ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្ទុយស្រឡះពីបណ្តាប្រទេសជិតខាងមួយចំនួន ដែលកំពុងតែជួបសភាពទ្រឹងទៅលើវិស័យនៃការជួលអគារការិយាល័យ ក្នុងកំណើនគិតជាមធ្យម ០.៩ភាគរយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ សម្រាប់ទីផ្សារការិយាល័យនៅកម្ពុជានៅតែមានសញ្ញាល្អ ដែលអាចរក្សាភាពរឹងមាំនៅក្នុងវិស័យមួយនេះដដែល។
មានការលើកឡើងស្រដៀងគ្នាថា ចំពោះវិស័យនៃការជួលអគារការិយាល័យនៅលើទីផ្សារកម្ពុជាគិតត្រឹមចុងឆ្នាំ២០១៩នេះ នៅតែអាចរក្សាបានភាពរឹងមាំដដែលដោយមិនទាន់មានសញ្ញាបង្ហាញពីក្ដីបារម្ភនោះឡើយ បើទោះជានៅតាមបណ្តាប្រទេសជាច្រើនស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែជួបភាពប្រឈម ស្ថិតនៅក្នុងសភាពទ្រឹង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ទំហំនៃការិយាល័យសម្រាប់នៅកម្ពុជា នៅត្រឹមឆមាសទី១ឆ្នាំ២០១៨ មានទំហំ៣២០, ៩០០ម៉ែត្រការ៉េ និងបានបន្តឡើងដល់ចំនួន៣៤០,១០០ ម៉ែត្រការ៉េនៅចុងឆ្នាំ២០១៨។ ដោយឡែកនៅត្រឹមចុងឆមាសទី១ឆ្នាំ២១០៩ កំណើននៃទំហំផ្គត់ផ្គង់ការិយាល័យមានចំនួន ៣៥៩,៣០០ ម៉ែត្រការ៉េ។
អ្នកជំនាញស្រាវជ្រាវជាន់ខ្ពស់ ផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុនអន្តរជាតិ CBRE កញ្ញា គឹម គិនកេសា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ កញ្ញានេះថា សម្រាប់តែទីផ្សារនៃការជួលអគារការិយាល័យនៅកម្ពុជា មិនថាពេលនេះ ឬរហូតដល់ដំណាច់ឆ្នាំ២០១៩នោះទេ គឺនៅតែមានភាពល្អប្រសើរដដែល។
កញ្ញាបានបន្តទៀតថា “តាមការសិក្សាបានបញ្ជាក់ថា សកម្មភាពនៃតម្រូវការជួលការិយាល័យនៅតែបន្តភាពល្អប្រសើរ និងនៅតែបន្តភាពរឹងមាំដដែល ខុសពីវិស័យផ្សេងទៀត”។ កញ្ញាបានបញ្ជាក់ថា “ការជួលការិយាល័យ ខុសពីការជួលផ្ទះសម្រាប់ស្នាក់នៅ ឬជាអគារសម្រាប់បើកប្រកបអាជីវកម្ម ដែលសុទ្ធតែអាចជួលក្នុងរយៈពេលខ្លីនោះឡើយ”។
កញ្ញាបានបន្តទៀតថា សម្រាប់ឆ្នាំ២០១៩នេះ កាន់តែមានភាពល្អជាងកាលពីឆ្នាំកន្លងទៅនោះទៀត ខណៈដែលតម្រូវការនៃការជួលនៅមានចំនួនច្រើន ហើយទីផ្សារនៃការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ ហើយការខ្វះខាតនេះអាចបន្តរហូតដល់ចុងឆ្នាំ២០២០-២០២២ ។ ប៉ុន្តែវាអាចពាក់ព័ន្ធទៅនឹងតម្លៃនៃការជួល នៅពេលដែលមានការផ្គត់ផ្គង់ថ្មីបន្ថែមទៀត ចូលមកធ្វើការប្រកួតប្រជែងនៅលើទីផ្សាររួមជាមួយគ្នា”។
យោងតាមរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុន Knight Frank បានបង្ហាញថា ទីផ្សារការិយាល័យកម្រិតមធ្យមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើតប្រមាណ០.៩ ភាគរយ នៅឆមាសទី១ ឆ្នាំ ២០១៩ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ទីផ្សារការិយាលនៅក្នុងទីក្រុងសំខាន់ៗរបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំងនៅប្រចាំត្រីមាសបំផុត នៅអាស៊ីប៉ាស៊ីហ្វិកដោយក្នុងនោះទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងហុងកុងធ្លាក់ចុះ ១,៦ភាគរយ ១,១ភាគតយ ហើយទីក្រុងហុងកុងធ្លាក់ចុះ ១,១ភាគរយ ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ នេះ។

ទីក្រុងតូក្យូ ទីក្រុងបាងកក និងទីក្រុងសឹង្ហបូរីបានប្រកាសពីការជួលការិយាល័យឈានមុខគេជាង១០ភាគរយនៅចន្លោះត្រីមាសទី២ ឆ្នាំ២០១៨ និងត្រីមាសទី២ឆ្នាំនេះ។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងថា បើមើលតាមភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃខាងមុខក្នុងរយៈពេលខ្លី មិនថាវិស័យសំណង់ ឬការជួលអគារការិយាល័យនៅតែមិនមានអ្វីដែលគួរព្រួយបារម្ភនោះទេ។ លោកបានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានការរីកចម្រើនក្នុងវិស័យមួយនេះក្រោយគេ និងកំពុងតែចាប់ផ្តើមរីកលូតលាស់ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ខណៈដែលប្រទេសជិតខាង ដូចជាប្រទេសម៉ាឡេស៊ី និងថៃ បានដើរផុតរួមទៅហើយនោះ។
លោកបានបន្តទៀតថា “តម្រូវការនៃការជួលអគារនេះ បើប្រៀបទៅនឹងប្រទេសគេ គឺយើងនៅតែមានឱកាសល្អ និងបន្តដំណើរវិវត្តទៅមុខទៀត”។ លោកបន្តថា “កាលពីមុនអ្នករកស៊ី អ្នកវិនិយោគដែលបើកក្រុមហ៊ុន ភាគច្រើនតែងយកអគារ ឬផ្ទះរបស់ខ្លួនឯងធ្វើជាការិយាល័យ (ផ្ទះល្វែង ឬ វីឡាខ្នាតមធ្យម) ដែលវាមិនមែនត្រូវនឹងស្ដង់ដារនោះឡើយ”។ លោកបន្តថា “បច្ចុប្បន្ននេះក្រុមហ៊ុនក្នុងស្រុក ដែលកំពុងព្យាយាមពង្រីកខ្លួនឱ្យកាន់តែធំ និងបង្ហាញពីឥទ្ធិពលក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិ ដូច្នេះចាំបាច់ក្រុមហ៊ុនត្រូវតែមានកម្រិតស្ដង់ដា ជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះស្រាប់ ដែលបណ្តាក្រុមហ៊ុនខ្នាតធំនានាកំពុងតែអនុវត្ត”។
បើទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ភាពល្អប្រសើរនៃតម្រូវការជួលនៅតែមានទីផ្សារល្អ ឬយ៉ាងណានោះ វាអាស្រ័យទៅនឹងរយៈពេល និងកំណើននៃការផ្គត់ផ្គង់នៅថ្ងៃខាងមុខ ដោយគេមិនអាចព្យាករណ៍ឱ្យប្រាកដបាននោះឡើយ៕






