គណៈរដ្ឋ​មន្ត្រី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” នៅ​ថ្ងៃនេះ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃនេះ​ បាន​និង​កំពុង​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​ខ្លឹមសារ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” នៅ​ថ្ងៃទី​ ៣០​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​វិស័យ​សំណង់​ បាន​ដើរតួ​នាទី​ជាស​សរ​ស្ដម្ភ​មួយ​ ជាមួយ​សសរស្ដម្ភ​ដែល​ជំរុញ​កំណើន​ ៣ទៀត​ គឺ​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដោយ​ចូលរួម​រៀបចំ​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ឯកជន​ ពិសេស​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅឋាន​ និង​សំណង់​ផ្សេងទៀត​ សម្រាប់​បម្រើ​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ និង​ផាសុ​ខភាព​។

រយៈពេល​ជាង​មួយ​ទស្ស​វត្សរ៍​ចុងក្រោយ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀងទាត់​ និង​នៅ​តែ​បបន្ត​រីកចម្រើន​ជាលំដាប់​ ជាពិសេស​ការសាងសង់​សំ​ណង់​ធំៗ​ ខ្ពស់​ៗ ដូចជា​ អាគារ​ស្នាក់នៅ​រួម​ អាគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អាគារ​ការិយាល័យ​ សណ្ឋាគារ​ អាគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ភូមិគ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយ​ប្រេងឥន្ធនៈ​។ល។

ក្នុង​សន្ទុះ​នៃ​ការ​រីកចម្រើន​របស់​វិស័យ​សំណង់​ តម្រូវការ​នៃ​ការ​ពង្រឹង​ការគ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំណង់​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​កាន់តែ​មាន​ភាព​ចាំបាច់​ជា​សារ​វ័ន្ត​។ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុគ្រ​ស្មាញ​ កាន់តែ​ទាមទារ​ឱ្យ​ការអនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្ដ​ង់​ដារ​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោភណភាព​ និង​ចីរភាព​នៃ​សំណង់​ រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ផង​ និង​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គម​ផង​។

ឆ្លើយតប​នឹង​តម្រូវការ​នេះ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ ឆ្នាំ២០៥០​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ២០១៩​-២០២៣​ និង​គោលនយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្ដីពី​សំណង់​។ ​

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​នេះ​ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ២០១៧​ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់​ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។

សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​វប្បធម៌​ នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី២៣​ ទី២៤​ និង​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី៦​ និង​ទី៧​ ខែសីហា​ ឆ្នាំ២០១៩​។

ក្រសួង​យុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​លើ​បណ្ដា​មាត្រា​មួយចំនួន​ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ទោ​សប្ប​ញ្ញ​ត្តិ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជាធរមាន​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្ដីព្រាង​ច្បាប់​នេះ​ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ កាលពី​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here