះទេ។ លោកបានបន្តថា “តម្រូវការពិតប្រាកដនៅពេលបច្ចុប្បន្ននេះ គឺប្រភេទលំនៅដ្ឋានកម្រិតក្រោមមធ្យម ដែលពលរដ្ឋខ្មែរភាគច្រើនអាចមានលទ្ធភាព ក្នុងការទទួលយកតាមរយៈការទិញដោយបង់ផ្ដាច់ ឬតាមរយៈការបង់រំលោះជាមួយធនាគារជាដើម”។
លោកបានបន្តទៀតថា “តាមការមើលឃើញរបស់ខ្ញុំ ចំពោះលំនៅដ្ឋានដែលនៅទ្រឹងពេលនេះ ជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ដោយសារតែភាគច្រើនត្រូវបានអ្នកមានធនធាន ទិញទុកវិនិយោគបន្តដើម្បីទទួលបានចំណេញ ដែលវាមិនមែនជាតម្រូវការពិតប្រាកដនោះទេ”។ លោកថា “នៅពេលមានការទិញទុកវិនិយោគកាន់តែច្រើន អ្នកចូលរួមនៅក្នុងវិស័យមួយនេះ កើនឡើងច្រើនក្នុងពេលតែមួយ វានឹងរួមចំណែកក្នុងការកាត់ចំណែកទីផ្សារ ខណៈដែលចំនួននៃតម្រូវការមានកម្រិត”។
ជាមួយគ្នានេះ លោក គាម សៀកឡុង បានបង្ហាញពីក្ដីរំពឹងថា បើទោះជានៅត្រឹមមាសទី៣នៃឆ្នាំ២០១៩នេះ សកម្មភាពនៃការទិញ-លក់ សំណង់លំនៅដ្ឋានមានឱនភាពបន្តិច ប៉ុន្តែលោកជឿថា នៅឆ្នាំបន្ទាប់ចំណុចអសកម្មទាំងនេះ នឹងមានភាពល្អប្រសើរឡើងវិញ ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍមួយចំនួន បាននិងកំពុងរកវិធីសាស្ត្រក្នុងការលក់។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ បានលើកឡើងថា សម្រាប់វិស័យលំនៅដ្ឋាននៅក្នុងឆ្នាំ២០១៩នេះ គឺមានឱនភាពជាងឆ្នាំកន្លងទៅ។ លោកបានបន្តទៀតថា ការឱនភាពនៃវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្ននេះ មិនមែនបណ្តាលមកពីការទទួលរងនូវឥទ្ធិពលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ប៉ុន្តែគឺបណ្តាលមកពីសកម្មភាពអភិវឌ្ឍផ្ទាល់នៅក្នុងប្រទេស។

លោកបានបន្តទៀតថា “ជាការពិត ប្រជាពលរដ្ឋខ្មែរនៅមានតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅសមរម្យផ្ទាល់ខ្លួនជាច្រើនម៉ឺនខ្នង ប៉ុន្តែដោយសារតែការផ្គត់ផ្គង់កើតមានយ៉ាងគំហុកក្នុងពេលតែមួយ ទើបបង្កឱ្យតម្រូវការមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងទទួលយក”។
លោកង៉ែត ជូ បានបញ្ជាក់ថា បើទោះជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមគឺជាគោលដៅរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែពួកគេភាគច្រើននៅមិនទាន់មានលទ្ធភាពក្នុងការទិញទាំងស្រុងនៅឡើយ ដោយសារតែបញ្ហាចំណូលរបស់ពួកគាត់នៅមានកម្រិតនៅឡើយ ហើយវាតម្រូវឱ្យចំណាយពេលយូរបន្តិចទៀត ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងចំណាយទិញលំនៅដ្ឋានទាំងអស់នោះ។ ទោះជាយ៉ាងណា លោកក៏បានបង្ហាញពីក្ដីសាទរចំពោះសមិទ្ធផលនៃវិស័យសំណង់ និងវិស័យលំនៅដ្ឋានដែលមានភាពរីកចម្រើនក្នុងរយៈពេលដ៏ខ្លី។
ទោះជាយ៉ាងណាលោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបាមសម្តែងសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋាននៅឆ្នាំ២០១៩នេះ មិនមានបញ្ហាចោទអ្វីនោះទេ ដោយសារតម្រូវការនៅតែកើនឡើង ហើយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏បាននិងកំពុងកើនឡើង។

លោកបន្តថា “ដោយសារស្ថានភាពនយោបាយ សេដ្ឋកិច្ចបន្តរីកចម្រើន និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ខ្ញុំគិតថាទីផ្សារលំនៅដ្ឋាននៅតែបន្តមានភាពវិជ្ជមានបន្តទៀត”៕