ដោយៈ រ៉ាណេត
កំពតៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់ឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣និងលេខ៣៣ ឲ្យស្ថាបនាបញ្ចប់គំរោងដំណាក់កាលទី១នៅចុងឆ្នាំ២០១៩នេះ។

ដោយៈ រ៉ាណេត
កំពតៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់ឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៣និងលេខ៣៣ ឲ្យស្ថាបនាបញ្ចប់គំរោងដំណាក់កាលទី១នៅចុងឆ្នាំ២០១៩នេះ។

នៅក្នុងដំណើរចុះត្រួតពិនិត្យសកម្មភាព និងលទ្ធផលក្នុងការសាងសង់ផ្លូវជាតិលេខ៣៣ ពីកែបឆ្ពោះមកខេត្តកំពត និងផ្លូវជាតិលេខ៣ តភ្ជាប់ពីខេត្តកំពតទៅដល់តំបន់វាលរិញឆ្ពោះទៅកាន់ខេត្តព្រះសីហនុលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជំរុញឲ្យក្រុមហ៊ុនស្ថាបនាផ្លូវនេះត្រូវតែបញ្ចប់ការសាងសង់ និងអាចប្រើប្រាស់បានជាបណ្តោះអាសន្ន ប្រកបដោយគុណភាពនៅត្រឹមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះជាកំហិត។
ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ដាច់ខាតនៅត្រឹមខែធ្នូខាងមុខនេះ ក្រុមហ៊ុនសាងសង់ផ្លូវទាំង២ខ្សែខាងលើនេះ ដែលមានចម្ងាយប្រវែង២០គីឡូម៉ែត្រ ត្រូវតែបញ្ចប់ការសាងសង់ឱ្យរួចរាល់ និងអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពជាបណ្តោះអាសន្ន”។
លោកបន្តទៀតថា ការជំរុញ និងកំណត់ពេលវាលានៃការសាងសង់នេះ ក៏ព្រោះតែត្រៀម និងរៀបចំប្រាព្វពិធីបុណ្យសមុទ្រនៅត្រឹមខែធ្នូ ឆ្នាំ២០១៩ ជាពិសេសត្រៀមរៀបចំការប្រណាំងកង់អន្តរជាតិ លំដាប់ពិភពលោកលើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្វឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។
លោកស៊ុន ចាន់ថុលបានបន្តទៀតថា ការបញ្ចប់ការសាងសង់នៅត្រឹមខែធ្នូនេះមិនមែនជាការបញ្ចប់គម្រោងសាងសង់ទាំងស្រុងនោះទេ ពោលគឺគ្រាន់តែជាការស្ថាបនាប្រើប្រាស់ជាបណ្តោះអាសន្ន ដែលចាំបាច់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិទាំង២នេះ ក្រុមហ៊ុនត្រូវតែឈូសឆាយ និងធ្វើការសាងសង់ជាថ្មីឡើងវិញ ដោយដាច់ខាតត្រូវតែធ្វើឡើងស្របតាមបច្ចេកទេស មានគុណភាពខ្ពស់ទៅតាមគោលការណ៍ដែលបានព្រមព្រៀង។
លោកបានបញ្ជាក់ថា “សម្រាប់ផ្លូវជាតិលេខ៣ចេញពីខេត្តកំពត ទៅភ្នំពេញចម្ងាយផ្លូវ១២០គីឡូម៉ែត្រត្រូវតែរួចរាល់ ហើយក្រៅពីនេះចំពោះផ្លូវដីក្រុមហ៊ុនត្រូវធ្វើការបាញ់ទឹកឱ្យបានញឹកញាប់ជាប់ជាប្រចាំកុំឱ្យហ៊ុយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំផងដែរ”។

អ្នកជំនាញសាងសង់ផ្លូវបានបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៣៣ ដែលមានចម្ងាយ២០គីឡូម៉ែត្រ មានការផលវិបាក និងឧបសគ្គក្នុងការសាងសងច្រើន ដោយសារតែសភាពដីនៅផ្លូវជាតិនេះទន់ និងជ្រាយខ្លាំង ដែលតម្រូវជីកយកដីស្អុយចេញរហូតដល់ជម្រៅ១៨ម៉ែត្រចុះក្រោម និងតម្រូវចំណាយថវិកាច្រើន។ ជាដំណោះស្រាយ ក្រុមហ៊ុន និងអ្នកបច្ចេកទេសបានពិភាក្សាជាមួយរដ្ឋាភិបាល ដោយជ្រើសរើសយកវិធីសាស្ត្រចាក់ដីថ្មី និងថ្ម លើកកម្ពស់បន្ថែមពីលើថ្នល់ចាស់៨តឹក ដែលអាចមានគុណភាពប្រើប្រាស់យ៉ាងតិចបាន៥ឆ្នាំក្រោយការសាងសង់៕