ផ្លូវថ្នល់​ចំនួន​ ៤៦ខ្សែ​ នៅ​ខេត្ត​ចំនួន១១​ កំពុង​ជួប​ភាព​លិចលង់​ និង​ប្រឈម​ការខូចខាត

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ​ឥទ្ធិពល​នៃ​គ្រោះ​ជំនន់​ទឹកភ្លៀង​ និង​ទឹកទន្លេ​មេគង្គ​ បាន​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ស្ទើរ​ទូទាំង​ប្រទេស​ ជួបនឹង​ភាព​ខូចខាត​ជាច្រើន​ ដែល​ក្នុង​នោះ​ ខេត្ត​ ក្រុង​ ចំនួន១១​ កំពុងតែ​ប្រឈម​ និង​ទាមទារ​ឱ្យ​មានការ​ស្ដារ​ និង​ជួសជុល​ឡើងវិញ​ជាចាំបាច់​។

គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ស្ថិតិ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញថា​ ខេត្ត​ / ក្រុង​ចំនួន​ ១១​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ កំពុងតែ​ជួប​ភាព​លិចលង់​ និង​ធ្វើ​ឱ្យ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​មានការ​ខូចខាត​ ដែល​តម្រូវ​ឱ្យ​មានការ​ជួសជុល​ និង​ស្ដារ​ឡើងវិញ​ជាចាំបាច់​បន្ទាប់​ចប់​រដូវ​កាល​ទឹក​តម្លើង​នេះ​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ បាន​មានប្រសាសន៍​ថា​ គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ មាន​ ខេត្ត​ / ក្រុង​ ចំនួន១១ហើយ​ ដែល​កំពុងតែ​ជួប​បញ្ហា​លិខ​លង់​ និង​ខូចខាត​ផ្លូ​ថ្នល់​។

ខេត្ត​ /ក្រុង​ទាំង១១​ ដែល​កំពុង​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ រួមមាន​ដូចជា​ផ្លូវថ្នល់​ និង​ស្ពាន​ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ និង​ទឹកទន្លេ​ខាងលើ​នេះ​មាន​ដូចជា​ ខេត្តមណ្ឌលគីរី​ ខេត្ត​រតនៈ​គីរី​ ខេត្តក្រចេះ​ ខេត្ត​ស្ទឹងត្រែង​ ខេត្តព្រះវិហារ​ ខេត្ត​កំពង់ឆ្នាំង​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​កំពង់ស្ពឺ​ ខេត្តកំពត​ ខេត្ត​កែប​ និង​ខេត្តកោះកុង​។

លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​ថា​ “ភាព​ប្រឈម​នៃ​ខេត្ត​ទាំង១១ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ មាន​បណ្តាញ​ផ្លូវ​សរុប​ចំនួន៤៦ខ្សែ​ ត្រូវ​បាន​លិច​ និង​ខូចខាត​ ដែល​មាន​ប្រវែង​សរុប​ប្រមាណ​ជាង៦០គីឡូម៉ែត្រ​”។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រុមការងារ​ជំនាញ​បាន​ចុះ​ធ្វើសកម្មភាព​អន្តរាគមន៍​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​រីករាយ​ដាល​កាន់តែ​ធ្ងន់ធ្ងរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ជំហាន​ និង​ការ​ចង្អុលបង្ហាញ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ពេលនេះ​ក្រុង​អ្នកជំនាញ​បាន​ធ្វើការ​ស្រោចស្រង់​ និង​ស្ដារ​ប្រព័ន្ធ​លូ​ ប្រឡាយ​ និង​សាងសង់​ប្រពន្ធ​រំដោះ​ទឹកភ្លៀង​ និង​កខ្វក់​ ក្នុង​ខេត្ត​ និង​ក្រុង​ព្រះសីហនុ​ ក្រោម​ការ​ផ្តល់​ថវិកា​ពី​រដ្ឋាភិបាល​ចំនួន​ ១០០លាន​ដុល្លារ​ រួម​ជាមួយ​ថវិកាបដិភាគ​របស់​វិស័យ​ឯកជន​ចំនួន៤០០លាន​ដុល្លារ​”។

នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​ និង​ស្តារ​ផ្លូវជាតិ​លេខ៣​ និង​ផ្លូវ៣៣​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ភ្ជាប់​ទៅ​នឹង​គ្រោះ​ទឹកជំនន់​ដែល​កំពុង​បង្ក​ឱ្យ​មានការ​ខូចខាត​ផ្លូវ​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅតាម​បណ្តា​ខេត្ត​ទាំង១១ខាងលើ​នេះ​ រដ្ឋាភិបាល​ បាន​ត្រៀម​ឧបករណ៍​ គ្រឿងចក្រ​ រួម​ជាមួយ​ថវិកាបម្រុង​រួល​រាល់​សម្រាប់​ស្ដារ​ និង​ជួល​ជុល​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​រដូវ​ទឹក​តម្លើង​នេះ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​។

លោក​ទេស​រដ្ឋមន្ត្រី​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បើ​ទោះជា​រដ្ឋាភិបាល​បាន​ជំរុញ​ និង​ខិតខំ​កសាង​ និង​ស្ដារ​ផ្លូវថ្នល់​ឱ្យ​ល្អ​យ៉ាងណាក៏ដោយ​ ក៏​ចាំបាច់​ត្រូវតែ​មានការ​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ និង​អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ទាំងអស់គ្នា​ក្នុង​ការ​ថែរក្សា​ជា​សម្បត្តិ​រួម​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា​ ផ្លូវថ្នល់​ដែល​អាច​ប្រើជា​ប្រយោជន៍​ក្នុងរយៈពេល​ពេល​យូរ​ និង​មានគុណ​ភាពល្អ​ ត្រូវ​ពឹងផ្អែក​ទៅលើ៤​ចំណុច​ ទី១​ ការសាងសង់​ត្រូវ​បាន​ប្រាកដ​ថា​ធ្វើឡើង​ស្របតាម​បច្ចេកទេស​ ទី២​ ចៀសវាង​ការ​ជញ្ជូន​លើស​ទម្ងន់​ ទី៣​ មានការ​ចូលរួម​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​ល្អ​ ហើយ​ទី៤​ ការពារ​កុំឱ្យ​មាន​ទឹកហូរ​កាត់​ ដោយ​ត្រូវ​បាន​មាន​ប្រឡាយ​នៅអម​ទាំង​សង់​ខាង​ជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here