របាយការណ៍​៖ គម្រោង​អគារ​ខ្ពស់​ៗជាង​ ២០០កំពុង​ដំណើរការ​សាងសង់​នៅ​ទូទាំង​ប្រទេស​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​កំណើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ដែល​គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩​ មាន​ទំហំ​ទុន​វិនិយោគ​រហូតដល់​ជាង១២០០លាន​ដុល្លារ​នោះ​ ងាក​មក​ចាប់អារម្មណ៍​ជាមួយ​ នឹង​គម្រោង​សំណង់​អគារ​ខ្ពស់​ៗ មាន​កម្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​រហូតដល់២២០គម្រោង​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែសីហា​កន្លងមក​បានឱ្យ​ដឹង​ថា​ គិត​មក​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ចំនួន​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ និង​កំពុងតែ​មាន​សកម្មភាព​សាងសង់​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន២២០គម្រោង​ អគារ​ជាង៦០ទៀត​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​គម្រោង​អគារ​ទាំង២២០​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​នា​ពេល​បច្ចុប្បន្ន​ មាន​ប្រមាណ៨០ភាគរយ​ជា​ប្រភេទ​អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ហើយ​ក្រៅពីនោះ​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ និង​អគារ​ការិយាល័យ​”។

លោកស្រី​សុធី​តា​បាន​បន្ត​ទៀត​ថា​ កំនើ​ននៃ​ចំនួន​អគារ​ខ្ពស់​ទាំងអស់​នេះ​ ដោយសារតែ​ទីក្រុង​ត្រូវ​បាន​ពង្រីក​ ហើយ​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ខ្ពស់​ផ្នែក​លំនៅ​ដ្ឋាន​ ដោយ​ជម្រើស​នៃ​លំនៅ​ដ្ឋាន​មាន២ប្រភេទ​ អាច​ជា​ការផ្លាស់ប្ដូរ​ទៅកាន់​តំបន់​ជាយក្រុង​ ឬរស់នៅ​ក្នុង​ក្រុង​ដែល​ជា​អគារ​ទំនើប​ និង​ខ្ពស់​ៗ ដែល​អាស្រ័យ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​របស់​ពួកគាត់​។

លោកស្រី​បាន​បន្ត​ថា​ “អ្នកខ្លះ​ដែល​បម្រើ​លកា​រងា​រក្រុ​មហ៊ុន​ ឬអង្គការ​នានា​ ក៏ដូចជា​អ្នកជំនួញ​ ដែល​មាន​ទីតាំងនៅ​ក្នុង​ក្រុង​ បាន​ជ្រើស​យក​ការ​ស្នាក់នៅ​ក្នុង​អគារ​ខ្ពស់​ៗដូចជា​អា​ផា​តមិន​ ឬខុន​ដូ​ជាដើម​ធ្វើជា​លំនៅ​ដ្ឋាន​ទី២របស់​ខ្លួន​ (អ្នកមាន​លំនៅ​ដ្ឋាន​ និង​គ្រួសារ​នៅ​ជាយក្រុង​) ដោយសារតែ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ កកស្ទះ​ចរាចរណ៍​ជាដើម​។

នាយិកា​ប្រចាំ​ប្រទេស​រូប​នេះ​បាន​បន្ត​ទៀត​ថា​ “តាម​ការ​មើលឃើញ​របស់ខ្ញុំ​ អគារ​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃ​នេះ​ ភាគច្រើន​ត្រូវ​បា​នបំ​លែង​ចេញពី​សំណង់​អគារ​ចាស់​ៗដែល​មាន​ទីតាំង​សមស្រប​ នឹង​សំណង់​អគារ​ស្រាប់​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​ ហើយ​មាន​ចំនួន​តូច​តែប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​សាងសង់​នៅ​លើ​ដី​ដែល​ជាទី​តាំង​អភិវឌ្ឍ​ថ្មី​”។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​បង្ហាញ​ ពី​ភាព​សុទិដ្ឋិនិយម​នៅក្នុង​វិស័យ​សំណង់​នេះ​ថា​ លោក​សាទរ​ទៅ​នឹង​កំណើន​ និង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ ហើយ​វា​នៅតែ​បន្ត​រីកចម្រើន​បន្ថែម​ទៀត​ ខណៈ​ដែល​កម្ពុជា​ គឺជា​ចំណុច​គោលដៅ​នៃ​ការ​វិនិយោគ​ ពីសំណាក់​ក្រុមហ៊ុន​អន្តរជាតិ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​អចលនទ្រព្យ​។

លោក​បន្ត​ថា​ “ភាព​រីកចម្រើន​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ ត្រូវ​បាន​បណ្តា​ប្រទេស​មួយចំនួន​លើកយក​ទៅ​ធ្វើ​បទ​បង្ហាញ​ និង​កោតសរសើរ​នៅក្នុង​កិច្ចប្រជុំ​រួម​ស្ដីពី​ទីផ្សារ​អចលនទ្រព្យ​សាកល​”។ លោក​បាន​បន្ត​ទៀត​ថា​ “ភាព​រីកចម្រើន​ទាំងនេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ទៀត​ ដោយ​នៅ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ ដែល​បង្ហាញ​ពី​ឱនភាព​នៅឡើយ​នោះ​ទេ​។

លោក​សុ​ខនី​មបាន​បន្ថែម​ថា​ មិនថា​ឆ្នាំនេះ​ ឬឆ្នាំក្រោយ​បន្ត​ទៀត​នោះ​ទេ​ វិស័យ​សំណង់​នៅ​កម្ពុជា​ នៅតែ​រឹងមាំ​ល្អ​ ព្រោះ​មុន​ពេល​ចាប់ផ្តើម​គម្រោង​សាងសង់​អ្នក​វិនិយោគ​គេ​បាន​សិក្សា​យ៉ាង​លម្អិត​ ពី​ស្ថានការណ៍​នៃ​ការ​វិនិយោគ​ ទាំង​វិស័យ​សេដ្ឋកិច្ច​ ទាំង​សន្តិសុខ​សង្គម​ ទាំង​បរិបថ​នយោបាយ​ក្នុង​ប្រទេស​ ដោយ​ពួកគេ​មិន​យក​ទុន​រាប់​សិប​លាន​ដុល្លារ​មក​ធ្វើការ​វិនិយោគ​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មាន​គម្រោង​តូច​-ធំ​សរុប​ចំនួន៥២៥គម្រោង​ ដែល​គិតជា​ទឹកប្រាក់​មាន​ទុន​វិនិយោគ​ចំនួន​ ជាង១១៧៣លាន​ដុល្លារ​ កើនឡើង៣៩ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុន​ ដែល​វិស័យ​សំណង់​ មាន​គម្រោង​ត្រឹមតែ៣៣០គម្រោង​ប៉ុណ្ណោះ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង៨៤៣លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here