មីយ៉ាន់ម៉ា​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ ៣៥០០លាន​ដុល្លារ​អាមេរិក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មាន​ទឹកប្រាក់​ជាង​ ៣,៥ ពាន់​លាន​ដុល្លារ​តាមរយៈ​ក្រុមហ៊ុន​ចំនួន២២៤​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​គណៈកម្មការ​វិនិយោគ​មីយ៉ាន់ម៉ា​ (MIC​)ក្នុង​ចន្លោះ​រយៈពេល១០ខែ​ ដែល​គិត​ត្រឹម​ថ្ងៃទី​ ៣១​ ខែកក្កដា​ក្នុង​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន​ ២០១៨​-២០១៩​។

យោង​តាម​តួលេខ​ចេញផ្សាយ​ដោយ​អគ្គនាយក​វិនិយោគ​ និង​រដ្ឋបាល​ (DICA​) របស់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី២៦​ ខែសីហា​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែតុលា​ឆ្នាំ​ ២០១៨​ ដល់​ថ្ងៃទី​ ៣១​ ខែកក្កដា​ឆ្នាំនេះ​ វិស័យ​ដឹកជញ្ជូន​និង​គមនាគមន៍​បាន​ទាក់ទាញ​ការ​វិនិយោគ​ច្រើនជាង​គេ​ ដោយមាន​ទុន​វិនិយោគ​ជាង១​,៥ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់មក​វិស័យ​ផលិតកម្ម​មាន​ចំនួន​ជាង​ ១,១៤​ ពាន់​លាន​ដុល្លារ​អាមេរិក​។

របាយការណ៍​ដដែល​បន្ត​ថា​ ការ​វិនិយោគ​បរទេស​ក៏បាន​ហូរ​ចូលក្នុង​វិស័យ​កសិកម្ម​ បសុសត្វ​និង​ជលផល​ ថាមពល​ប្រេង​និង​ឧស្ម័ន​ សណ្ឋាគារ​និង​ទេសចរណ៍​ អចលនទ្រព្យ​ ឧស្សាហកម្ម​ និង​ផ្នែក​សេវាកម្ម​ផ្សេងទៀត​។ តែបើ​យោង​តាម​តួលេខ​របស់​ DICA​ នេះ​ថា​ក្នុងរយៈពេល១០ខែ​កន្លងមក​នេះ​ វិស័យ​រ៉ែ​និង​សំណង់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ មិន​ទទួល​បាន​លំហូរ​វិនិយោគ​បរទេស​ច្រើន​នោះ​ទេ​។

ចាប់ពី​ឆ្នាំ១៩៨៨​-១៩៨៩​ ដល់​ថ្ងៃទី៣១​ ខែកក្កដា​ នៃ​ឆ្នាំ​សារពើពន្ធ២០១៨​-២០១៩​ នេះ​ មាន​សហគ្រាស​សរុប​ចំនួន១.៧៧៩​ ត្រូវ​បាន​អនុញ្ញាត​វិនិយោគ​ជាមួយ​ទឹកប្រាក់​ជាង៨១​,២ពាន់​លាន​ដុល្លារ​អាមេរិក​រហូតមកដល់​ពេលនេះ​។

ក្នុងអំឡុងពេល​នេះ​ វិស័យ​ប្រេង​ និង​ឧស្ម័ន​ ថាមពល​ និង​ផលិតកម្ម​របស់​ប្រទេស​នេះ​ ត្រូវ​បាន​ចុះបញ្ជី​ជា​វិស័យ​កំពូល​ទាំង​បី​ ជាមួយនឹង​ការ​វិនិយោគ​បរទេស​ភាគច្រើន​។ តំបន់ ​Yangon​ មានការ​ទាក់ទាញ៦០ភាគរយ​ នៃ​ការ​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ បន្ទាប់មក​គឺ​តំបន់​ Mandalay​ ទទួល​បាន៣០ភាគរយ​ ហើយ​លំហូរ​ទុន​ដទៃទៀត​បាន​ហូរ​ចូល​ទៅ​ក្នុង​តំបន់​ និង​បណ្តា​រដ្ឋ​មួយចំនួន​ទៀត​នៅ​មីយ៉ាន់ម៉ា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here