ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តស្វាយរៀង សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សិក្សា និងដាក់ផែនការលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍក្រុងបាវិត។
យោងតាមកិច្ចប្រជុំនៃរវាងអាជ្ញាធរកម្ពុជានិង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីកន្លងមកថ្មីៗនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើការងាររៀបចំសិក្សាអំពីគំរោង និងប្លង់គោលដើម្បីអភិវឌ្ឍន៍ជាជំហានៗ នៅក្នុងក្រុងបាវិតមានដូចជា វិស័យគមនាគមន៍ វិស័យទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក អាងចម្រោះទឹកកខ្វក់ (អាងប្រព្រឹត្តិកម្ម) ការកែឆ្នៃសម្រាម កាកសំណល់រឹងរាវជាដើម។
-->
លោក ហែម ពិសិដ្ឋ អភិបាលរងខខេត្តស្វាយរៀង បានថ្លែងនូវការអរគុណចំពោះប្រតិភូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានយកក្រុងបាវិតជាគោលដៅក្នុង ការសិក្សាគម្រោងទៅលើវិស័យមួយចំនួន ដើម្បីប្រែក្លាយឱ្យក្រុងមួយនេះមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ជាមួយនេះរដ្ឋបាលខេត្តស្វាយរៀង អង្គភាពពាក់ព័ន្ធ និងសហការជានិច្ចដើម្បីឱ្យគម្រោងមួយនេះទទួលបានជោគជ័យ។
គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗបាន និងកំពុងរៀបចំតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ជាទីក្រុងដែលរដ្ឋាភិបាលបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដើម្បីប្រែក្លាយទីក្រុងនេះក្លាយជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយនាពេលអនាគត។
បច្ចុប្បន្ននេះក្រុងបាវិតបាន និងកំពុងពង្រីកសក្តានុពលកាន់តែខ្លាំង ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំនើនវិនិយោគផ្ទាល់ពីបរទេសកំពុងកើនឡើង។
រាជរដ្ឋាភិបាលបានដាក់បញ្ចូលក្រុងបាវិត ជាមួយទីក្រុងពីរទៀតគឺក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។
ស្របពេលដែលសន្ទុះនៃការវិនិយោគយ៉ាងគំហុក ពីសំណាក់អ្នកវិនិយោគជនជាតិចិន ក្រុងបាវិត បានកែប្រែមុខមាត់យ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា វិស័យសំណង់ផងដែរ ដែលជួយជំរុញឱ្យតម្លៃដីនៅតំបន់ទីប្រជុំជនក្នុងក្រុង និងនៅតំបន់ជាយក្រុងមានការកើនឡើងយ៉ាងខ្លាំង។

នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានឱ្យដឹងកន្លងមកនេះថា ក្រុងបាវិត ខេត្តស្វាយរៀង គឺជាផ្នែកមួយដែលស្ថិតនៅក្នុងក្រសែភ្នែក របស់អ្នកវិនិយោគជនជាតិចិន បន្ទាប់ពីខេត្តជាប់តំបន់សមុទ្រដូចជាក្រុងព្រះសីហនុ កំពត កែប និងកោះកុង ព្រោះខេត្តមួយនេះគឺជាច្រកព្រំដែនអន្តរជាតិ ដែលសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់៕