ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់ចិនកំពុងសិក្សាបណ្តាញផ្លូវរថភ្លើង សំរាប់ជម្រើសចំនួន៣ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្តាតមរតកតេជោ ស្ថិតនៅតំបន់ទីក្រុងរណបតេជោមរកតនាសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាកម្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ កញ្ញាកន្លងមកថា ពិតហើយបច្ចុប្បន្ននេះក្រុមហ៊ុនចិនកំពុងសិក្សាលើបណ្តាញរថភ្លើងចំនួនបី ទី១ រថភ្លើងអាកាសធុនស្រាល (AGT) ទី២ ប្រភេទ Metro ក្រោមដី និងទី៣ ប្រភេទ Metro ក្រោមទឹក ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្តាតមរតកសម្តេចតេជោ ដែលការសិក្សានេះអាចចំណាយពេលមួយឆ្នាំទៀត។
-->
លោកបន្តថា “គំរោងនេះជាគំរោងចាយលុយច្រើន ដែលខ្ញុំមិនដឹងថាគំរោងនេះនឹងអាចសាងសង់ទាន់ពេល ដែលកម្ពុជារៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ឬអត់ឡើយ”។លោកបន្តថា “ការសិក្សាចប់ វាត្រូវការថវិកាច្រើន ហេតុនេះគំរោងនេះត្រូវដាក់ឆ្លងរដ្ឋភិបាលសម្រេច ដើម្បីស្វែងរកថវិកាមកវិនិយោគឬសាងសង់គំរោងនេះ”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា តាមអ្វីដែលលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនចង់បាន គឺចង់ឲ្យមានការសាងសង់ប្រភេទ Metro ជាជាងសាងសង់រថភ្លើងលើអាកាស។ ប៉ុន្តែអ្វីៗវាអាស្រ័យលើប្រភពថវិកាថាយើងយើងយកពីណាមក?។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំមុន ធ្លាប់បានមានប្រសាសន៍បង្ហើប ពីគំរោងសាងសង់ផ្លូវក្រោមទន្លេ ប៉ុន្តែសម្តេចមិនបញ្ជាក់លំអិតថានឹងធ្វើចេញពីតំបន់ណាទៅតំបន់ណា និងគ្រោងចំណាយថវិកាប៉ុន្មាននៅឡើយទេ៕