កម្ពុជា​-កូរ៉េ​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អាកាសចរ​ស៊ីវិល​កាន់តែ​ប្រសើរ​ថែមទៀត​

0

ដោយ​ រ៉ា​ណេត​

កូរ៉េ​ខាង​ត្បូងៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​សាធារណៈ​រដ្ឋ​កូរ៉េ​បាន​លើក​កិច្ចប្រជុំ​ទ្វេរ​ភាគី​ ដើម្បី​រក​វិធីសាស្ត្រ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង២​ លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

នៅក្នុង​ឱកាស​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី៧​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សកល​ កាលពី​ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ លោក​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ដោយមាន​វត្តមាន​ចូលរួម​ផង​ដែរ​ពី​លោក​ ឡុង​ ឌី​ម៉ង់​ ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ បាន​ចូលរួម​ប្រជុំ​ទ្វេភាគី​ ជាមួយ​ លោក​ផាក​ ស៊ុន​ហូ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ លើ​វិស័យ​អាកាសចរ​ស៊ីវិល​។

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​លើកឡើង​អំពី​ភាព​រីកចម្រើន​នៃ​វិស័យ​អាកាសចរ​ស៊ីវិល​នៅ​កម្ពុជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លើក​បង្ហាញ​អំពី​កត្តា​ប្រឈម​មួយចំនួន​ ដែល​តម្រូវ​ឱ្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ តាមរយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​ដកស្រង់​បទ​ពិសោធ​ន៍​ល្អ​ៗ ពីសា​ធារ​ណរដ្ឋ​កូរ៉េ​ ជាពិសេស​ស្រប​ពេល​ដែល​វិស័យ​អាកាសចរ​ស៊ីវិល​កូរ៉េ​ កំពុងតែ​មានការ​រីកចម្រើន​ជាលំដាប់​ប្រកបដោយ​និរន្តរភាព​។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​លើ​សំណើ​សំ​ខាន់​ៗចំនួន៣​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា​ដូចជា​ ទី១​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ពង្រឹង​សមត្ថភាព​គ្រូបង្គោល​បន្ថែម​ទៀត​ របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​កម្ពុជា​ ដែល​បាន​ចាប់ផ្តើម​ដំណើរការ​បង្រៀន​ តាំងពី​ឆ្នាំ២០១៧​ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ (KOICA​)។

ទី២​. ជំនួយ​បច្ចេកទេស​ លើ​ការ​ដាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ​ សម្រាប់​ការគ្រប់គ្រង​ តាមដាន​ សុវត្ថិភាព​អាកាសចរ​ស៊ីវិល​ និង​ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សុវត្ថិភាព​អាកាសចរណ៍​ (Safety​ Oversight​ Management​ and​ Safety​ Management​ Information​ System​)។ ទី៣​ ជំរុញ​និង​ស្វែងរក​គ្រប់​លទ្ធភាព​ ដើម្បី​បង្កើន​ការហោះហើរ​រវាង​ប្រទេស​ទាំងពីរ​ ដោយ​អង្កេត​ឃើញថា​ ភ្ញៀវ​ទេសចរណ៍​ពី​កូរ៉េ​ ទៅ​ទស្សនា​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​បន្តិច​ បើ​ប្រៀបធៀប​ជាមួយ​ភ្ញៀវ​ទេសចរណ៍​ ពី​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​។

លោក​ផាក​ ស៊ុន​ហូ​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹកជញ្ជូន​កូរ៉េ​ បាន​លើកឡើង​ថា​ កម្ពុជា​ កូរ៉េ​ ជា​ប្រទេស​ដែល​មាន​កិច្ចសហការ​ល្អជា​មួយ​គ្នា​ជាយូរមកហើយ​ ទាំង​វិស័យ​កា​ទូត​ និង​វិស័យ​ពាណិជ្ជកម្ម​ ។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ទទួលយក​សំ​ណើរ​ ដើម្បី​ដាក់​ជូន​ក្រុម​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ ក៏ដូចជា​ប្រមុខ​ថ្នាក់ដឹកនាំ​ដើម្បី​ឈាន​ដល់​ការសម្រេច​រួម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here